ក្រុមហ៊ុន​កូរ៉េខាងត្បូង រកឃើញ​កំហូច​មួយ​មុន​ការ​បាក់​វារីអគ្គិសនី​ឡាវ

  • 2018-07-25 04:03:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន SK Engineering & Construction ដែល​ជា​ក្រុមហ៊ុន​មួយ​របស់​កូរ៉េខាងត្បូង​សហការ​សាងសង់​ទំនប់​វារី​អគ្គិសនី Xe-Namnoy បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​រកឃើញ​ការ​ខូចខាត​មួយ​នៅ​ផ្នែក​ខាងលើ​នៃ​សំណង់​វារីអគ្គិសនី រយៈពេល ២៤​ម៉ោង មុន​ទំនប់​វារីអគ្គិសនី​ដែល​បាន​បាក់នៅ​យប់​ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ​២០១៨។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន SK Engineering & Construction។

អ្នកភូមិ​ដែល​រស់​នៅ​ផ្នែក​ខាងក្រោម​ទំនប់វារី​អគ្គិសនី Xe-Namnoy ត្រូវ​បាន​អាជ្ញាធរ​ឡាវ​ជម្លៀស​ទៅ​កាន់​កន្លែង​សុវត្ថិភាព (រូបភាព៖ Reuters)
ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ជូន​ដំណឹង​ភ្លាមៗ​ទៅ​កាន់​អាជ្ញាធរ​ឡាវ ដើម្បី​ចាប់ផ្ដើម​ជម្លៀស​ប្រជាជន​ចេញ​ពី​ផ្នែក​ខាង​ក្រោម​នៃ​ទំនប់​វារី​អគ្គិសនី។ ប៉ុន្ដែ​ការងារ​ជួសជុល​កំហូច​បាន​ជួប​ឧបសគ្គ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ផ្លូវ​ត្រូវ​បាន​ខូច។ បន្ទាប់​មក​ទៀត ក្រុមហ៊ុន​បាន​បើក​ទ្វារ​ទឹក​វារី​អគ្គិសនី ដើម្បី​បន្ថយ​សម្ពាធ​ទឹក​លើ​ទំនប់​វារីអគ្គិសនី។

ចំណែក​រដ្ឋាភិបាល​ឡាវ​វិញ នៅ​រសៀល​ថ្ងៃ​ទី២៣ ខែ​កក្កដា ២០១៨ បាន​ព្រមាន​ពី​ការ​ខូចខាត​បន្ថែម​ទៀត​លើ​ទំនប់​វារី​អគ្គិសនី ហើយ​ឲ្យ​អាជ្ញាធរ​ជម្លៀស​ប្រជាពលរដ្ឋ​ឡាវ​ចេញ​ពី​តំបន់​ផ្នែក​ខាងក្រោម។ ប្រមាណ ២ ឬ៣​ម៉ោង​ក្រោយ​ការ​ព្រមាន សំណង់​វារីអគ្គិសនី​បាន​បាក់​នៅ​យប់​ថ្ងៃ​ទី២៣ ខែ​កក្កដា ២០១៨។

ក្រុមហ៊ុន​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​បញ្ជូន​ក្រុម​ជួយ​សង្រ្គោះ​ទៅ​តំបន់​ជន់លិច​ហើយ ដែល​ក្នុង​នោះ ក៏​មាន​ ឧទ្ធម្ភាគចក្រ ទូក​ជាច្រើន​ផង​ដែរ។

សូម​បញ្ជាក់​ថា គម្រោង​ទំនប់​វារី​អគ្គិសនី​នេះ ត្រូវ​បាន​ប៉ាន់ស្មាន​ថា មាន​ទំហំ​ទឹកប្រាក់ ១​ពាន់​លាន​ដុល្លារ ដែល​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន Xe Pien-Xe Namnoy Power Company ដែល​ជា​ការ​វិនិយោគ​រួម​គ្នា រវាង​ក្រុមហ៊ុន​កូរ៉េខាងត្បូង និង​ក្រុមហ៊ុន​ឡាវ។ ទំនប់​វារី​អគ្គិសនី​នេះ ត្រូវ​បាន​សាងសង់​នៅ​ឆ្នាំ​២០១៣ និង​គ្រោង​បញ្ចប់​នៅ​ត្រឹម​ចុង​ឆ្នាំ​២០១៨​នេះ៕

អត្ថបទទាក់ទង៖

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;