Maduro ជិះ​រថក្រោះ​រុស្ស៊ី​ បង្ហាញ​សាច់ដុំ​យោធា​ ខណៈ​មាន​បញ្ហា​ជាមួយ​អាមេរិក​

  • 2019-01-28 08:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា Nicolas Maduro បាន​ចុះ​ត្រួត​ពិនិត្យ​​សមយុទ្ធ​មួយដើម្បី​បង្ហាញ​សាច់ដុំ​យោធា​ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​មករា ឆ្នាំ​២០១៩ ដោយ​មាន​ការ​បង្ហាញ​ឧបករណ៍​ធ្វើ​សង្គ្រាម​មកពី​ប្រទេស​រុស្ស៊ី ដូចជា អាវុធ​ប្រឆាំង​យន្តហោះ​ចម្បាំង និង​រថក្រោះ​របស់​ជាដើម។ ក្នុង​វីដេអូ​មួយ គេ​ឃើញ​លោក Maduro បាន​ជិះ​រថក្រោះ​ជាមួយ​យោធា​ផង​ដែរ​។

លោក Maduro អើតចេញពីក្នុងរថក្រោះ (រូបថត៖ Twitter)
សមយុទ្ធ​​យោធា​របស់​វេណេហ្ស៊ុយអេឡា​នេះ គឺ​បន្ទាប់ពី​រដ្ឋបាល​លោក Maduro ត្រូវ​បាន​អន្តរជាតិ ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញ​នៅ​ក្នុង​ប្រទេស​មួយ​នេះ និង​បន្ទាប់ពី​សហរដ្ឋ​អាមេរិក ប្រកាស​ទទួល​ស្គាល់​មេ​បក្ស​ប្រឆាំង លោក juan Guaido ជា​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា​ស្រប​ច្បាប់​។

ក្នុង​ការ​បង្ហាញ​ឧបករណ៍​ធ្វើ​សង្គ្រាម​របស់​យោធា​វេណេហ្ស៊ុយអេឡា​នេះ​ដែរ លោក Maduro អម​ដំណើរ​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ Vladimir Padrino បាន​ទស្សនា​ការ​បាញ់​គ្រាប់​ពិត ទៅ​លើ​គោលដៅ​ជម្រាល​ភ្នំ​មួយ នៅ​បន្ទាយ Paramacay ជិត​រដ្ឋធានី ​Caracas ។

រថក្រោះ T-72 របស់​រុស្ស៊ី ក្នុង​សមយុទ្ធធ្វើឡើង​នៅ​បន្ទាយ Paramacay ជិតរដ្ឋធានី Caracas ប្រទេសវេណេហ្ស៊ុយអេឡា (រូបថត៖ AFP)

លោក Maduro បាន​ថ្លែង​ថា ការ​បង្ហាញ​សាច់ដុំ​យោធា​នេះ​ដែរ គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​មាន​ការ​គាំទ្រ​ពី​សំណាក់​យោធា​វេណេហ្ស៊ុយអេឡា។ លោក​បន្ត​ថា មេ​បក្ស​ប្រឆាំង​លោក Guaido កំពុង​ចូលរួម​ជាមួយ​អាមេរិក ក្នុង​គោលបំណង​ដើម្បី​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រូប​លោក​។

ជាង​នេះ​ទៅ​ទៀត លោក​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា ​ប្រកាស​យក​ថ្ងៃ​ទី១០-១៥ ខែ​កុម្ភៈ ជា​ថ្ងៃ​ធ្វើ​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​ទៀត ដែល​លោក​ចាត់​ទុក​ជា​ រឿង​ដ៏​សំខាន់​បំផុត​ក្នុង​ប្រវតិ្តសាស្ត្រ​របស់​វេណេហ្ស៊ុយអេឡា​។

លោក Maduro ជួបជាមួយយោធា (រូបថត៖ Reuters)

គួរ​រំឭក​ថា មេ​បក្ស​ប្រឆាំង Juan Guaido បាន​ប្រកាស​ខ្លួន​ជា​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា។ ក្រោយ​សហរដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​លោក Guaido មេដឹកនាំ Maduro បាន​បណ្ដេញ​មន្ត្រី​ទូត​អាមេរិក​ទាំងអស់​ ចេញ​ពី​ប្រទេស និង​ទុក​ពេល​ឲ្យ ៧២​ម៉ោង​។ លោក Maduro ក៏​បាន​បញ្ជា​ឲ្យ​មន្ត្រី​ទូត​វេណេហ្ស៊ុយអេឡា​ប្រចាំ​​នៅ​ក្រុង​វ៉ាស៊ីនតោន ដក​ខ្លួន​ចេញ​ពី​អាមេរិក និង​បញ្ជា​ឲ្យ​បិទ​ស្ថាន​ទូត​ផង​ដែរ​៕

អត្ថបទទាក់ទង

ប្រភព៖ Globalnews ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;