បឹង​កេត ស៊ុត​តាម​ស្មើ Sanna Khanh Hoa BVN បួន​ដង ក្នុង​ជើង​ទី១ TMCC

  • 2017-12-09 12:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ជើង​ទី១ ពានរង្វាន់ Toyota Mekong Club Championship 2017 បាន​បញ្ចប់​ទៅ​នៅ​ទឹកដី​ប្រទេស​វៀតណាម ដោយ​ក្រុម​ភ្ញៀវ​បឹងកេត អាច​រក​គ្រាប់​តាម​ស្មើ​រហូត​ដល់ ៤​ដង រាល់​ពេល​ដែល​ក្រុម​ម្ចាស់ផ្ទះ Sanna Khanh Hao BVN រក​គ្រាប់​នាំ​មុខ ដោយ​លទ្ធផល​បញ្ចប់​គឺ ៤-៤។ ក្នុង​នោះ កីឡាករ ២​នាក់ រក​បាន​ហ៊ែតទ្រីក (៣​គ្រាប់) ដូច​គ្នា។

គ្រាប់​បាល់​ដំបូង ក្នុង​ការ​ប្រកួត​នេះ កើត​ឡើង​នៅ​នាទី៨ ដែល​ក្រុម Sanna Khanh Hoa BVN ស៊ុត​បញ្ចូល​ដោយ​កីឡាករ Le Duy Thanh។ នៅ​៦នាទី​ចុងក្រោយ​នៃ​តង់​ទី​មួយ ក្រុម​ទាំង​ពីរ រក​បាន​ម្នាក់១ គ្រាប់ ដោយ Maycon រក​ស៊ុត​ប៉េណាល់ទី​តាម​ស្មើ​ឲ្យ​បឹងកេត នៅ​នាទី​៣៩ មុន​កីឡាករ Toure Youssouf បន្ថែម​គ្រាប់​ទី​ពីរ ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ។

​គ្រាន់​តែ​ចាប់ផ្ដើម​បាន ៣នាទី​ក្នុង​តង់​ទី​ពីរ Maycon ដដែល​បាន​រក​គ្រាប់​តាម​ស្មើ​ម្ដង​ទៀត​ឲ្យ​បឹងកេត។ ប៉ុន្តែ Toure Youssouf បាន​បន្ថែម​គ្រាប់​ទី៣ សម្រេច​ដោយ​ការ​ស៊ុត​ពី​ក្រៅ​ប្រអប់ រំលង​ដៃ អ្នកចាំទី ស៊ូ យ៉ាទី​។

Julius ដែល​ប្ដូរ​ចូល​ក្នុង​តង់​ទី​ពីរ បាន​ស៊ុត​រក​គ្រាប់​ទី៣ នៅ​នាទី​៨២ ឲ្យ​បឹងកេត តាម​ស្មើ​ជា​លើក​ទី៣ តែត្រឹម១នាទីក្រោយ​មក Toure Youssouf បាន​រកគ្រាប់ហ៊ែតទ្រីក និងជាគ្រាប់ទី៤ឲ្យ Sanna Khanh Hoa BVN។ គ្រាប់​ចុងក្រោយ និង​ជា​គ្រាប់​ទី៤ របស់​បឹងកេត ធ្វើ​បាន​ដោយ Maycon និង​ជា​គ្រាប់​ហ៊ែតទ្រីក​របស់​គេ​ផង​ដែរ នៅ​នាទី៨៧។

ការ​ប្រកួត​ជើង​ទី​ពីរ នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ក្រុម​ដែល​ឈ្នះ នឹង​ត្រូវ​ឡើង​ទៅ​ជួប​ក្រុម Lao Toyota របស់​ឡាវ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ នៅ​ទឹក​ដី​ប្រទេស​ឡាវ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;