ក្លឹប​របស់ CV11 និង​ក្លឹប ធារី នឹង​ប៉ះ​គ្នា​ក្នុង​ពាន​រង្វាន់​មួយ​នៅ​ពាក់​កណ្ដាល​ខែ​មករា​នេះ

  • 2018-01-04 02:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីបំផុត ការ​ទន្ទឹង​រង់ចាំ​របស់​អ្នកគាំទ្រ​ ដើម្បី​ចង់​ឃើញ​ការ​ប្រកួត​រវាង​ក្លឹប ដែល​កីឡាករ​កម្ពុជា បាន​ផ្លាស់​ទៅ​លេង​នៅ​ប្រទេស​ម៉ាឡេស៊ី នឹង​ក្លាយ​ជា​ការពិត នៅ​ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់ 2018 YAB Menteri Besar Terengganu's Cup ដែល​រៀបចំ​ដោយ​ក្លឹប​បាល់ទាត់ Terengganu FC នៅ​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៧ នៅ​កីឡដ្ឋាន Sultan Ismail Nasiruddin Shah Terengganu និង​កីឡដ្ឋាន Sultan Mizan Zainal Abidin រដ្ឋ Terengganu ប្រទេស​ម៉ាឡេស៊ី។

ព្រឹត្តិការណ៍​ខាងលើ នឹង​មាន​ការ​ចូលរួម​ពី​បណ្ដា​ក្លឹប​ធំ​ៗមួយ​ចំនួន​មក​លីគ​កំពូល​ម៉ាឡេស៊ី គឺ ម្ចាស់ផ្ទះ Terengganu FC, Pahang FA និង Melaka United ព្រម​ទាំង​ក្លឹប​មក​ពី​លីគ​លំដាប់​ទី​ពីរ​មួយ គឺ Terengganu FC II (ឈុត​ទី​ពីរ​របស់​ក្លឹប Terengganu FC)។ ការ​ប្រកួត​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៨។

ការ​ប្រកួត​នេះ មាន​ន័យ​ថា កីឡាករ​កម្ពុជា​ពីរ​រូប​គឺ ធារី ចន្ថាប៊ីន របស់​ក្លឹប Terengganu និង ចាន់ វឌ្ឍនាកា របស់ Pahang អាច​ជួប​គ្នា ក្នុង​ការ​ព្រឹត្តិការណ៍​នេះ ស្របពេល​ដែល​ក្លឹប​ទាំង​ពីរ​ត្រូវ​បាន​រាយការណ៍​ថា ពួកគេ​នឹង​យក​ការ​ប្រកួត​មិត្តភាព និង​ការ​ប្រកួត​ពានរង្វាន់ YAB Menteri Besar Terengganu's Cup ​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​គ្រប់​រូប​លេង​ និង​ជា​ការ​សិក្សា​ស្វែងយល់​ពី​កីឡាករ​រៀងៗ​ខ្លួន ត្រៀម​សម្រាប់​លីគ​កំពូល​ម៉ាឡេស៊ី រដូវ​កាល ២០១៨។

ចំពោះ​កាលបរិច្ឆេទ និងកម្មវិធីប្រកួត​ក្នុងព្រឹត្តិការណ៍ YAB Menteri Besar Terengganu's Cup ពិស្ដារ មិនទាន់​ត្រូវ​បាន​បញ្ជាក់​ពី​ក្លឹប Terengganu នៅ​ឡើយ​ទេ៕

អត្ថបទ​ពាក់ព័ន្ធ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;