សភា​ទាំង២​ថ្នាក់ ផ្ញើសារ​ទៅ​ព្រឹទ្ធសភា​អាមេរិក ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា

  • 2017-11-26 03:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សភា​កម្ពុជា ដែល​រួម​មាន ព្រឹទ្ធសភា និង​រដ្ឋ​សភា បានចេញ​សេចក្តី​ថ្លែងការណ៍​រួម កម្រាស់ ៣​ទំព័រ ស្តីពី​លទ្ធិ​ប្រជា​ធិបតេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា ជូន​មជ្ឈដ្ឋាន​សភា​អន្តរជាតិ ពិសេស​ព្រឹទ្ធសភា​អាមេរិក ដែលបាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ស្ថានការណ៍​នៅ​កម្ពុជា។

រដ្ឋសភា
សេចក្តី​ថ្លែងការណ៍​រួម​របស់​សភា​កម្ពុជា ចេញ​ផ្សាយ​នៅថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ បាន​លើកឡើង ៩​ចំណុច ដោយក្នុង​នោះ​សភា​កម្ពុជា បាន​បកស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ខ្លួន​លោក កឹម សុខា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បិទ​សារព័ត៌មាន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។
ព្រឹទ្ធសភា

ពាក់ព័ន្ធ​ករណី​លោក កឹម​ សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែលត្រូវ​បាន​ចាប់ខ្លួន​ពីបទ ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃុបឃិត​ជាមួយ​បរទេស ធ្វើ​វិទ្ធង្សនា​ចង់ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ ត្រូវបាន​សភា​លើកឡើងថា គឺមកពី​លោក ត្រូវ​ទទួល​ការ​ចោទ​ប្រកាន់​តាម​បញ្ញត្តិ​នៃ​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​កម្ពុជា។ បញ្ហា​នេះ ក៏​មិន​ខុស​ពី​ករណី​របស់​លោក Paul Manafort និង​សហការី​របស់​គាត់ នៅ​សហរដ្ឋ​អាមេរិក​ដែរ។

លោក កឹម សុខា ក្នុងអំឡុងពេលថ្លែងទៅកាន់អ្នកកាសែត មុខសាលាដំបូងរាជធានីភ្នំពេញ

ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​កំពូល បាន​សម្រេច​កាល​ពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក៏ត្រូវ​បាន​សភា លើកឡើង​ថា នៅក្នុង​ព្រឹទ្ធ​សភា​កម្ពុជា បច្ចុប្បន្ន​មាន​គណបក្ស​នយោបាយ​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ភ្លើង​ទៀន។ នៅក្នុង​ពេល​ដ៏ខ្លី​ខាងមុខ​នេះ រដ្ឋសភា​កម្ពុជា នឹង​មាន​វត្តមាន​នៃ​គណបក្ស​នយោបាយ​មួយ​ចំនួន​ថ្មី​ទៀត ក្នុង​ចំណោម​គណបក្ស​នយោបាយ ដែលបាន​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ស្រប​ទៅតាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។

ក្បួនដង្ហែគណបក្សសង្គ្រោះជាតិ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧

សេចក្តី​ថ្លែងការណ៍ បាន​គូស​បញ្ជាក់​ថា លក្ខខណ្ឌ​នៃ​សភា​ពហុ​បក្ស នៅតែ​បន្ត​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​កម្ពុជា ហើយគ្មាន​នរណា​ម្នាក់ អាចនិ​យាយជា​មុន​បាន​ថា ស្ថានភាព​របស់​កម្ពុជា នាពេល​អនាគត នឹង​អាក្រក់ ឬ​ល្អ ជាង​ស្ថានភាព​ពេល​អតីតកាល​ឡើយ ដរាបណា​គណបក្ស​ចាស់ និង​គណបក្ស​ថ្មី ក្នុង​សភា​ជាតិ យល់ច្បាស់​អំពី “ប្រជាធិបតេយ្យ​ពិត​ប្រាកដ” និង​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ​ខ្មែរ​ជា​ចម្បង មិន​ឃុបឃិត​ជាមួយ​បរទេស​ខុសច្បាប់។

ពាក់ព័ន្ធ​នឹង​វិទ្យាស្ថាន NDI ការ​បញ្ឈប់​ការផ្សាយ​របស់​វិទ្យុ RFA និង​វិទ្យុ VOA ព្រម​ទាំង​កាសែត The Cambodia Daily ត្រូវបាន​សភា​កម្ពុជា លើកឡើង​ថា ដោយសារ​តែ​ស្ថាប័ន​ទាំងនេះ បំពាន​ច្បាប់​នៅ​កម្ពុជា និង​បញ្ឈប់​សកម្មភាព​ខ្លួនឯង ដើម្បី​គេចពី​កាតព្វកិច្ច​ពន្ធដារ៕

អតិថិជន ជាវកាសែត Cambodia Daily នៅថ្ងៃចេញផ្សាយចុងក្រោយ

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;