អាកាសចរណ៍​ហ្វីលីពីន ទម្លាយ​រឿង​លម្អិត​ពី​ជើង​ហោះហើរ​ត្រង់ ភ្នំពេញ-ម៉ានីល

  • 2019-03-06 08:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​ Philippines Airline នឹង​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​លើក​ដំបូង​ ពី​រដ្ឋធានី​ម៉ានីល ទៅ​មក​ រាជធានី​ភ្នំពេញ នា​ដើម​ខែ​មេសា ឆ្នាំ​២០១៩ ខាង​មុខ​នេះ។

ថ្លែង​ក្នុង​ជំនួប​ជាមួយ​លោក ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ កាលពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួង លោក ​Jaime J. Bautista ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Philippines Airline បាន​ឲ្យដឹងថា ការ​ហោះហើរ​ត្រង់​នេះ ​ប្រើប្រាស់​ពេល​តែ​ប្រមាណ​ជាង ២​ម៉ោង​ប៉ុណ្ណោះ។

កាលពី​ដើម​ឆ្នាំ​២០១៩ លោក Jaime J. Bautista បាន​បង្ហើប​ថា សម្រាប់​ជើង​ហោះហើរ ភ្នំពេញ-ម៉ានីល​ ក្រុមហ៊ុន​គ្រោង​ប្រើប្រាស់​យន្តហោះ​ប្រភេទ Airbus A320 ដែល​អាច​ផ្ទុក​អ្នក​ដំណើរ ១៥៦​នាក់ និង​ Airbus A321 ដែល​ផ្ទុក​អ្នក​ដំណើរ​បាន ១៩៩​នាក់​។ ប្រធាន​ក្រុមហ៊ុន​នេះ​​បន្ថែម​ថា ក្នុង​១​សប្ដាហ៍ នឹង​មាន​ជើង​ហោះ​ហើរ​ចំនួន​ ៥​ជើង ពោល​គឺ ថ្ងៃ​ចន្ទ អង្គារ ព្រហស្បតិ៍ សុក្រ និង សៅរ៍​។

លោក ថោង ខុន បាន​ថ្លែង​ថា តាម​រយៈ​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​នេះ គឺ​នឹង​ជួយ​ជំរុញ​កំណើន​ទេសចរ​ពី​ហ្វីលីពីន និង​ប្រទេស​ទី​៣ មក​កាន់​កម្ពុជា​កាន់តែ​ច្រើន ខណៈ​ភ្ញៀវ​ទេសចរ​ហ្វីលីពីន​ដែល​មក​ទស្សនា​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ ប្រមាណ​តែ​ជាង ៩​ម៉ឺន​នាក់​ប៉ុណ្ណោះ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ការ​តភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​ម៉ានីល-ភ្នំពេញ​នេះ គឺ​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​របស់​កម្ពុជា ពី​ព្រោះ​តាំង​ពី​ឆ្នាំ​១៩៧០​មក កម្ពុជា​មិន​ទាន់​មាន​ជើង​ហោះហើរ​ត្រង់​ណា​មួយ ពី​ភ្នំពេញ​ទៅ​មក​ម៉ានីល​ឡើយ​។

សូម​ជម្រាប​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​របស់​ហ្វីលីពីន ក៏​បាន​ហោះហើរ​ត្រង់​ពី​ទីក្រុង​សេប៊ូ (ទីក្រុង​មួយ​នៅ​លើ​កោះ​សេប៊ូ នៃ​ប្រទេស​ហ្វីលីពីន) មក​ក្រុង​សៀមរាប​ផងដែរ ដោយ​ក្នុង​មួយ​សប្ដាហ៍​ហោះហើរ បាន​ចំនួន ៤​ជើង​៕

អត្ថបទទាក់ទង ជើង​ហោះហើរ​ត្រង់ ភ្នំពេញ-ម៉ានីល ផ្ដើម​ដំណើរ​ការ​​នៅដើមខែមេសា ឆ្នាំ​២០១៩

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;