ផ្លូវជាតិលេខ៧១C ប្រវែងជាង ១១៤គីឡូម៉ែត្រ អាចនឹងលេចរូបរាងឡើងដំណាលគ្នាជាមួយស្ពានស្ទឹងត្រង់-ក្រូចឆ្មារ
- 2019-03-19 02:03:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវជាតិលេខ៧១C ប្រវែងជាង ១១៤គីឡូម៉ែត្រ អាចនឹងលេចរូបរាងឡើងដំណាលគ្នាជាមួយស្ពានស្ទឹងត្រង់-ក្រូចឆ្មារ
ចន្លោះមិនឃើញ
ផ្លូវជាតិលេខ៧១C ប្រវែងជាង ១១៤ គីឡូម៉ែត្រដែលបែកចេញពីជាតិលេខ៧១ ស្រុកចម្ការលើ ឆ្លងកាត់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ភ្ជាប់ផ្លូវជាតិលេខ៧៣នោះ គឺអាចនឹងលេចជារូបរាងដំណាលគ្នាជាមួយស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នាដំណាច់ឆ្នាំ២០២០ខាងមុខនេះ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជួន បានថ្លែងក្នុងឱកាសជួបជាមួយមន្ត្រីរាជការ នៃមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកំពង់ចាមកាលពីចុងសប្តាហ៍កន្លងទៅថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នឹងសាងសង់ចប់សព្វគ្រប់ក្នុងរង្វង់ដំណាច់ឆ្នាំ២០២០ខាងមុខនេះហើយ។ «អ៊ីចឹង! បើយើងសង់ស្ពានហើយអត់មានផ្លូវនោះ មិនកើតទេ ដូច្នេះបើឈានដល់ការចរចាចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវជាតិលេខ៧១C បានក្នុងឆ្នាំនេះ នោះសង្ឃឹមថានឹងបានបើកការដ្ឋានស្ថាបនាក្នុងឆ្នាំនេះ។ លោកទេសរដ្ឋមន្ត្រីបានថ្លែងទៀតថា បញ្ហានេះលោកបានស្នើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយចុះកិច្ចព្រមព្រៀងហត្ថលេខាលើប្រាក់កម្ចីឲ្យបានទាន់ពេលវេលា ដើម្បីដំណើរការសាងសង់ផ្លូវជាតិលេខ៧១C ខាងលើ ឲ្យបានហើយរួចរាល់ដំណាលគ្នា ជាមួយស្ពានស្ទឹងត្រង់-ក្រូចឆ្មារ គឺផ្លូវមួយចំនួនអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរបានដែរ។
លោក សុវណ្ណថេត ឃួយហាក់ ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជួនស្រុកស្ទឹងត្រង់បានឲ្យដឹងនៅថ្ងៃទី ១៨ មីនាថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នៅសល់ប្រមាណ ៤៥ ភាគរយទៀតប៉ុណ្ណោះនឹងសង់ហើយទាំងស្រុង ពោលគឺនឹងហើយរួចរាល់នៅមុនផែនការកំណត់ឆ្នាំ២០២២នោះ។
លោកប្រធានការិយាល័យបន្តថា៖ «ជាក់ស្តែងខាងក្រុមហ៊ុនស៊ាងហៃបច្ចុប្បន្នបានចាក់បេតុងធ្នឹមស្ពានរួចអស់ហើយ គឺនៅតែស្ទួចដាក់លើសរសស្ពានរុញភ្ជាប់គ្នាពីសរសមួយទៅសរសមួយ។ ដោយឥឡូវនេះស្ទួចរុញដាក់លើស្ពានបានច្រើនម៉ែត្រហើយនៅខាងគល់ស្ពានក្រូចឆ្មារ គឺនៅក្នុងរយ:ជិតចូលឆ្នាំថ្មីប្រពៃណីជាតិយើងនេះ នឹងអាចរុញធ្នឹមស្ពានឡើងប្រហែលពីរប្រឡោះបន្ថែមទៀត។ដោយឡែកខាងស្ទឹងត្រង់ ខាងក្រុមហ៊ុនកំពុងមមាញឹកសម្រុកចាក់សរសស្ពានឲ្យបានកម្ពស់ស្តង់ដារស្មើគ្នា»៕
អត្ថបទទាក់ទង៖ ផ្លូវជាតិលេខ៧១C ភ្ជាប់ពីចំការលើ ខេត្តកំពង់ចាម ទៅត្បូងឃ្មុំ នឹងត្រូវពង្រីក និងលើកកម្ពស់គុណភាព
រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន