ច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលើលិខិតឆ្លងដែន ត្រូវបើកឱ្យដំណើរការហើយ
- 2019-02-01 07:21:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលើលិខិតឆ្លងដែន ត្រូវបើកឱ្យដំណើរការហើយ
ចន្លោះមិនឃើញ
ច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលើលិខិតឆ្លងដែនអេឡិចត្រូនិច ( E-passports ) នៅព្រលានយន្តហោះ ត្រូវបានដាក់ឱ្យដំណើរការហើយនាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា ថ្ងៃនេះក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរការប្រើប្រាស់ជាលើកដំបូងនូវប្រព័ន្ធច្រកទ្វារអេឡិចត្រូនិច (E-gates) ដើម្បីឱ្យអ្នកធ្វើដំណើរតាមច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាប ដែលជាប្រជាពលរដ្ឋខ្មែរ ចេញ-ចូលតាមអាកាសយានទាំង២នេះ មិនបាច់ទៅកាន់បញ្ជរដែលមានមន្ត្រីអន្តោប្រវេសន៍ ធ្វើការដូចសព្វមួយដងទេ។
លោកថា នេះជាស្វ័យប្រព័ន្ធ ហើយប្រជាពលរដ្ឋ អាចដំណើរការដោយខ្លួនឯង ដោយមិនបាច់មានមន្ត្រីអន្តោប្រវេសន៍ លើកលែងតែមានឧបសគ្គខ្លះៗ ជាបច្ចេកទេស ទើបត្រូវការជំនួយពីមន្ត្រីនគរបាលអន្តោប្រវេសន៍។ «ដំណើរការនៃម៉ាស៊ីននេះ មានភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋយើង គឺគាត់ចំណាយពេលតិច លឿនរហ័ស ជាសេវាដែលធ្វើដោយខ្លួនឯង ហើយ ប្រព័ន្ធនេះបង្កលក្ខណៈងាយស្រួលច្រើន ដែលធ្វើឱ្យ អ្នកដំណើរជាប្រជាពលរដ្ឋខ្មែរយើងសប្បាយរីករាយ ក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូល»។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា ប្រព័ន្ធនេះមានផលប្រយោជន៍ ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋចេញ-ចូល បានលឿនរហ័ស ក៏បានជួយឱ្យសមត្ថកិច្ចគ្រប់គ្រងទិន្ន័យ នៅក្នុងប្រព័ន្ធមួយច្បាស់លាស់ជាងពេលមុនផងដែរ ទាំងការផ្ទៀងផ្ទាត់អត្តសញ្ញាណផ្សេងៗ។
«ការដាក់ឱ្យដំណើរការម៉ាស៊ីនស្វ័យប្រព័ន្ធនេះ គឺអាចជួយដល់អង្គភាព ប៉ុស្តិ៍នគរបាលច្រកទ្វារទាំង២ (ប៉ុស្តិ៍អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប) បានច្រើន ព្រោះដោយសារអត់មានម៉ាស៊ីននេះ គឺអ្នកដំណើរពី២៥-៣០% នៃអ្នកដំណើររួម ដែលជាពលរដ្ឋខ្មែរ នឹងត្រូវទៅកាន់មន្ត្រី ហើយមន្ត្រីយើងជាអ្នកពិនិត្យ រៀបចំ និងផ្តល់សេវាជូន ពេលគាត់ប្រើប្រាស់ម៉ាស៊ីននេះ មន្ត្រីយើងអាចធូរស្រាលបាន ២០-៣០% ដោយប្រជាពលរដ្ឋបានចំណាយពេល ៥ទៅ៧វិនាទី សម្រាប់អ្នកដំណើរម្នាក់»។ នេះបើតាមការលើកឡើងបន្ថែមរបស់លោក គៀត ច័ន្ទថារិទ្ធ។
ទោះជាយ៉ាងណា លោកថាការដាក់ឱ្យដំណើរការម៉ាស៊ីននេះ ក៏មានបញ្ហាបន្តិចបន្តួច ដោយមានលិខិតឆ្លងដែនខ្លះ ដែលម៉ាស៊ីនមិនអាន ហើយបណ្តាលមកពីលិខិតឆ្លងដែននោះ មានបញ្ហាឈិប(Chip) ចាស់ពេក ឬសង្កត់បាក់ ប៉ុន្តែខាងក្រសួងក៏ត្រៀមបញ្ជរផងដែរ សម្រាប់អ្នកដំណើរដែលជួបបញ្ហានេះផងដែរ។
បើតាមលោកអគ្គនាយក ឱ្យដឹងថា អ្នកដែលប្រើលិខិតឆ្លងដែន (E-passport) គឺចូលទៅប្រើម៉ាស៊ីនតែម្តង។ «គាត់ដាក់លិខិតឆ្លងដែនហើយ មានការណែនាំលើហ្នឹង ពេលគាត់ដាក់លិខិតឆ្លងដែនហើយ ត្រូវផ្តិតមេដៃ។ បើសិនទទួលស្គាល់ថា ក្រយ៉ៅដៃ និងលិខិតឆ្លងដែនរបស់គាត់ត្រឹមត្រូវហើយ ទ្វារនឹងបើកឲ្យយើងដំណើរការចេញ-ចូលបាន»៕
អត្ថបទ និងរូបថត៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
អត្ថបទទាក់ទង៖ លិខិតឆ្លងដែនពលរដ្ឋខ្មែរ នឹងមិនត្រូវបោះត្រាចេញចូលទៀតឡើយ នៅព្រលានយន្តហោះ២