ពូទីន ព្រមានរដ្ឋបាលលោក ត្រាំ កុំឲ្យលូកដៃរឿង វេណេហ្ស៊ុយអេឡា
- 2019-01-25 06:14:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូទីន ព្រមានរដ្ឋបាលលោក ត្រាំ កុំឲ្យលូកដៃរឿង វេណេហ្ស៊ុយអេឡា
ចន្លោះមិនឃើញ
ប្រទេសរុស្ស៊ី បានធ្វើការព្រមានចំពោះសហរដ្ឋអាមេរិក ពីការលូកដៃចូលក្នុងវិបត្តិផ្ទៃក្នុងប្រទេសវេណេហ្ស៊ុយអេឡា បន្ទាប់ពីក្រុងវ៉ាស៊ីនតោន ប្រកាសទទួលស្គាល់មេដឹកនាំបក្សប្រឆាំងនៅវេណេហ្ស៊ុយអេឡា លោក Juan Guaido ជាប្រធានាធិបតីស្របច្បាប់។
យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់វិមានក្រឹមឡាង បានឲ្យដឹងថា លោក វ៉ាឌឺមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទូរសព្ទទៅកាន់លោក Nicolas Maduro ប្រធានាធិបតីវេណេហ្ស៊ុយអេឡាថា៖ «ការលូកដៃផ្ទៃក្នុងដែលអាចបង្កការហិនហោច ជាការរំលោភជាទម្ងន់ទៅលើមូលដ្ឋាននៃច្បាប់អន្តរជាតិ»។
អាមេរិក បានផ្ដល់ទឹកប្រាក់ចំនួន ២០លានដុល្លារ ជាជំនួយអាសន្ន សម្រាប់មេបក្សប្រឆាំងលោក Guaido និងបានស្នើឲ្យមានកិច្ចប្រជុំបន្ទាន់មួយ នៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នៅថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩ លើវិបត្តិវេណេហ្ស៊ុយអេឡា។
មេបក្សប្រឆាំង Juan Guaido បានប្រកាសខ្លួនជាប្រធានាធិបតីវេណេហ្ស៊ុយអេឡា កាលពីថ្ងៃទី២៣ ខែមករា។ ក្រោយសហរដ្ឋអាមេរិកបានទទួលស្គាល់លោក Guaido មេដឹកនាំ Maduro បានបណ្ដេញមន្ត្រីទូតអាមេរិកទាំងអស់ ចេញពីប្រទេស និងទុកពេលឲ្យ ៧២ម៉ោង។ លោក Maduro ក៏បានបញ្ជាឲ្យមន្ត្រីទូតវេណេហ្ស៊ុយអេឡាប្រចាំនៅក្រុងវ៉ាស៊ីនតោន ដកខ្លួនចេញពីអាមេរិក និងបញ្ជាឲ្យបិទស្ថានទូតផងដែរ៕
អត្ថបទទាក់ទង