វៀតណាម៖ Facebook កែ​កំហុស​ហើយ តែ​មិន​បាន​សុំទោស​ទេ

  • 2018-07-03 08:47:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រឿង​ចម្រូងចម្រាស​មួយ​កំពុង​កើត​ឡើង​នៅ​ក្នុង​​វៀតណាម គឺ Facebook មិន​បាន​រាប់​បញ្ចូល​ប្រជុំ​កោះ​ចំនួន ២ (Paracel និង Spratly) នៅ​ក្នុង​ផែនទី​ទឹក​ដី​​ប្រទេស​វៀតណាម​នៅ​លើ​បណ្ដាញ​សង្គម​​របស់​ខ្លួន​ឡើយ ដោយ​ផ្ទុយ​ទៅ​វិញ Facebook បាន​ដាក់​ថា ប្រជុំ​កោះ​ទាំង​នេះ​គឺ​ជា​របស់​ប្រទេស​ចិន។ ប្រជាជន និង​រដ្ឋាភិបាល​វៀតណាម បាន​បញ្ចេញ​ប្រតិកម្ម​អវិជ្ជមាន​ជា​ច្រើន​ និង​​បាន​ស្នើ​ឲ្យ​ Facebook កែប្រែ​កំហុស​​នេះ​ឡើង​វិញ។

ផែន​ទី​ប្រជុំ​កោះ Paracel និង Spratly នៅ​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង
Facebook បាន​ទទួល​​ស្គាល់​​​បញ្ហា​នេះ ហើយ​ប្រាប់​ថា វា​គឺ​ជា​​ការ​ភាន់​ច្រឡំ ដែល​បណ្ដាល​មក​ពី​​​កំហុស​បច្ចេកទេស ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គោល​បំណង​នយោបាយ​ណា​មួយ​ទេ។ យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Zing.vn បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន Facebook បាន​កែតម្រូវ​ផែនទី​នោះ​ហើយ តែ​នៅ​ជំពាក់​ពាក្យ "សុំទោស" មួយ​ទៅ​កាន់​ប្រទេស​វៀតណាម។ សារព័ត៌មាន​ដដែល បញ្ជាក់​ថា មាន​មតិ​រិះគន់​ជា​ច្រើន​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​វៀតណាម ចំពោះ​បញ្ហា​នេះ ហើយ​ទាមទារ​ឲ្យ Facebook បង្ហើរ​ពាក្យ "សុំទោស" អម​ជាមួយ​នឹង​ការ​ពន្យល់​ឲ្យ​បាន​ក្បោះក្បាយ​មួយ។

Zing.vn បាន​ស្រង់​សម្ដី​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

  • "Facebook ត្រូវ​តែ​សុំទោស ហើយ​កែ​កំហុស​របស់​ខ្លួន​ភ្លាមៗ។ បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​ស្នើ​ឲ្យ​សហគមន៍​វៀតណាម​ឈប់​ប្រើ​បណ្ដាញ​សង្គម​នេះ​ត​ទៅ​ទៀត។ ខ្ញុំ​ខ្លួន​ឯង​នឹង​លុប​គណនី Facebook ចោល​មុន​គេ" នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ប្រើប្រាស់ Facebook ម្នាក់​ឈ្មោះ Nong Duc Minh។

  • "ពួក​គេ​ដោះស្រាយ​វា​ដោយ​ស្ងាត់ៗ ប៉ុន្តែ​គួរ​ណា​សុំទោស​មួយ​ម៉ាត់។ វា​មិន​អាច​ទទួល​យក​បាន​ទេ​ថា វា​កំហុស​បច្ចេកទេស ដោយ​គ្មាន​ការ​សុំទោស​យ៉ាង​ម៉ឺងម៉ាត់​មួយ" នេះ​ជា​សម្ដី​របស់​លោក Phan Nhat Cao បុគ្គលិក​ទីផ្សារ​ម្នាក់។

  • "Facebook បាន​ជួសជុល​បញ្ហា​ហើយ តែ​គួរ​សុំទោស​ចំពោះ​កំហុស​នេះ" លោក Nguyen Minh អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​មួយ​រូប បាន​និយាយ​​ប្រាប់។

សូម​បញ្ជាក់​ថា ជា​រឿយៗ វៀតណាម​តែង​ប្រកាស​ដល់​អន្តរជាតិ​ថា ប្រជុំ​កោះ Paracel និង Spratly ជា​អធិបតេយ្យ​ភាព​របស់​ខ្លួន ដោយ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ច្បាប់​ពេញ​លេញ និង​ភស្ដុតាង​​ជា​ប្រវត្តិសាស្ត្រ។ រាល់​សកម្មភាព​ដែល​បំពាន​លើ​អធិបតេយ្យភាព​​នេះ ត្រូវវៀតណាម​ចាត់​ទុក​ជា​ការ​ប្រឆាំង​ទៅ​នឹង​ច្បាប់​អន្តរជាតិ ដែល​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​លើ​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS) ផង​ដែរ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;