មេបញ្ជាការរង​ ឡើង​ជា​មេបញ្ជាការ​ស្ដីទីប៉េអឹម​ខេត្ត​រតនគិរី ជំនួស​លោក គឹម រស្មី

  • 2019-02-12 01:31:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​លុបឈ្មោះ​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ចេញពី​ក្របខណ្ឌ​នៃ​កងយោធ​ពល​ខេមរភូមិន្ទមក នៅ​មិនទាន់​បានតែង​តាំង​ជា​ផ្លូវការ​នៅឡើយ​ទេ ពោល​គឺលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន ដែលជា​មេបញ្ជាការរង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​រតនគីរី ឡើងជា​មេបញ្ជាការ​ស្តីទី។

លោក ថាវ យ៉េន ឡើងជា​មេបញ្ជាការ​ស្តីទី អំឡុង​ពេល​ដែល​មិន​ទាន់​មានការ​តែងតាំង​មេបញ្ជាការ​ថ្មី​ជាផ្លូវការ
​លោក​ឧ​ត្ត​ម​សេស​នី​យ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានឲ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​១១ ខែកុម្ភៈថា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី នៅ​មិនទាន់​តែងតាំង​នៅឡើយ​ទេ ដោយ​ខាង​ជំនាញ​កំពុងតែ​ស្នើ​តាម​ឋានានុក្រម​ទៅ​អគ្គបញ្ជាការ ទៅ​ក្រសួងការពារជាតិ រហូត​ទៅដល់​រាជរដ្ឋាភិបាល​។ ឥឡូវនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន នាយសេនាធិការ និង​ជា​មេបញ្ជាការរង ឡើងជា​មេបញ្ជាការ​ស្តីទី​។

គួររំលឹកផងដែរថា ព្រះ​មហាក្សត្រ​បាន​ចេញព្រះរាជក្រឹត្យ​នៅថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រាស់​បង្គាប់​លុបឈ្មោះ​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជ​​អាវុធ​ហត្ថខេត្តរតនគិរី ចេញពី​ក្របខណ្ឌ​នៃកង​យោធពល​ខេមរភូមិន្ទ។ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ហៅ​ការ​លុបឈ្មោះ​ខាងលើនេះថា ជា​ការវះកាត់​ប្រកប​ដោយ​ការ​ឈឺចាប់...

លោក គឹម រស្មី ពេល​នៅ​កាន់​តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី

ការ​សម្រេច​នេះ ធ្វើឡើង​ក្រោយពេល​លោក គឹម រស្មី ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញសង្គម​បង្ហោះ និង​ចែករំលែក​វីដេអូ​បង្ហាញ​ថា លោក​បាន​ចែក​កាដូ​ជាសែក​ដល់​កូនៗ​របស់ខ្លួន​ចំនួន ៥​នាក់ ដោយក្នុង​ម្នាក់ ១០ម៉ឺន​ដុល្លារ ក្នុងពិធី​ខួប​កំណើត​មួយ ក្នុង​អំឡុង​ចូលឆ្នាំចិន​កន្លងទៅ​នេះ៕

ចុចអាន៖ មេ​ប៉េអឹមខេត្តរតនគិរី ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​កងយោធពលខេមរភូមិន្ទ​ហើយ

ប្រភព៖ រស្មីកម្ពុជា អត្ថបទ៖ សោភា

អត្ថបទថ្មី
;