អំបិល​នាំចូល​ពី​ចិន​មក​កម្ពុជា ១ម៉ឺន​តោន កំពុង​ជាប់គាំង ដោយ​ខ្វះ​កន្លែង​ទុក

  • 2019-01-04 02:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​សមាគម​ផលិត​អំបិល​ខេត្ត​កំពត និង​កែប លោក ប៊ុន បារាំង បាន​ថ្លែង​កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៩​ថា ដោយសារតែ​ការ​កកស្ទះ​អំបិល​ដែល​នាំចូល​ពី​ចិន​ប្រមាណ​ជា ១ម៉ឺនតោន នៅលើ​កប៉ាល់ គ្មាន​កន្លែង​ទុកដាក់ បាន​ក្លាយជា​បញ្ហា​ប្រឈម ដល់អ្នក​នាំ​អំបិល​ពីចិន មក​ផ្គត់ផ្គង់​ក្នុង​ស្រុក។

លោក​បាន​ឱ្យដឹងថា អ្នក​នាំចូល​អំបិល​ បាន​រងការ​ផាកពិន័យ ពី​កំពង់ផែ និង​ក្រុមហ៊ុន​ដឹកជញ្ជូន ព្រោះតាម​ការ​កំណត់​ត្រឹម​១សប្តាហ៍ តែដោយ​គ្មាន​កន្លែង​ស្តុក ទើប​បាន​ហួសមក​ដល់​ប្រមាណ ជាង​១ខែ​ហើយ ។

លោក ប៊ុន បារាំង លើកឡើង​ថា ការនាំចូល​អំបិល​ពី​ចិន មាន​ការ​លឿន​រហ័ស​ហួស​ពីការ​គិតទុក។ «តាម​ការ​គ្រោងទុក​ជាមុន គឺអាច​មក​ម្តងមួយ​កប៉ាលៗ ប៉ុន្តែ​មិននឹក​ស្មាន​ថា មកម្តង១៩​កប៉ាល់ ខណៈមួយ​កប៉ាល់​ទៀត កំពុង​មកជិត​ដល់។ ចំណុច​នេះ​ហើយ ជា​បញ្ហា​ចោទ​មិនអាច រក​កន្លែង​ស្តុក​ទុក​ទាន់ ទើប​បង្ខំ​ចិត្តលក់​ចេញ ក្នុង​តម្លៃ​ថោក ដើម្បី​ធ្វើ​យ៉ាងណា​ជៀសវាង​កុំឲ្យ​រងការ​ផាកពិន័យ ប៉ុន្តែ​នៅតែ​ជៀស​មិនផុត»។

ការមក​ជា​គំហុក​បែបនេះ លោក​ថា បាន​ធ្វើឲ្យ​លោក​ខាតបង់​ថវិកា ដោយសារ​តែការ​បង់ប្រាក់​ពិន័យ ទៅខាង​កំពង់ផែ និង​ក្រុមហ៊ុន​ដឹកជញ្ជូន ដែលមិន​អាច​យក​ម​កស្កុក​បាន ព្រោះគ្មាន​កន្លែង​ទុកដាក់ ដោយសារ​ចំនួន​មកច្រើន។ «​អ៊ីចឹង វាឡើង​មកច្រើន​ពេក ពូធ្វើ​ម៉េចទាន់ ពូទៅ​លក់​ឯណា​ទាន់ ព្រោះ​អំបិល​ច្រើន​ណាស់ ទាំង​២០​កប៉ាល់។ ឥឡូវ​មកដល់​លើគោក​ផុតហ្នឹង ​១ម៉ឺនតោន។ ២០​កប៉ាល់ តើយក​ទៅទុក​នៅ​ណា​អស់»។

បន្ថែមពី​លើនេះ លោក​ប្រធាន​សមាគម អះអាង​ថា គ្រាន់តែ​៦០កុងតឺន័រ​ លោកបាន​ខាត់បង់​ថវិកា​ដោយសារ​ការ​ផាកពិន័យ ​១៣៤០០​ដុល្លារ ប៉ុន្តែ​យ៉ាងណា​លោក​មិនទាន់​ដឹងថា ខាតទាំង​២០កប៉ាល់​ប៉ុន្មាន​នៅឡើយ​ទេ។

ទោះ​ជាយ៉ាងណា លោក​បាន​ទទួល​ស្គាល់​គុណភាព​អំបិល​នាំមក​ពីចិន​ថា មាន​គុណភាព​ល្អ ទាំង​អំបិល​គ្រួស និង​ម៉ត់។ លោក​បង្ហាញពី​ក្តី​បារម្ភ​ថា ឆ្នាំ​២០១៨​ មិន​បាន​ប្រមូល​ផល អំបិល​ទាល់តែ​សោះ ហើយ​ថា​នៅឆ្នាំ​បន្ត​ទៀត ប្រសិន​បើមាន​ភ្លៀង​ធ្លាក់ជា​បន្ត​បន្ទាប់ ការ​ប្រមូល​ផល​អំបិល​ក៏​ពុំបាន​ដែរ។

សូមបញ្ជាក់​ថា ក្នុង​ឆ្នាំ២០១៨ កម្ពុជា​បាន​ជួប​បញ្ហា​ខ្វះអំបិល ដោយសារការ​ប្រែប្រួល​អាកាសធាតុ ។ បើតាម​គម្រោង​របស់​សមាគម​ផលិត​អំបិល នឹង​នាំចូល​អំបិល ពី​ក្រៅ​ប្រទេស​៣ម៉ឺនតោន ក្នុងនោះ​ចិន២ម៉ឺន​តោន និងថៃ១​ម៉ឺន​តោន៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;