កូរ៉េ ចង់ផ្គត់ផ្គង់​គ្រឿង​បង្គំ​រថយន្ត​ ឲ្យ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ដំបូង​របស់​វៀតណាម

  • 2018-11-05 03:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​របស់​ប្រទេស​វៀតណាម បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នៅ​កូរ៉េខាងត្បូង​មួយ​ចំនួន រួម​ទាំង Hyundai និង Kia កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ផ្គត់ផ្គង់​គ្រឿង​បង្គំ​រថយន្ត សម្រាប់​ក្រុមហ៊ុន VinFast ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ស្រុក​លើក​ដំបូង​របស់​ប្រទេស​វៀតណាម។ នេះ​បើ​យោង​តាម​វេបសាយ Vietnam News ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​។

រោងចក្ររបស់ VinFast នៅក្រុង Hai Phong ប្រទេសវៀតណាម (រូបថត៖ Reuters)
លោក Luong Duc Toan មន្ត្រី​មក​ពី​នាយកដ្ឋាន​ឧស្សាហកម្ម នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​លើកឡើង​ក្នុង​សិក្ខាសាលា​មួយ​ជុំវិញ​គោល​នយោបាយ របាំង និង​ដំណោះស្រាយ​នៃ​វិស័យ​ឧស្សាហកម្ម​យានយន្ត កាល​ពី​សប្ដាហ៍​មុន​ថា លោក​បាន​ផ្ដល់​យោបល់​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​ធ្វើការ​ដំឡើង​មជ្ឈមណ្ឌល​សម្រាប់​គាំទ្រ​ឧស្សាហកម្ម​យានយន្ត​វៀតណាម​។

Vietnam News បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន Vingroup ដែល​ជា​មេ​របស់ VinFast បាន​ចាក់​បញ្ចូល​លុយ​ជាង ១៣​ ពាន់​លាន​ដុង (ប្រហែល ៥៨០ លាន​ដុល្លារ​អាមេរិក) ទៅ​ក្នុង​គម្រោង​យានយន្ត​របស់ VinFast ក្នុង​រយៈ​ពេល​៩ខែ ឆ្នាំ២០១៨​។ VinFast មាន​ទំហំ​នៃ​ការ​វិនិយោគ​សរុប​ចំនួន ៤,២​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​មាន​ប្រភព​ពី​ក្នុង និង​ក្រៅ​ស្រុក។

រថយន្ត VinFast ជារថយន្តផលិតក្នុងស្រុកលើកដំបូងរបស់វៀតណាម (រូបថត៖ Vietnam News)

សូម​រំឭក​ថា VinFast បាន​បង្ហាញ ​រថយន្ត​លើក​ដំបូង​របស់​ខ្លួន ​ចំនួន ២​ម៉ូដែល គឺ LUX A2.0 (ប្រភេទ sedan ទ្វារ៤) និង​ LUX SA2.0 (ប្រភេទ SUV) នៅ​ក្នុង​ពិព័រណ៍​នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ដើម​ខែ​តុលា ឆ្នាំ​២០១៨។ VinFast បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​នៅ​អឺរ៉ុប និង​អាមេរិក ដែល​មាន​ជំនាញ​ខាង​វិស័យ​យានយន្ត​នេះ​ ដូចជា BMW, Bosch, Magna Steyr និង Pininfarina ដើម្បី​បង្កើត​ជា​រថយន្ត​ទាំងពីរ​ម៉ូដែល​របស់​ខ្លួន​ឡើង។

VinFast គ្រោង​ផលិត​រថយន្ត​ចំនួន ២៥​ម៉ឺន​គ្រឿង នៅ​ដំណាក់​កាល​ដំបូង និង​ផលិត ៥០​ម៉ឺន​គ្រឿង​ទៀត នៅ​ដំណាក់​កាល​បន្ទាប់ ដើម្បី​ក្លាយ​ជា​អ្នក​ផលិត​រថយន្ត​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន​ក៏​បាន​អះអាង​ថា រថយន្ត​នេះ​ នឹង​មាន​តម្លៃ​សមរម្យ ដើម្បី​លក់​ជូន​ប្រជាជន​វៀតណាម​។ ក្រុមហ៊ុន​ដដែល គ្រោង​បញ្ចេញ​លក់​រថយន្ត​ទាំងនេះ នៅ​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩​ខាងមុខ​៕

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;