គ្រូរាជ្យបង្ហើបថា សុខ ធី មិនប៉ះ Lerdsila ជា​លើកទី៣ ទេ តែអាច​ប៉ះ​កីឡាករ​ខ្លាំង​ផ្សេងទៀត

  • 2019-04-16 10:06:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហ៊ុន ច័ន្ទរាជ្យ ប្រធាន និងជា​គ្រូបង្វឹក​ប្រចាំនៅក្លិប Cambodian Top Team បានបង្ហើបថា សុខ ធី ទំនង​ជា​មិន​ប៉ះ Lerdsila ជាលើកទី៣​ នោះទេ តែ​អាច​ប៉ះ​កីឡាករ​ជើងខ្លាំង​ផ្សេងទៀត ដែល​មាន​សមត្ថភាព​ប្រដំប្រសង​គ្នា។

លោក ហ៊ុន ច័ន្ទរាជ្យ
លោកគ្រូនិយាយថា៖ «ខាងសង្វៀន ONE គេមិនរៀបចំឲ្យសងសឹកជាលើកទី៣ ទេ តាមមើល ព្រោះថាកាលលើកទី១ គឺ ពិន្ទុប្រដំប្រសងគ្នា។ ដូច្នេះគេរៀបឲ្យសងសឹកលើកទី២បាន។ ប៉ុន្តែលើកទី២ យើងចាញ់ពិន្ទុគេដាច់តែម្ដង។ ដូច្នេះទំនងមិនអាចជួបលើកទី៣ ទេ។ យើងក៏មិនចង់សងសឹកអ្វីដែរ តែគេអាចរៀបចំឲ្យប៉ះគូប្រកួតផ្សេងដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា»។

លោកគ្រូបញ្ជាក់ថា Leardsila ជាកីឡាករមានបទពិសោធន៍ក្រាស់ជាង និងឡើងវ៉ៃតាំងពី សុខ ធី មិនទាន់កើតម៉្លេះ។ បើ​ផ្ដោត​លើអាយុបច្ចុប្បន្ន សុខ ធី ទើបតែ ២២ឆ្នាំ ប៉ុន្តែ Leardsila មានអាយុរហូតដល់ ៣៨ ឆ្នាំហើយ និងឡើងសង្វៀនរហូតដល់ ២៩៧ ដងឯណោះ។ ដោយមានបទពិសោធន៍ជោកជាំលើសង្វៀនល្បីៗនៅប្រទេសថៃ Leardsila ឈ្នះខ្សែក្រវាត់ច្រើនស្ថាប័ន ហើយកីឡាករមកពីក្លិប Phuket Top Team រូបនេះឡើងប្រកួត ១០០ ដងជាប់គ្នាដោយមិនស្គាល់ពាក្យថាចាញ់ទេនៅក្នុងអាជីពរបស់ខ្លួន។ នេះជាកំណាត់ត្រាល្អឯកសម្រាប់កីឡាករប្រដាល់ថៃរូបនេះ។

សូម​បញ្ជាក់ថា សុខ ធី បាន​ឡើងប្រកួតនៅសង្វៀន ONE Championship បានចំនួន ២ ដង ពោល ការប្រកួតលើកទី១ ចាញ់ជើងខ្លាំងកីឡាករថៃ Leardsila ដោយពិន្ទុ នាពាក់កណ្ដាលឆ្នាំ ២០១៨ និង ចាញ់លើកទី២នៅចុងឆ្នាំ ២០១៨ ដែលជាជំនួបសងសឹក។

សុខ ធី ពេល​ប៉ះ Lerdsila កាលពីឆ្នាំមុន (រូបភាព៖ ONE Championship)

យ៉ាងណាក្ដី ម្ចាស់ក្លិបប្រដាល់ Cambodian Top Team នៅតែបន្តទំនាក់ទំនងល្អជាមួយសង្វៀនអន្តរជាតិនានា ដូចជា ONE Championship ជាដើម ដើម្បី​នាំ សុខ ធី ទៅវ៉ៃជាថ្មីនាពេលឆាប់ៗខាងមុខ ដែលត្រូវចាប់គូប្រហាក់ប្រហែលគ្នា ហើយធានាថាវ៉ៃល្អមើលជាក់ជាមិនខាន។

ចាំអ៊ុត​មើល​ទាំងអស់គ្នាណា ថា​សុខ ធី នឹង​ឡើង​ប្រកួត​ជាថ្មីពេលណា ហើយប៉ះកីឡាករណា?

ចុចអាន៖ លោក ហ៊ុន ច័ន្ទរាជ្យ និយាយ​ពី​​អាជីព​ប្រដាល់​របស់​ សុខ ធី ​ក្រោយ​​រង​ការ​ពិន័យ​ពី​សហព័ន្ធ​គុន​ខ្មែរ

អត្ថបទ៖ ស៊ីធី

អត្ថបទថ្មី
;