ក្រុមចោរប្លន់ជនជាតិចិន ជិះឡានរ៉ូលរ៉យ ចូលប្លន់ក្នុងក្លឹបនៅខេត្តព្រះសីហនុ
- 2018-06-23 03:54:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមចោរប្លន់ជនជាតិចិន ជិះឡានរ៉ូលរ៉យ ចូលប្លន់ក្នុងក្លឹបនៅខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
ក្រុមចោរប្លន់ប្រដាប់អាវុធជាជនជាតិចិនមួយក្រុម បានជិះឡានទំនើបរ៉ូលរ៉យពាក់ផ្លាកលេខភ្នំពេញ 2PB 6666 ធ្វើសកម្មភាពប្លន់នៅក្នុងក្លឹបកាហ្សា២ នៅចំណុចអតីតផ្សារទំនើបអូស៊ីអាស៊ាន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនជាតិចិន ៣ទៅ៤នាក់ បានធ្វើសកម្មភាពខាងលើ ហើយជនរងគ្រោះបានប្តឹងទៅសមត្ថកិច្ច។ បន្ទាប់ពីទទួលបណ្តឹង សមត្ថកិច្ចបានចុះទៅដល់ក្លឹបនោះដើម្បីឃាត់ខ្លួនតែម្តង។ សម្ភារៈដែលបានបាត់បង់ក្នុងករណីប្លន់ប្រដាប់អាវុធខាងលើរួមមាន ៖ លុយចំនួន៥០០ដុល្លារ បណ្ណបើកបរ១សន្លឹក បណ្ណសម្គាល់រថយន្ត១សន្លឹក និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ១សន្លឹក។
កម្លាំងជំនាញបានធ្វើការហ៊ុមព័ទ្ធចាប់ខ្លួនជនសង្ស័យឈ្មោះ Ly Ker Xing ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបើកបររថយន្តកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ E88340722 ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ផុតកំណត់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ទិដ្ឋាការលេខ E1-01359781 ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ផុតកំណត់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។
វត្ថុតាងចាប់យកបានមាន លុយដុល្លារ ៥០០ដុល្លារ (របស់ជនរងគ្រោះ), អាវុធខ្លី ១ដើម ម៉ាករ៉ូឡូ លេខ38.SWPL (គ្រាប់ ៣គ្រាប់) ផលិតនៅ USA (អាវុធធ្វើសកម្មភាព) និងរថយន្តម៉ាករ៉ូលរ៉យ ពណ៌ស្លែ ពាក្យស្លាកលេខភ្នំពេញ 2BP-៦៦៦៦ (មធ្យោបាយធ្វើសកម្មភាព)។ ចំណែកជនសង្ស័យ ៣នាក់ទៀតជាជនជាតិចិន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន និងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបំពេញនីតិវិធី ៕