អ្នក​ជំនាញ​ បង្ហាញ​សញ្ញា​វិជ្ជមាន​ចំពោះ​តម្លៃ​ដី​នៅ​កម្ពុជា ទោះ​ការ​បោះឆ្នោត​ខិត​ជិត​មកដល់​ក៏ដោយ

  • 2018-07-06 03:31:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយ​តម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា (CVEA) បាន​បង្ហើប​ថា គ្មាន​សញ្ញា​ណាមួយ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​តម្លៃ និង​ស្ថានភាព​ដីធ្លី​នៅ​កម្ពុជា​នោះ​ទេ បើទោះ​បីជា​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ថ្មី ខិត​ជិត​មកដល់​ក៏ដោយ។ ការ​លើកឡើង​នេះ ធ្វើឡើង​ក្នុង​វេទិកា​ស្ដីពី “​ការធ្វើ​អាជីវកម្ម​អចល​ទ្រព្យ ក្នុងប្រទេស​កម្ពុជា​ក្នុង​ថ្ងៃ​អនាគត​” កាលពី​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ។

លោក​បណ្ឌិត គីម ហ៊ាង បាន​បញ្ជាក់​ថា ដរាប​ណា​ស្ថានភាព​សន្តិសុខ​ជាតិ និង​នយោបាយ​នៅ​កម្ពុជា​ បន្ត​រក្សា​ស្ថាន​ភាពល្អ​នោះ វិស័យ​ដីធ្លី​គ្មាន​ថ្ងៃ​ជាប់គាំង​ឬ​ធ្លាក់ចុះ​ឡើយ មានតែ​បន្ដ​ឡើងថ្លៃ​ជា​រៀង​រហូត។ ចំពោះ​ព័ត៌មាន​ចចាម​អារាម ឬ​រឿង​បញ្ហា​ដីធ្លី​នឹង​ប្រែប្រួល​នោះ លោក​អះអាង​ថា គឺ​គ្មាន​ឡើយ​ ហើយ​អ្វីដែល​ប្រជាពលរដ្ឋ​គិតគូរ​នោះ គឺ​ការ​ផ្លាស់ប្ដូរ​របប​នយោបាយ ដែល​ធ្វើ​ឲ្យ​វិស័យនេះ​ជួប​បញ្ហា​ទៅវិញ​បាន​ត្រឹមត្រូវ។

លោក​បណ្ឌិត គីម ហ៊ាង ថ្លែង​ក្នុងបទសម្ភាសមួយ​ជាមួយអ្នកសារព័ត៌មាន នាពេលកន្លងមក
​អ្នក​ជំនាញ​អចលទ្រព្យ​រូប​នេះ បាន​ពន្យល់​បន្ថែម​ថា ក្នុង​ប្រទេស​ដែល​រីកចម្រើន​មាន GDP (ចំណូល​ប្រចាំ​ឆ្នាំ​សម្រាប់​មនុស្ស​ម្នាក់​) លើសពី​២​ម៉ឺន​ដុល្លារ​ឡើងទៅ មាន​ប្រជាជន​៩៥% បញ្ចប់​មហាវិទ្យាល័យ ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេស​អភិវឌ្ឍន៍ ដែល​សេដ្ឋ​កិច្ច​ដឹកនាំ​នយោបាយ ហើយ​ក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ ជា​ប្រទេស​ដែល​នយោបាយ​ដឹកនាំ​សេដ្ឋកិច្ច ជា​ស្ដែង​ដូច​ក្នុង​ប្រទេស​កម្ពុជា ប្រសិន​បើ​មានការ​ផ្លាស់ប្ដូរ​នយោបាយ ទើប​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​បារម្ភ តែ​ប្រទេស​កម្ពុជា ​ជា​ប្រទេស ដែលមាន​ស្ថិរភាព​នយោបាយ​រឹងមាំ​ល្អ។

​លោក​ គីម ហ៊ាង បាន​បញ្ជាក់​ថា ជាក់ស្ដែង​ដូច​ឆ្នាំនេះ ជា​នីតិកាល​ទី​៦ នៃ​ការបោះឆ្នោត តែ​គ្មាន​ចំណុច​ណាមួយ ដែល​គួរ​ឲ្យ​ព្រួយរ​ម្ភ​លើ​វិស័យ​អចលវត្ថុ​នោះឡើយ​។ លំនឹង​នយោបាយ​ល្អ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​បរទេស​នាំគ្នា​មក​វិនិយោគ​ក្នុងប្រទេស​កម្ពុជា ព្រោះ​ប្រទេស​ណា ដែល​មាន​លំនឹង​នយោបាយ​ល្អ នោះគេ​នឹង​មក​វិនិយោគ​ច្រើនឡើងៗ។

ទិដ្ឋភាពអគារ ៤២ជាន់ និងអគារនានា ក្នុងរាជធានីភ្នំពេញ

​សូម​រំលឹកថា កន្លងមក​នេះ មាន​ព័ត៌មាន​និង​ការលើកឡើង​ច្រើន​ពាក់ព័ន្ធ នឹង​ការធ្លាក់ចុះ ឬ​ជាប់​គាំ​លើ​វិស័យ​ដីធ្លី ព្រោះថា ឆ្នាំនេះ​ជា​ឆ្នាំ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ប៉ុន្តែ លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បាន​ធ្លាប់​ប្រកាស​ម្តង​ហើយ​ថា រហូតមកដល់​ពេលនេះ មិនមាន​សញ្ញា​ណាមួយ​បង្ហាញ​ពី​ការ​ប្រែប្រួល​ទៅលើ​តម្លៃ នៃ​អចលវត្ថុ​នោះឡើយ ទោះបី​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ត្រៀម​ខិត​ជិត​មកដល់​នាពេល​ខាងមុខនេះ​ក៏ដោយ៕

ចុចអានអត្ថបទ​ដែលពាក់ព័ន្ធនឹងការលើកឡើង​របស់​លោក គីម ហ៊ាង

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;