ដំណើរការនៃការផលិតនំប៉័ង នៅឡ ដ៏ល្បីល្បាញមួយកន្លែង ក្នុងខេត្តកំពត
- 2018-05-20 08:48:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណើរការនៃការផលិតនំប៉័ង នៅឡ ដ៏ល្បីល្បាញមួយកន្លែង ក្នុងខេត្តកំពត
ចន្លោះមិនឃើញ
ក្រុមការងារផ្លូវទៅស្រុកវគ្គ២ សូមណែនាំកន្លែងផលិតនំប៉័ងល្បីល្បាញមួយកន្លែងនៅក្នុងខេត្តកំពត។ ចង់ដឹងថា តើសង្វាក់ផលិតកម្មនៃការផលិតនំប៉័ងបែបណានោះ សូមតាមដានព័ត៌មានខាងក្រោមនេះ៖
១. លោក ហេង ថូង អាយុ៦២ឆ្នាំ ជាម្ចាស់ឡនំប៉័ង ៣៣៣ នៅសង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។ លោកប្រកបរបរផលិតនំប៉័ងនេះ តាំងពីឆ្នាំ ១៩៨៩ មកម្ល៉េះ។ ដោយប្រើឡបុរាណ ដុតអុសសង់ឡើងពីឥដ្ឋ បច្ចុប្បន្នលោក ផលិតនំប៉័ងពី៣ទៅ៤ពាន់នំក្នុងមួយថ្ងៃ។
២. កម្មកររបស់លោក ហេង ថូង កំពុងលីបាវម្សៅមីពីឃ្លាំងស្តុក ដែលនៅជិតឡដុតនំ ទៅកន្លែងលាយម្សៅ។ ម្សៅមី គឺជាវត្ថុធាតុដើមសំខាន់បំផុត ក្នុងការផលិតនំប៉័ង។ ប៉ុន្តែ ដើម្បីឱ្យនំប៉័ងរបស់លោក ទទួលបានការគាំទ្រខ្លាំងពីអតិថិជន លោក ហេង ថូង ក៏បានប្រើប្រាស់វត្ថុធាតុដើមល្អៗ ថ្មីៗ មួយចំនួនទៀត ជាគ្រឿងផ្សំផងដែរ។
៣. ការលាយម្សៅ និង ការដុតនំ ត្រូវធ្វើជាបន្តបន្ទាប់ តាំងពីពាក់កណ្ដាលអាធ្រាត្រ រហូតដល់ពេលព្រឹក។ ការលាយម្សៅ មានជំនួយពីម៉ាស៊ីន តែការដុតនំ គឺជាភារកិច្ចរបស់កម្មករ។ ពួកគេត្រូវធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់ និងអត់ធ្មត់ នៅចំពោះមុខឡដុតនំដ៏ក្ដៅ។ នៅក្នុងរូបនេះ កម្មកររបស់លោក ហេង ថូង កំពុងលុញម្សៅដែលលាយរួចហើយ ជារាងនំប៉័ង ហើយទុកវាមួយអន្លើ មុននឹងដាក់វាចូលទៅក្នុងឡ។
៤. កម្មកររបស់លោក ហេង ថូង កំពុងប្រែនំប៉័ង បន្ទាប់ពីដុតបានមួយរយៈ។ ការប្រែនំនេះ គឺដើម្បីឱ្យនំត្រូវនឹងប្រភពកម្ដៅបានស្មើៗគ្នា។ ការដុតនំប៉័ងដោយប្រើអុស នៅក្នុងឡដីឥដ្ឋនេះ ជាលក្ខណៈពិសេសមួយ ដែលធ្វើឲ្យនំប៉័ងរបស់លោក ហេង ថូង ឆ្ងាញ់ខុសពីនំប៉័ងនៃហាងផ្សេងទៀត។ វាប្រៀបដូចជាការដាំបាយដោយប្រើអុស ខុសពីការដាំបាយដោយប្រើភ្លើងអគ្គិសនីយ៉ាងដូច្នេះដែរ។
៥. លោក ហេង ថូង និង កម្មករ កំពុងផ្ទេរនំប៉័ងពីចង្អើរដុតនំ ទៅកាន់ថាសធំមួយ ហើយទុកឱ្យវាត្រជាក់ មុននឹងយកទៅវេចខ្ចប់។ នំប៉័ងរបស់លោកហេង ថូង មិនមានលក់នៅតាមទីផ្សារ ឬកន្លែងផ្សេងៗនោះទេ។ លោកលក់តែនៅផ្ទះរបស់លោកតែប៉ុណ្ណោះ។ អតិថិជនឡនំប៉័ង៣៣៣របស់លោកភាគច្រើន គឺជាភោជនីយដ្ឋាន និងហាងនានានៅក្នុងក្រុងកំពត៕