អ្នកនាំពាក្យ​រាជ​រដ្ឋា​ភិបាល​៖ កម្ពុជា​ពុំ​មាន​ឧបសគ្គ​ក្នុង​ការ​បង់ពន្ធ​អង្ករ​ទៅ​ EU ​ទេ​

  • 2019-01-16 06:23:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់​ឲ្យដឹង​ថា កម្ពុជា​ពុំ​មាន​អ្វី​ទើសទាល់​ទេ ចំពោះ​ការ​យក​ពន្ធ​នាំ​ចូល​អង្ករ​ពី​កម្ពុជា ​ទៅ​ក្នុង​សហភាព​អឺរ៉ុប​។ លោក​ថា កម្ពុជា​ក៏​អាច​មាន​លទ្ធភាព​ក្នុង​ការចាត់ចែង​បង់ពន្ធ​បាន ម្យ៉ាង​កម្ពុជា​ក៏​មិន​ចង់​នៅតែ​ជា​ប្រទេស​មួយ​ដែល​ត្រូវ​បាន​គេ​ចិញ្ចឹម​រហូត​នោះ​ទេ​។

លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា
លោក ផៃ ស៊ីផា​ន បញ្ជាក់​ថា ទាក់ទង​នឹង​បញ្ហា​នេះ សហភាព​អឺរ៉ុប​នឹង​មិន​យកពន្ធ​ដោយ​គំហុក​ទេ​។ កម្ពុជា​ នឹង​មាន​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​រក​ចំណុច​រួម​មួយ ដែល​សមរម្យ​ស្របតាម​ខ្សែ​បន្ទាត់​នៃ​ចំណូល​របស់​កម្ពុជា ក្នុង​កម្រិត​ល្មម​ដែល​កម្ពុជា​អាច​ដោះស្រាយ​បាន​។​

លោក​សង្កត់ធ្ងន់​ថា បច្ចុប្បន្ន កម្ពុជា​កំពុង​ពិភាក្សា​គ្នា​បន្ត​បន្ទាប់ ដើម្បី​រក​ចំណុច​រួម​មួយ​នៃ​ចំនួន​ពន្ធ ដែល​កម្ពុជា​អាច​បង់ពន្ធ​ទៅ​ឲ្យ​សហភាព​អឺរ៉ុប​។

គួរ​រំឭក​ថា យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា បញ្ជាក់​ថា សហភាព​អឺរ៉ុប​ គ្រោង​អនុវត្ត​​ពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា ដើម្បី​ការពារ​តម្លៃ​ផលិត​អង្ករ​ក្នុង​តំបន់​។ គណៈកម្មការ​អឺរ៉ុប អាច​នឹង​ធ្វើការ​ប្រកាស​ពី​ការ​ចាប់ផ្ដើម​យក​ពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ ប្រសិនបើ​គ្មាន​ការ​ជំទាស់​ពី ភាគី​ពាក់ព័ន្ធ​ទេ​នោះ​៕

អត្ថបទទាក់ទង EU គ្រោង​អនុវត្ត​​ពន្ធ​នាំចូល អង្ករ​កម្ពុជា ​ក្នុង​សប្ដាហ៍​នេះ​

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;