វៀតណាម រកចំណូលពីការនាំចេញផលិតផលគ្រាប់ស្វាយចន្ទី បានច្រើនបំផុតមិនធ្លាប់មាន
- 2018-01-09 09:46:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម រកចំណូលពីការនាំចេញផលិតផលគ្រាប់ស្វាយចន្ទី បានច្រើនបំផុតមិនធ្លាប់មាន
ចន្លោះមិនឃើញ
វៀតណាម បានទទួលប្រាក់ចំណូលពីការនាំចេញផលិតផលសម្រេចនៃគ្រាប់ស្វាយចន្ទី ៣,៥២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ កើនឡើង ២៣,៨ភាគរយ បើធៀបនឹងឆ្នាំ២០១៦។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយថ្ងៃទី៩ មករា ២០១៨។
បើគិតបរិមាណនៃការនាំចេញ គឺ ៣៥,៣ម៉ឺនតោន កើនឡើង ១,៩ភាគរយ។ មូលហេតុដែលធ្វើឲ្យប្រាក់ចំណូលកើនឡើងច្រើនជាងបរិមាណ គឺដោយសារតម្លៃជាមធ្យមនៃផលិតផលគ្រាប់ស្វាយចន្ទី បានកើនឡើង ២២ភាគរយ (តម្រូវការកើនឡើង តែការផ្គត់ផ្គង់បានធ្លាក់ចុះនៅប្រទេសជាច្រើន)។
ទីផ្សារធំបំផុតនៃគ្រាប់ស្វាយចន្ទីវៀតណាម គឺសហរដ្ឋអាមេរិក (៣៥%) ហូឡង់ (១៥,៦%) និងចិន (១២,៩%)។ ចំណែកទីផ្សារជាច្រើនទៀត ក៏បន្តកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដូចជា រុស្ស៊ី (កើនឡើង ៥៦,៣%) ថៃ (កើនឡើង ៤១,៤%) និងចក្រភពអង់គ្លេស (កើនឡើង ២៤,៨%)។
សមាគមគ្រាប់ស្វាយចន្ទីវៀតណាម រំពឹងថាតម្រូវការនៃផលិតផលគ្រាប់ស្វាយចន្ទី នឹងបន្តកើនឡើងថែមទៀតនាឆ្នាំ២០១៨។ សមាគមនេះបញ្ជាក់ថា ក្រុមហ៊ុមកែឆ្នៃគ្រាប់ស្វាយចន្ទីវៀតណាម ចាំបាច់ត្រូវបន្តបង្កើនគុណភាព បង្កើនការផ្សព្វផ្សាយ ធ្វើយ៉ាងណាអាចរក្សាកេរ្តិ៍ឈ្មោះល្អនៅលើទីផ្សារសាកល។
គួរបញ្ជាក់ថា ទោះបីជាបច្ចុប្បន្នវៀតណាមជាប្រទេសដែលផលិត និងនាំចេញគ្រាប់ស្វាយចន្ទីធំបំផុតក្នុងលោក ប៉ុន្តែស្វាយចន្ទីដែលដាំក្នុងស្រុក គឺអាចផ្គត់ផ្គង់បានតែ ២០ ទៅ ៣៥ ភាគរយប៉ុណ្ណោះ។ ដើម្បីផ្គត់ផ្គង់ទីផ្សារនាំចេញ ក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីវៀតណាម បាននាំចូលគ្រាប់ស្វាយចន្ទីឆៅ ១,២លានតោន រយៈពេល ១១ខែ ក្នុងឆ្នាំ២០១៧ (ភាគច្រើនពីប្រទេសនៅអាហ្រ្វិក)។ បន្ថែមលើនេះ លោក Nguyen Duc Thanh ប្រធានសមាគមស្វាយចន្ទីវៀតណាម បានអះអាងថា សមាគមរបស់លោក បានសហការជាមួយក្រសួងកសិកម្មកម្ពុជា ដើម្បីដាំស្វាយចន្ទី ឲ្យបាន ៥០ម៉ឺនហិចតានៅកម្ពុជា ត្រឹមឆ្នាំ២០២២ ដើម្បីទទួលបានទិន្នផល ១លានតោន។ គ្រាប់ស្វាយចន្ទីដែលដាំបាន វៀតណាម នឹងទទួលទិញទាំងអស់៕