កម្ពុជា វ៉ាដាច់តៃវ៉ាន់ ក្លាយជាប្រទេសនាំចេញកង់ដ៏ធំបំផុត ទៅកាន់ទីផ្សារ EU
- 2018-06-27 09:09:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា វ៉ាដាច់តៃវ៉ាន់ ក្លាយជាប្រទេសនាំចេញកង់ដ៏ធំបំផុត ទៅកាន់ទីផ្សារ EU
ចន្លោះមិនឃើញ
សហភាពអឺរ៉ុប (EU) ដែលមាន ២៨ប្រទេស បាននាំចូលកង់ប្រមាណ ៦,៨៤លានគ្រឿង ក្នុងឆ្នាំ២០១៧ ក្នុងនោះកម្ពុជា គឺជាអ្នកផ្គត់ផ្គង់ធំបំផុតទី១ ប្រមាណ ១,៤១លានគ្រឿង វ៉ាដាច់តៃវ៉ាន់ ដែលផ្គត់ផ្គង់បានប្រមាណ ១,៣១លានគ្រឿង ស្ថិតក្នុងលំដាប់ថ្នាក់ទី២។ នេះបើតាមរបាយការណ៍មួយដែលចេញផ្សាយ នៅលើវិបសាយ bike-eu កាលពីពេលថ្មីៗនេះ។
កាលពីឆ្នាំ២០១៦ តៃវ៉ាន់ គឺជាអ្នកនាំចេញកង់ធំបំផុត ទៅ EU ប្រមាណ ១,៥៥លានគ្រឿង ខណៈកម្ពុជា នាំចេញបានចំនួន ១,២៩លានគ្រឿង ស្ថិតនៅលំដាប់ទី២។ ដូច្នេះបើប្រៀបធៀបនឹងឆ្នាំ២០១៦ ការនាំចេញកង់របស់កម្ពុជា ទៅ EU ក្នុងឆ្នាំ២០១៧ គឺកើនឡើង ៨,៩៥% ឯការនាំចេញរបស់តៃវ៉ាន់ បានថយថុះ ១៥,៧%។
របាយការណ៍ដដែលបញ្ជាក់ថា បើគិតពីតម្លៃនៃការនាំចូលកង់សរុបរបស់ EU ក្នុងឆ្នាំ២០១៧ គឺមានចំនួន ១,០៦ពាន់លានអឺរ៉ូ (ប្រមាណ ១,២៤ពាន់លានដុល្លារអាមេរិក)។ ក្នុងនោះតម្លៃកង់ក្នុង១គ្រឿង គឺ ១៥៥,៨៥អឺរ៉ូ (ប្រមាណ ១៨១,៣ដុល្លារអាមេរិក)។
បើតាមរបាយការណ៍ពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា បានបង្ហាញឲ្យដឹងថា កាលពីឆ្នាំ ២០១៧ កម្ពុជាបានផលិត និងដំឡើងកង់ នាំចេញទៅកាន់ទីផ្សារពិភពលោកចំនួនជាង ១,៨លានគ្រឿង គិតជាទឹកប្រាក់ស្មើនឹង ៣៦១លានដុល្លារ គឺបានកើនឡើង ២៩% បើធៀបនឹងឆ្នាំ២០១៦។ ទីផ្សារកង់របស់កម្ពុជារួមមាន EU អាមេរិក កាណាដា អាស៊ាន និងប្រទេសអាស៊ីផ្សេងទៀត។ តំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង គឺជាទីតាំងផលិត និងដំឡើងកង់ធំបំផុតរបស់កម្ពុជា៕
អត្ថបទទាក់ទង៖
ក្រុមហ៊ុន១ គ្រោងវិនិយោគលើការផលិតគ្រឿងបង្គុំសម្រាប់ដំឡើងកង់នៅកម្ពុជា
រោងចក្រផលិតបរិក្ខារកង់និងម៉ូតូ និងរោងចក្រ៣ទៀត នឹងកើតមាននៅកម្ពុជា