អាជ្ញាធរជាតិអប្សរា ព្រមានចាត់វិធានការចំពោះអ្នកបង្ហោះដ្រូន នៅតំបន់អង្គរ
- 2018-06-13 03:38:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរជាតិអប្សរា ព្រមានចាត់វិធានការចំពោះអ្នកបង្ហោះដ្រូន នៅតំបន់អង្គរ
ចន្លោះមិនឃើញ
ក្រុមការងារចម្រុះមួយ ដែលត្រូវបានបង្កើតឡើងក្រោយកិច្ចប្រជុំរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធមួយចំនួន កាលពីថ្ងៃទី១១ខែមិថុនា ឆ្នាំ២០១៨ នឹងចាត់វិធានការតឹងរ៉ឹងបន្ថែមទៀត ចំពោះការបង្ហោះដ្រូន នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
ចំពោះវិធានការបណ្ដោះអាសន្ន ក្រុមការងារខាងលើនឹងចាប់ដ្រូន រក្សាទុកមួយរយៈជាបណ្ដោះអាសន្ន និងតម្រូវឲ្យម្ចាស់ដ្រូនបំពេញបែបបទស្នើសុំតាមក្រោយ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំឲ្យមានដូចជា ផ្ទាំងប៉ាណូធំៗ ការដាក់សញ្ញាហាមឃាត់នៅលើបណ្ណទស្សនា និងការផ្សព្វផ្សាយនៅលើគេហទំព័រទេសចរណ៍ជាដើម។
ចំណែកលោក ក្រូច វ៉ាន់ឌី អនុប្រធាននាយកដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា ជាគោលការណ៍ កន្លងមក លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានកំណត់មិនឲ្យមានប្រើប្រាស់ដ្រូនជាលក្ខណៈបុគ្គលឡើយ ពោលគឺអាចអនុញ្ញាតបានតែក្នុងករណីក្រុមហ៊ុនមានចុះបញ្ជីត្រឹមត្រូវ និងអាចអនុញ្ញាតឲ្យបង្ហោះក្នុងរយៈចម្ងាយ១៥០ម ពីតំបន់ហាមឃាត់ និងមិនឲ្យហួសពីកម្ពស់ ១៥០ម៉ែត្រពីដីឡើយ។
គួរជម្រាបថា ការរៀបចំកិច្ចប្រជុំនេះឡើង ស្របពេលដែលការបង្ហោះដ្រូន ក្នុងរមណីយដ្ឋានអង្គរមានការកើនឡើងយ៉ាងគំហុក ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពោលគឺត្រីមាសទី១ ឆ្នាំ២០១៧ មានចំនួន ៥៨ គ្រឿង និងត្រីមាសទី១ឆ្នាំ២០១៨ មានរហូតដល់ចំនួន ១៥៨ គ្រឿង បើទោះជាអាជ្ញាធរជាតិអប្សរាធ្លាប់បានផ្សព្វផ្សាយជាសាធារណៈតាមរយៈសេចក្តីជូនដំណឹង ហើយក្រុមការងារបានព្យាយាមទប់ស្កាត់យ៉ាងណាក៏ដោយ៕