ចាន់ រតនា ប្រឹង​ហាត់រាល់​ថ្ងៃ ត្រៀម​ប្រកួត​នៅ ONE ទោះថ្ងៃ​ចូលឆ្នាំ​ក៏​មិន​ដើរ​លេង​ដែរ

  • 2019-04-17 12:34:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​គុនខ្មែរ ចាន់ រតនា បាន​ប្រឹងប្រែង​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ សូម្បី​តែ​អំឡុង​ថ្ងៃ​​បុណ្យ​ចូលឆ្នាំប្រពៃណី​ខ្មែរ ពីថ្ងៃទី១៤ ដល់ទី ១៦ ខែមេសា ដែល​ពលរដ្ឋខ្មែរ​ភាគច្រើននាំគ្នាដើរ​កម្សាន្ត​នោះ ក៏​ចាន់ រតនា នៅ​សម្ងំហ្វឹកហាត់​ដែរ។

រតនា បានប្រាប់ [Kley Kley] ថា៖ "ចូលឆ្នាំ ខ្ញុំអត់ទៅណាទេបង គឺនៅផ្ទះហ្វឹកហាត់ធម្មតា។ ខ្ញុំត្រូវហ្វឹកហាត់ត្រៀមប្រកួត ព្រោះការប្រកួត​កៀកដែរ នៅតែ ២សប្ដាហ៍ទៀតប៉ុណ្ណោះ អ៊ីចឹង​ត្រូវ​បុកហាត់ខ្លាំង"។

ចាន់ រតនា កំពុងហ្វឹកហាត់នៅក្លឹបសិល្បៈរបស់ខ្លួន នាពេលកន្លងមក
សូមបញ្ជាក់ថា ចាន់ រតនា នឹង​ឡើង​ប្រកួត​ជាថ្មី​នៅ​ទ្រុង ONE Championship នា​ថ្ងៃ​ទី៣ ខែឧសភា​ខាងមុខនេះ នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: FOR HONOR នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ដោយ​ប៉ះ​កីឡាករ​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី Rudy Agustian។

ចំពោះបញ្ហា​គីឡូ រតនា​បញ្ជាក់ថា​អត់បញ្ហាទេ ដោយសារ​ខ្លួន​បាន​ហាត់​រក្សា​ទម្ងន់​តាំងពីដើមរៀងមក អត់ឡើងលើសគីឡូដែលត្រូវប្រកួតច្រើននោះទេ។

សិស្ស​គុន​ប្រចាំ​ក្លឹបសិល្បៈ (Selapak) រូបនេះ បានបន្ថែមថា ក្រៅពីហ្វឹកហាត់ ខ្លួនក៏បានមើល​វីដេអូប្រកួតរបស់គូប្រកួត​ជាច្រើន​ដង​ផងដែរ ដើម្បី​ស្វែងយល់​ពីក្បាច់ ចំណុចខ្លាំង និងចំណុចខ្សោយ​របស់គេ។ រតនា សង្កត់ធ្ងន់ថា៖ "ខ្ញុំ​បាន​មើល​វីដេអូរបស់គេ ហើយខ្ញុំ​ក៏បាន​មើល​ការប្រកួត​របស់គេដោយផ្ទាល់ ​កាល​ខ្ញុំ​ទៅ​ឲ្យ​ទឹក​ នៅ​មីយ៉ាន់ម៉ាផងដែរ។ អ្វីដែលខ្ញុំ​ត្រូវបង្កើន គឺកម្លាំង។ បើខ្ញុំមានកម្លាំងខ្លាំងគ្រប់គ្រាន់ ខ្ញុំសង្ឃឹមឈ្នះការប្រកួតនេះ"។

រតនា អំឡុងការប្រកួតចុងក្រោយ​ទល់នឹង Abro Fernandes កាលពីចុងឆ្នាំមុន (រូបភាព៖ ONE Championship)

គួររំលឹកផងដែរថា ប្រកួត​ចុងក្រោយ រតនា កាលពីខែធ្នូ ឆ្នាំមុន ​រតនា បានយកឈ្នះកីឡាករ​មិនដែលចាញ់របស់ឥណ្ឌូណេស៊ី Abro Fernandes ក្នុងទឹកទី២៕

ចុចអានអត្ថបទទាក់ទង៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;