គីម ជុងអ៊ុន ពី​ការ​ចាប់ដៃ​ស្ងាត់​ៗ ទៅ​ការ​ចាប់​ដៃ​កក្រើក​ពិភពលោក

  • 2018-06-14 09:35:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គីម ជុងអ៊ុន ដែល​បាន​ក្ដាប់​តំណែង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង កាលពី​ចុង​ឆ្នាំ​២០១១ គឺ​ជា​បុរស​រដ្ឋ​ម្នាក់​ដែល​ធ្វើ​សហគមន៍​អន្តរជាតិ​មាន​ការ​ព្រួយបារម្ភ​ផង ភ័យ​ខ្លាច​ផង រំភើប​ផង និង​អបអរសាទរ​ផង។ អារម្មណ៍​ប្រែប្រួល​ទាំង​នេះ ដោយសារ​កូរ៉េខាងជើង ពី​មុន​ បាន​បាញ់​សាកល្បង​មីស៊ីល​ផ្ទួនៗ​គ្នា​ជា​ប្រចាំ និង​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ដែល​ពេល​ខ្លះ ធ្វើ​ឲ្យ​ផ្ទុះ និង​​រញ្ជួយ​ដី​ថែម​ទៀត។

លោក គីម ជុងអ៊ុន ពិនិត្យ​ការ​ផលិត​គ្រាប់បែក​អាតូមិក
ប៉ុន្តែ​បន្ទាប់​ពី​ការ​ទៅ​ចាប់​ដៃ​យ៉ាង​ស្ងាត់ៗ​ជាមួយ​លោក ស៊ី ជីងពីង ប្រធានាធិបតី​ចិន ការ​ចាប់ដៃ​ដែល​ធ្វើ​ឲ្យ​កក្រើក​ឧបទ្វីប​កូរ៉េ និង​ទ្វីប​អាស៊ី​ជាមួយ​លោក មូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង និង​ថ្មីៗ​នេះ គឺ​ការ​ចាប់ដៃ​ដែល​ធ្វើ​ឲ្យ​កក្រើក​ពិភពលោក​ជាមួយ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ពេល​នេះ ទាំង​ប្រជាជន​កូរ៉េទាំង​ពីរ និងទាំង​​សហគមន៍​អន្តរជាតិ​មាន​ការ​រំភើប និង​អបអរសាទរ​ចំពោះ​ការ​ផ្លាស់ប្ដូរ​ជំហរ​របស់​កូរ៉េខាងជើង ដែល​ចង់​រំលាយ​នុយក្លេអ៊ែរ និង​កសាង​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ។
លោក គីម ជុងអ៊ុន ចាប់ដៃ​ជាមួយ​លោក ស៊ី ជីងពីង អំឡុង​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង

នៅ​ចុង​ខែ​មីនា ឆ្នាំ​២០១៨ មេដឹកនាំ​កូរ៉េខាងជើង​វ័យ ៣៥​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ធ្វើ​ទស្សនកិច្ច​មក​កាន់​ក្រុង​ប៉េកាំង ដើម្បី​ជួប​ពិភាក្សា​ជាមួយ​លោក ស៊ី ជីងពីង និង​ថ្នាក់ដឹកនាំ​ចិន​មួយ​ចំនួន​ទៀត។ ប៉ុន្ដែ​ទស្សនកិច្ច​យ៉ាង​សម្ងាត់​របស់​លោក គីម ជុងអ៊ុន មក​ប្រទេស​ចិន ត្រូវ​បាន​ភាគី​ចិន​ចេញ​មក​បញ្ជាក់​នៅ​ថ្ងៃ​ទី២៨ ខែ​មីនា ២០១៨ គឺ​ថ្ងៃ​ដែល​លោក គីម ជុងអ៊ុន បាន​ចាកចេញ​ទៅ​កូរ៉េខាងជើង​វិញ​ថា លោក គីម ពិត​ជា​បាន​ធ្វើ​ទស្សនកិច្ច​មក​កាន់​ប្រទេស​ចិន​មែន ដោយ​មាន​រយៈពេល ៤ថ្ងៃ ពី​ថ្ងៃ​ទី២៥ ដល់ ២៨ ខែ​មីនា ២០១៨។ ទស្សនកិច្ច​របស់​លោក គីម ជុងអ៊ុន មក​ក្រុង​ប៉េកាំង នា​ពេល​នោះ គឺ​ធ្វើ​ឡើង​តាម​រយៈ​រថភ្លើង តាំង​ពី​ក្រុង​ព្យុងយ៉ាង រហូត​ដល់​មក​ដល់​ប្រទេស​ចិន។


ហេតុអ្វី​ទស្សនកិច្ច​របស់ គីម ជុងអ៊ុន ទៅ​ប្រទេស​ចិន ធ្វើ​ឡើង​យ៉ាង​សម្ងាត់?

ចំណែក​នៅ​ថ្ងៃ​ទៅ២៧ ខែ​មេសា ២០១៨ គឺ​ជា​ថ្ងៃ​ដែល​ប្រជាជន​កូរ៉េ​ទាំង​ពីរ​មាន​ការ​រំភើប និង​ការ​សប្បាយ​យ៉ាង​ខ្លាំង ដោយសារ​ការ​ចាប់ដៃ​ជា​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ គឺ​លោក មូន ចេអ៊ីន និង​លោក គីម ជុងអ៊ុន បាន​ធ្វើ​ឡើង​ភូមិ Panmunjom ដែល​នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង ក្បែរ​ព្រំដែន​ប្រទេស​ទាំង​ពីរ។ ក្រោយ​ជំនួប​ចរចា​គ្នា​ពេញ​មួយ​ថ្ងៃ មេដឹកនាំ​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម​គ្នា ដែល​ហៅ​ថា "សេចក្តី​ប្រកាស Panmunjom“។ កូរ៉េ​ទាំងពីរ ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្រ្ត​

លោក គីម ជុងអ៊ុន ចាប់ដៃជាមួយ​លោក មូន ចេអ៊ីន នៅ​ផ្ទះសន្ដិភាព ក្នុង​ភូមិ Panmunjom ទឹកដី​កូរ៉េខាងត្បូង

រី​ឯ​ចុងក្រោយ​នេះ គឺ​ការ​ចាប់​ដៃ​ដែល​មនុស្ស​ស្ទើរ​គ្រប់​គ្នា​ក្នុង​ពិភពលោក​ចង់​ឃើញ និង​ជា​ការ​ចាប់​ដៃ​ដែល​ធ្វើ​ឲ្យ​កក្រើក​ពិភពលោក​នោះ គឺ​ការ​ចាប់ដៃ​គ្នា និង​ការ​ជួប​ចរចា​រវាង​លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ នៅ​សិង្ហបុរី នា​ថ្ងៃ​ទី១២ ខែ​មិថុនា ២០១៨ កន្លង​ទៅ។ ក្រោយ​ការ​ជួប​ចរចា​នេះ មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​រួម​គ្នា​ផង​ដែរ។ ជាមួយ​គ្នា​នេះ លោក ត្រាំ ក៏​បាន​លើក​ឡើង​ថា ជំនួប​រវាង​អាមេរិក និង​កូរ៉េខាងជើង បាន​ធ្វើ​ឲ្យ​ពិភពលោក​ដេក​លក់​ស្រួល ដោយសារ​តែ​កូរ៉េខាងជើង​បាន​ប្ដេជ្ញា​រំលាយ​អាវុធ​នុយក្លេអ៊ែរ​ហើយ។ ខ្លឹមសារ​ ៤​ចំណុច​ ក្នុង​ឯកសារសំខាន់​មួយដែល​ចុះ​ហត្ថលេខា​ដោយ ដូណាល់ ត្រាំ និង គីម ជុងអ៊ុន

លោក គីម ជុងអ៊ុន ចាប់ដៃ​ជាមួយ​លោក ដូណាល់ ត្រាំ អំឡុង​ជំនួប​នៅ​សិង្ហបុរី

ទោះ​យ៉ាង​ណា​ក៏​ដោយ​មក​ដល់​ពេល​នេះ ត្បិត​តែ​កូរ៉េខាងជើង​មាន​ឆន្ទៈ និង​ប្ដេជ្ញា​រំលាយ​នុយក្លេអ៊ែរ តែ​វា​ត្រូវការ​រយៈពេល​យូរ ដែល​លោក Mike Pompeo រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ថា វា​នឹង​ចំណាយ​ពេល​យ៉ាងតិច ២​ឆ្នាំ ៦​ខែ គឺ​រហូត​ដល់​ដំណាច់​ឆ្នាំ​២០២០។ ងាក​ទៅ​អាមេរិក​វិញ ត្បិត​តែ​បាន​ជួប​ចរចា និង​ចុះ​ហត្ថលេខា ឈាន​ដល់​របត់​ថ្មី​មួយ​នៃ​ទំនាក់ទំនង​អាមេរិក និង​កូរ៉េខាងជើង​ក៏ដោយ ក៏​អាមេរិក​មិន​ទាន់​សម្រេច​ដក​ទណ្ឌកម្ម​ណាមួយ​ពី​កូរ៉េខាងជើង​នៅ​ឡើយ​ផង​ដែរ៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;