អាមេរិក និង​ចិន ឯកភាព​គ្នា​ថា នឹង​មិន​ដំឡើង​ពន្ធ​នាំចូល​ដាក់គ្នា​ទៀតឡើយ

  • 2018-12-02 03:08:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋ​អាមេរិក និងចិន កាលពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​ឯកភាព​គ្នាថា នឹង​មិន​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​គ្នា​ទៀត​ឡើយ ចាប់ពី​ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០១៩​តទៅ ហើយ​កិច្ចចរចា​នេះ នឹងធ្វើ​ឡើង​បន្តទៀត។ ការ​ឯកភាពគ្នា​នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង ក្រោយកិច្ច​ប្រជុំ​កំពូល G20 នៅ​ប្រទេស​អាហ្សង់ទីន។

ការយល់ព្រម​រវាងគ្នា​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ទាំង២ បាន​ចាប់ផ្តើម​អនុវត្ត​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូលគ្នា​ទៅវិញ​ទៅមក ចាប់តាំង​ពីខែ​កក្កដា ឆ្នាំ​២០១៨​មក ដែលត្រូវ​បានគេ​ហៅថាជា "សង្គ្រាម​ពាណិជ្ជកម្ម"។

លោក ដូណាល់ ត្រាំ បាន​ប្រាប់​លោក ស៊ី ជិនពីង​ នៅក្នុង​ជំនួប​នោះ​ថា លោក​សង្ឃឹម​ថា ភាគី​ទាំង២ នឹង​សម្រច​បាន​ជោគជ័យ​ចំពោះ​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​ទាំង២។ លោក ត្រាំ ថា​ទំនាក់ទំនង​ដែល​មិនគួរ​ឱ្យជឿ រវាង​លោក និង​លោកស៊ី ជិនពីង ដែល​បាន​បង្កើតឡើង​នោះ នឹងក្លាយ​ជាមូលហេតុ​ដ៏ចម្បង សម្រាប់​ដំណើរការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២។

ជំនួបអាហារពេលល្ងាចរវាងលោក ស៊ី ជិនពីង និង​លោក ដូណាល់ ត្រាំ ក្រោយកិច្ចប្រជុំកំពូល G20 នៅប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី១ ធ្នូ ២០១៨។ រូបថត៖ NYTIMES
ជាមួយគ្នា​នោះ លោក ស៊ី ជិនពីង បាន​ប្រាប់​លោក ត្រាំ វិញ​ថា មានតែ​កិច្ចសហប្រតិបត្តិការ​តែ​មួយគត់ ដែលអាចឱ្យ​អាមេរិក និងចិន ទទួលបាន​ផលប្រយោជន៍​ពីសន្តិភាព និង​វិបុលភាព។ លោកថា ក្រុង​វ៉ាស៊ីងតោន និង​ប៉េកាំង ក៏​កាន់តែ​មាន​តួនាទី​សំខាន់ ចំពោះ​សន្តិសុខ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ។

គួរ​កត់​សម្គាល់​ដែរ​ថា នៅចុង​បញ្ចប់នៃ​កិច្ចប្រជុំ​កំពូល G20 នេះ បណ្តា​មេដឹកនាំ​ទាំងអស់​ដែល​ចូលរួម បាន​ព្រមព្រៀងគ្នា​ចេញ​សេចក្តីថ្លែងការណ៍​រួម។ ពោលគឺ​ខុស​ពីកិច្ច​ប្រជុំកំពូល​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាហ្វិក (APEC) ធ្វើឡើង​កាលពី​ថ្ងៃទី១៨-១៨វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ប៉ាពូញ៊ូវហ្គីណេ ដែល​មេដឹកនាំ​ទាំងអស់ បាន​បរាជ័យ​ក្នុងការ​ឯកភាព​គ្នា​ចេញ​សេចក្តីថ្លែងការណ៍រួម​ជាលើក​ដំបូង ដោយសារ​តែភាពមិន​ត្រូវគ្នា​រវាង អាមេរិក និង​ចិន ជុំវិញ​បញ្ហា​ពាណិជ្ជកម្ម៕

អត្ថបទទាក់ទង

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;