​រដ្ឋបាល​លោក ត្រាំ គ្រោង​បញ្ជូន​កង​ទ័ព​ ៥ពាន់​នាក់​ទៅ​ប្រទេស​នៅ​ជាប់ វេណេហ្ស៊ុយអេឡា

  • 2019-01-29 07:22:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រដាស​មួយ​សន្លឹក ដែល​ស្ថិត​ក្នុង​ដៃ​របស់​លោក John Bolton ទីប្រឹក្សា​សន្តិសុខ​អាមេរិក បាន​បង្ហាញ​ថា ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ គ្រោង​នឹង​បញ្ជូន​កងទ័ព​ចំនួន ៥០០០នាក់ ទៅ​កាន់​ប្រទេស​ដែល​នៅ​ជាប់​ប្រទេស​វេណេហ្ស៊ុយអេឡា។ ក្រដាស​នោះ​បាន​សរសេរ​ថា៖ «កង​ទ័ព ៥០០០នាក់ បញ្ជូន​ទៅ​ប្រទេស​កូឡុំប៊ី​»។

ក្រដាសពណ៌លឿង ក្នុងដៃលោក John Bolton ទីប្រឹក្សា​សន្តិសុខ​អាមេរិក សរសេរថា «កង​ទ័ព ៥០០០នាក់ បញ្ជូន​ទៅ​ប្រទេស​កូឡុំប៊ី​» (រូបថត៖ Getting Images)
រូបថត​លោក John Bolton កាន់​ក្រដាស​ពណ៌​លឿង​មួយ​សន្លឹក​នោះ ត្រូវ​បាន​ថត​ក្នុង​សេចក្ដី​ថ្លែងការណ៍​ មុខ​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៩​។ ក្រសួង​ការពារជាតិ​អាមេរិក មិន​អាច​បញ្ជាក់​ពី​ការ​បញ្ជូនកងទ័ព​នេះ បាន​នៅឡើយទេ​។

សហរដ្ឋអាមេរិក បាន​ប្រកាស​គាំទ្រ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅវេ​ណេហ្ស៊ុយអេឡា លោក Juan Guaido និង​ទទួល​ស្គាល់​លោក​ជា​ប្រធានាធិបតី​ស្របច្បាប់​។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន លោក Bolton បាន​លើកឡើង​ថា មន្ត្រី និង​យោធា​វេណេហ្ស៊ុយអេឡា ចង់​ឲ្យ​មាន​ការ​បន្ថែម​កម្លាំង​រក្សា​សន្តិសុខ នៅ​ក្នុង​ប្រទេស​មួយ​នេះ ហើយ​លោក ដូណាល់ ត្រាំ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​វេណេហ្ស៊ុយអេឡា អាមេរិក​មាន​ជម្រើស​ទាំងអស់​។

សូម​ជម្រាប​ថា លោក John Bolton បាន​ជំរុញ​ឲ្យ​យោធា និង​កម្លាំង​សន្តិសុខ​វេណេហ្ស៊ុយអេឡា ទទួល​យក​ការផ្ទេរ​អំណាច​ដោយ​សន្តិវិធី ប្រជា​ធិបតេយ្យ និង​ស្របតាម​រដ្ឋធម្មនុញ្ញ ទៅ​ឲ្យ​មេ​បក្ស​ប្រឆាំង។ ការ​ជំរុញ​នេះ ធ្វើឡើង​ខណៈ​ដែល​អាមេរិក បាន​បង្កើន​ការដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​របស់​លោក Nicolas Maduro តាម​រយៈ​ការដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេងកាត​របស់​រដ្ឋ PDVSA កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៩។

ទន្ទឹមនឹង​នេះ លោក​ទីប្រឹក្សា ក៏​បាន​អំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្ត​ និង​ដៃគូ​ ចូលរួម​ជាមួយ​អាមេរិក ក្នុង​​ការ​ទទួល​ស្គាល់​មេ​បក្ស​ប្រឆាំង​លោក Juan Guaido ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​វេណេហ្ស៊ុយអេឡា ហើយ​បិទ​នូវ​ការ​ដំណើរការ​មូលនិធិ​ទាំងឡាយ​របស់​លោក Maduro ផង​ដែរ​៕

រូបថត៖ Reuters

អត្ថបទទាក់ទង

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;