សង្គម​ស៊ីវិល​ជាង​១០០​ ស្នើ​រដ្ឋាភិបាល​ឲ្យ​អន្តរជាតិ​ចូល​រួម​ស៊ើប​អង្កេត​ឃាតកម្ម​បណ្ឌិត កែម ឡី

  • 2017-07-09 03:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន សម្រេច​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅថ្ងៃទី៨កក្កដា ស្នើ​ដោយ​ទទូច​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​ឃាតកម្ម​បណ្ឌិត កែម ឡី ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ​អន្តរជាតិ។ សំណើ​នេះ ធ្វើឡើង​មុន​២ថ្ងៃ​ នៃ​ខួប​គម្រប់១​ឆ្នាំ នៃការ​បាញ់​សម្លាប់​លោក បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី១០ កក្កដា ២០១៦។

​ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ដែល​ជា​សមាជិក​នៃ​ក្រុម​សង្គម​ស៊ីវិល​ដែល​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​នេះ ឲ្យ​ដឹង​បន្ថែម​ពី​សេចក្ដី​ថ្លែងការណ៍​នេះ​ថា មាន​តែ​មធ្យោបាយ​ស៊ើប​អង្កេត​ឯករាជ្យ និង​មាន​ការ​ចូលរួម​ពី​អន្តរជាតិ​ទេ ទើប​អាច​រក​យុត្តិធម៌​ជូន​លោក កែម ឡី បាន។ លោក​យល់​ថា ប្រសិន​រដ្ឋាភិបាល​កម្ពុជា មាន​ឆន្ទៈ​ស៊ើបអង្កេត​ករណី​ឃាតកម្ម លោក កែម ឡី  ត្រូវ​តែ​ឲ្យ​មាន​ការ​ចូលរួម​ពី​អន្តរជាតិ ឬ​ UN។

​ក្រៅ​ពី​សំណូមពរ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​អន្តរជាតិ។ ក្រុម​សង្គម​ស៊ីវិល​សំណូមពរ​ឲ្យ​ផ្ដល់​ភស្តុតាង​ពេញលេញ រាប់​ទាំង​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព ដែល​បង្ហាញ​ពី​ដំណើរ​រឿង​នៃ​ឃាតកម្ម​នេះ។

ទាក់ទង​ការ​លើក​ឡើង​នេះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា ផ្អែក​លើ​ច្បាប់​ព្រហ្មទណ្ឌ​របស់​កម្ពុជា និង​ដែន​អធិបតេយ្យ​ក្នុង​នាម​ជា​រដ្ឋ​មួយ មិន​អាច​អនុញ្ញាត​ឲ្យ​​បរទេស​លូកដៃ​ស៊ើបអង្កេត​ករណី​លោក កែម ឡី បាន​ទេ។ លោក​ពន្យល់​ថា ការ​ធ្វើ​បែប​នេះ ស្មើ​នឹង​ដាក់​ប្រទេស​កម្ពុជា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ពី​បរទេស​សា​ជា​ថ្មី៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;