លោក ត្រាំ និង​ក្លឹប Man Utd បញ្ចេញ​ប្រតិកម្ម ក្រោយ​ក្មេង ១៣​នាក់​ត្រូវ​រដោះ​ចេញ​ពី​ល្អាង​ថាមហ្លួង

  • 2018-07-10 23:53:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ក្មេង​ប្រុស ១២​នាក់ និង​គ្រូបង្វឹក​ម្នាក់​ត្រូវ​បាន​រំដោះចេញ​ពី​ល្អាង​ថាមហ្លួង ដែល​នៅ​ក្នុង​ខេត្ត​ឈៀងរ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ ដោយ​ជោគជ័យ មាន​មេដឹកនាំ​ពិភពលោក និង​ក្លឹប​បាល់ទាត់​ជាច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​អបអរសាទរ និង​រួម​ទាំង​បាន​អញ្ជើញ​ក្មេង​ទាំង ១៣​នាក់​នោះ ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្លឹប​របស់​ពួកគេ​ទៀត​ផង។

ក្មេងៗ​ដែល​បាត់​ខ្លួន​ក្នុង​ល្អាង​ភ្នំ​ថាមហ្លួង

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​លើក​ឡើង​តាម​រយៈ Twitter របស់​លោក​ថា ក្នុង​នាម​សហរដ្ឋអាមេរិក សូម​អបអរសាទរ​ចំពោះ​កងទ័ព​ជើងទឹក​ថៃ SEAL និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ ដែល​បាន​ជួយ​សង្រ្គោះ​ក្មេង​ប្រុស ១២​នាក់ និង​គ្រូ​បង្វឹក​របស់​ពួកគេ​ដោយ​ជោគជ័យ ចេញ​ពី​ល្អាង​ថាមហ្លួង។ លោក ត្រាំ ថា ក្រុម​អ្នក​ជួយ​សង្រ្គោះ​ពិតជា​ធ្វើការ​បាន​អស្ចារ្យ​ណាស់។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក (រូបភាព៖ Reuters)

ដូចគ្នា​នឹង​លោក ត្រាំ ដែរ ក្លឹប​បិសាចក្រហម Manchester United បាន​សម្ដែង​ការ​អបអរសាទរ ដែល​ក្មេង​ប្រុស ១២​នាក់ និង​គ្រូ​បង្វឹក​ម្នាក់ ត្រូវ​បាន​ជួយ​សង្រ្គោះ​ដោយ​ជោគជ័យ។ ប៉ុន្ដែ​អ្វី​ដែល​ពិសេស​ជាង​នេះ គឺ Manchester United បាន​អញ្ជើញ​ក្មេង​ប្រុស​ទាំង ១២​នាក់ និង​គ្រូ​បង្វឹក​ម្នាក់​នោះ ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កីឡដ្ឋាន Old Trafford របស់​គេ នៅ​រដូវកាល​ខាង​មុខ​នេះ។

កីឡដ្ឋាន Old Trafford របស់​ក្លឹប Manchester United

សូម​បញ្ជាក់​ថា ក្មេងៗ​ទាំង ១២នាក់​នោះ មាន​អាយុ​ចន្លោះ​ពី ១១ ដល់ ១៦​ឆ្នាំ រីឯគ្រូ​បង្វឹក​របស់​ពួកគេ មានវ័យ​២៥​ឆ្នាំ។ ពួកគេ​ បាន​បាត់​ខ្លួន​នៅ​ក្នុង​ល្អាង​ភ្នំថាមហ្លួង ដែល​ស្ថិត​នៅ​ក្នុង​ភាគ​ខាង​ជើង​ខេត្ត​ឈៀងរ៉ៃ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៨។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដែល​មាន​ទាំង ថៃ និង​បរទេស ​បាន​រក​ឃើញ​ពួក​គេ​វិញ នៅយប់​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៨៕

អត្ថបទទាក់ទង ទីបំផុត ក្មេងៗ​ទាំង ១៣នាក់​ ត្រូវ​បាន​រំដោះ​ចេញ​ពី​ល្អាង​ហើយ!

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;