ផ្លូវជាតិ​លេខ​៤៨ ទៅ​កោះកុង នឹងត្រូវ​ជួសជុល​ឱ្យបាន​រួចរាល់​ មុន​បុណ្យ​សមុទ្រ

  • 2018-09-26 07:35:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្តេជ្ញា​ថា នឹង​ជួសជុល​ផ្លូវជាតិ​លេខ​៤៨ ពីស្រែ​អំបិល ទៅ​កោះកុង ឱ្យបាន​រួចរាល់​នៅ​មុន​ពិធី​បុណ្យ​សមុទ្រ ដែល​ធ្វើឡើង​នៅខែធ្នូ​ខាងមុខ​នេះ។ លោក​ថ្លែង​ដូច្នេះ ទៅកាន់​អ្នក​សារព័ត៌មាន នៅ​ស្ថានីយ​រថភ្លើង​រមាស ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង នាព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្នុង​ពេល​លោក​ដឹកនាំ​អ្នក​ស្រុក​កោះធំ ជិះ​រថភ្លើង។

ចំពោះ​ការ​ជួសជុល​ផ្លូវជាតិ​លេខ​៤៨​នេះ លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា នឹង​ចាប់ផ្តើម​ភ្លាមជា​បន្ទាន់ ​ក្រោយចប់​រដូវភ្លៀង ដោយ​ក្រសួង​បាន​រៀបចំ​ក្រុម ចំនួន​៦ក្រុម និង​គ្រឿងចក្ររួច​ជាស្រេច ហើយ​គ្រោង​នឹង​សម្រុក​ធ្វើទាំង​ថ្ងៃ​ទាំង​យប់​ផងដែរ។

ផ្លូវជាតិលេខ៤៨ ថតពីលើអាកាស កាលពីថ្ងៃទី២៣សីហា ២០១៨។ រូបថត៖ FB ក្រសួងសាធារណការ
បើតាម​ការ​លើកឡើង​របស់​រដ្ឋមន្រ្តី​រូបនេះ កាលពីខែ​សីហា ឆ្នាំ​២០១៨ រាជ​រដ្ឋាភិបាល​កម្ពុជា នឹង​ចំណាយ​ថវិកា​ប្រមាណ ៧៥លាន​ដុល្លារ សម្រាប់​លើក​កម្ពស់​ផ្លូវជាតិ​លេខ៤៨ ទៅជា​ប្រភេទ​បេតុង​កៅស៊ូ (AC) ក្នុង​ពេល​ឆាប់ៗ​នេះ។ ក្នុងនោះ​ ៦៧លាន​ដុល្លារ ជា​កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ និង​៨​ដុល្លារ ជា​ថវិកា​បដិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​ផ្លូវថ្នល់ កាលពីខែ​សីហា បង្ហាញ​ថា ទំហំ​នៃ​ការ​ខូចខាត​ផ្លូវជាតិ​លេខ៤៨ ពី​ស្រុកស្រែ​អំបិល​ ទៅខេត្ត​កោះកុង​ មាន​ប្រវែង​សរុប ៣៥,៥៤ គីឡូម៉ែត្រ លើ​ប្រវែង​សរុប ១៥៩,៦០​គីឡូម៉ែត្រ ស្មើនឹង​២២,២៦%។ របាយការណ៍​នេះ ​លើកឡើង​ថា ការ​ខូចខាត​នេះ ដោយសារតែ​ផ្លូវនេះ ហួស​រយៈពេល​ធានា​គុណភាព​ ហើយ​ទំហំ​ចរាចរណ៍​មាន​ការ​កើនឡើង និង​ជាពិសេស​គឺការ​ដឹកជញ្ជូន​សម្ភារ​សំណង់​ទៅមក​ខេត្ត​ព្រះសីហនុ។

សូម​បញ្ជាក់​ដែរថា បុណ្យ​សមុទ្រ​ឆ្នាំ​២០១៨ នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ក្នុង​ខេត្ត​កោះកុង ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ។ វា​ជា​ឆ្នាំ​ទី​៧​ហើយ​នៃ​ការ​រៀបចំ​បុណ្យ​សមុទ្រ និង​ជា​ជុំ​ទី​២ សម្រាប់​ខេត្ត​កោះកុង​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ បន្ទាប់​ពី​ការ​ធ្វើ​លើក​ទី​១​នៅ​ឆ្នាំ​២០១៤៕

អត្ថបទទាក់ទង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;