នាវា​ទ័ព​ជើងទឹក​ឥណ្ឌា គ្រោង​ចូល​ចត​នៅ​កម្ពុជា នាខែ​ក្រោយ​នេះ

  • 2019-02-12 04:18:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ចុងខែ​មីនា ឆ្នាំ​២០១៩​ខាងមុខ នាវា​កងទ័ព​ជើងទឹក​ឥណ្ឌា មាន​គម្រោង​ចូលចត​ធ្វើ​ទស្សនកិច្ច​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ដើម្បី​ផ្លាស់ប្តូរ​បទ​ពិសោធន៍​រវាង​កងទ័ព​ជើងទឹក និង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ។ នេះ​បើតាម​លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ជម្រាប​ទៅ​កាន់​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះ​សីហនុ ក្នុង​ជំនួប​ពិភាក្សា​មួយ​កាលពីថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩។

លោកស្រី Manika Jain ក្នុងជំនួបជាមួយ​លោក យន្ត មីន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០១៩។ រូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ
លោកស្រី​បាន​បន្ត​ថា ឥណ្ឌា និង​កម្ពុជា មាន​កិច្ច​សហប្រតិបត្តិការ​ទំនាក់ទំនង​ល្អ ដោយ​ផ្តោតលើ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន លើ​គម្រោង​អភិវឌ្ឍន៍​មេគង្គ វិស័យ​អប់រំ បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ដោយក្នុង​មួយឆ្នាំៗ​ ឥណ្ឌា​ជួយ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ចំនួន ១៥០​នាក់ ហើយ​ឆ្នាំ២០១៩​នេះ បន្ថែម ២៩នាក់​ទៀត។ ក្នុងនោះ​ក៏មាន​វិស័យ​ការពារ​ជាតិ បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ផ្នែក​កងទ័ព​ជើងទឹក លើ​បច្ចេកទេស​ដោះមីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាដើម។

ជាការ​ឆ្លើយតប​លោក​អភិបាលខេត្ត​ បាន​ស្វាគមន៍​ចំពោះ​សំណើ​សុំ​ការ​ចូលចត​នាវា​កងទ័ពជើងទឹក​ឥណ្ឌា​នៅចុងខែ​មីនា​ខាងមុខ​នេះដែរ ដោយ​លោក​ក៏ធ្លាប់​បាន​ចូលរួម​អបអរ​សាទរ នៃការ​ចូលចត​នាវា​កងទ័ព​ជើងទឹក​ឥណ្ឌា នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ ២ដង​រួច​មកហើយ។

នាវាកងទ័ពជើងទឹកឥណ្ឌា (រូបតំណាង)

លោក យន្ត មីន គូស​បញ្ជាក់​ថា ប្រទេស​កម្ពុជា និង​ប្រទេស​ឥណ្ឌា មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ដូចជា​បងប្អូន​នឹងគ្នា​តាំងពី​ដើមមក។ គ្រាដែល​កម្ពុជា​មាន​សង្គ្រាម​ផ្ទៃក្នុង ប្រទេសឥណ្ឌា​ បាន​ចូលរួម​ក្នុងការ​សម្របសម្រួល​ជា​អន្តរជាតិ ធ្វើឱ្យ​កម្ពុជា​មាន​សុខ​សន្តិភាព សេរីភាព​ពេញបរិបូណ៍ លើផ្ទៃ​ប្រទេស។

គួរ​កត់សម្គាល់​ដែរថា នាវា​ចំនួន​២គ្រឿង​របស់​កង​កម្លាំង​ស្វ័យការពារ​ជើងទឹក​ជប៉ុន ក៏នឹង​មកធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃទី​២៥ ដល់ ២៨ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​ខាងមុខនេះ​ផងដែរ ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្ដភាព​រវាង​ប្រទេស​ជប៉ុន និង​ព្រះរាជាណាចក្រ​កម្ពុជា៕

ចុចអាន៖ នាវា​ទ័ព​ជើងទឹក​ជប៉ុន២គ្រឿង នឹង​មក​កម្ពុជា​ នៅចុងខែ​កុម្ភៈ​​នេះ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;