រដ្ឋសភា​ អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី "ប្រាក់ឈ្នួល​អប្បបរមា"

  • 2018-06-07 03:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ រដ្ឋសភា​បាន​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី "ប្រាក់ឈ្នួល​អប្បបរមា" ដោយ​សំឡេង ១០៨ លើ ១០៩សំឡេង។

សម្តេច ហ៊ុន សែន លើកដៃអនុម័តសេចក្តីព្រាងច្បាប់ ក្នុងកិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ (រូបថត៖ FB សម្តេច ហ៊ុន សែន)
លោក ប៉ែន បញ្ញា ប្រធាន​គណៈ​កម្មការ​នីតិកម្ម និង​យុត្តិធម៌ បាន​ថ្លែងថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រាក់ឈ្នួល​អប្បបរមា រួមមាន ៦​ជំពូក ចែកចេញ​ជា ៣០​មាត្រា។ សេចក្តី​ព្រាងច្បាប់​នេះ​បាន​រៀបចំ​ឡើង​ត្រឹមត្រូវ​តាម​ប្បញ្ញតិ ដែលមាន​ចែង​ក្នុង​មាត្រា៩១​ថ្មី នៃ​រដ្ឋធម្មនុញ្ញ និង​ប្រការ ២១​ថ្មី នៃបទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា។

លោក​បញ្ជាក់​ថា សេចក្តី​ព្រាងច្បាប់​នេះ ត្រូវបាន​រៀបចំ​ឡើង​ស្រប​តាម​ស្ថានភាព​នៃ​វឌ្ឍនភាព​ផ្នែក​សេដ្ឋកិច្ច សង្គម និង​ស្ថិត​ក្នុង​បរិបទ​ដែល​ប្រទេស​ក្នុង​តំបន់​កំពុង​មាន​ការ​ប្រកួតប្រជែង​កាន់តែខ្លាំង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ។ ការ​គ្រប់គ្រង​លើ​តម្លៃ​ពាណិជ្ជកម្ម​ដ៏​សមស្រប​មួយ គឺជា​ចំណុច​អាទិភាព​ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា តែងតែ​ផ្តោតការ​យកចិត្ត​ទុកដាក់​ខ្លាំង​បំផុត។ ក្នុងន័យ​នេះ ការពង្រឹង​យន្តការ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​ពិតជា​មាន​សារៈសំខាន់​ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​ជាតិ។

លោក ប៉ែន បញ្ញា បាន​បន្ត​ថា សេចក្តី​ព្រាងច្បាប់​ស្តីពី​ប្រាក់ឈ្នួល​អប្បបរមា ធ្វើឡើង​ក្នុងគោល​បំណង​លើក​កម្ពស់​ជីវភាព​រស់នៅ​សមរម្យ ថ្លៃថ្នូរ បង្កើត​ឱកាស​ការងារ និង​បង្កើន​ផលិតភាព​របស់​កម្មករ​និយោជិត និង​ជំរុញ​ឱ្យ​មាន​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​កាន់តែ​ល្អ​ប្រសើរ ប្រកបដោយ​ភាព​ទាក់ទាញ។

កម្មការិនីនៅរោងចក្រកាត់ដេរ១កន្លែង ក្នុងរាជធានីភ្នំពេញ

សូម​ជម្រាប​ថា ប្រាក់ខែ​គោល​អប្បបរមា​សម្រាប់​កម្មករ​នៅឆ្នាំ​២០១៨នេះ​គឺ ១៧០​ដុល្លារ។ ក្នុងនោះ​ ១៦៥​ដុល្លារ ជា​ប្រាក់ខែ​គោល​ដែល​កំណត់​ដោយ​គណៈ​កម្មការ​ប្រឹក្សា​ការងារ និង​៥ដុល្លារ​ទៀត គឺជា​ការ​សម្រេច​ផ្តល់​ឱ្យ​បន្ថែម​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល៕

អត្ថបទ​ពាក់ព័ន្ធ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;