អភិបាល​ថ្មី​នៃ​ខេត្ត​កំពង់ចាម ស្នើ​សុំអន្តរាគមន៍​ពីក្រសួង​ធនធានទឹក ដោះស្រាយ​បន្ទាន់​​បញ្ហា​បាក់​ច្រាំង​ទន្លេ

  • 2019-07-05 07:33:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹកថ្ងៃទី ៥ ខែកក្កដានេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយ​លោក ប៊ុន ហ៊ាង រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បាន​ចុះពិនិត្យច្រាំងទន្លេ ដែលរងការបាក់ស្រុត នាពេលកន្លងមក ដែលស្ថិតនៅក្នុង ឃុំព្រះអណ្ដូង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បាន​បញ្ជាក់ថា អាជ្ញាធរ​ស្រុក និងខេត្ត បាន​ស្នើ​​សុំការជួយអន្តរាគមន៍ពីសំណាក់ក្រសួងធនធានទឹក​ និងគណកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​ដោះស្រាយ​បញ្ហា​បាក់​ច្រាំង​ទន្លេ​នេះ។

លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ផ្លូវការ​របស់​លោក​ថា៖

"បញ្ហាកង្វល់របស់ប្រជាជនរស់នៅតាមដងទន្លេមេគង្គ គឺប្រឈមនឹងការបាក់ច្រាំងទន្លេជារៀងរាល់ឆ្នាំ ដែលបង្ខំចិត្ត​ឲ្យ​ពួកគាត់រុះរេីផ្ទះសម្បែងមកកាន់ទីកន្លែងថ្មី​។ ជាការគិតគូរបស់អាជ្ញាធរស្រុក​ និងខេត្តកំពង់ចាម បានស្នេីសុំការជួយអន្តរាគមន៍ពីសំណាក់ក្រសួងធនធានទឹក​ និងគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដេីម្បីមានវិធានការដោះស្រាយជាបន្ទាន់ ក្នុងការទប់ស្កាត់បញ្ហាច្រាំងបាក់ទាំងនេះ​តទៅទៀត។"***

គួររំលឹកដែរថា កាលពីរសៀលថ្ងៃទី៣ ខែកក្កដា កន្លងទៅ លោក​អភិបាលខេត្ត ​បានទៅ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​ទន្លេ​នោះ​ម្តងរួចហើយ ដោយបានគិតគូរ ​ឲ្យ​ជំនាញមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត រួមជាមួយ ស្រុក និងឃុំ សិក្សាលើកគំរោងផ្លូវ​វាងថ្មី ឆ្ងាយពី​មាត់ទន្លេ ដែលមានច្រាំងបាក់ ដើម្បីកសាងផ្លូវមួយខ្សែ សម្រាប់ប្រជាពលរដ្ឋ អាចទៅរស់នៅបាន គេចចេញពីកន្លែងច្រាំងបាក់ ដែលកំពុងគំរាមកំហែង។

សូមបញ្ជាក់ថា លោក អ៊ុន ចាន់ដា ត្រូវ​បានព្រះមហាក្សត្រ ត្រាស់​បង្គាប់​​ផ្ទេរ​ភារកិច្ច​ពី​អភិបាល​ខេត្ត​ព្រះវិហារ មក​ជា​អភិបាល​ខេត្ត​កំពង់ចាម កាលពីថ្ងៃទី២៤ ខែមិថុនា​កន្លងទៅ។ លោក​បាន​ចូល​កាន់​តំណែង​ជាផ្លូវការ ជំនួស​លោក​គួច ចំរើន ដែល​ត្រូវផ្ទេរភារកិច្ចទៅជាអភិបាលខេត្តព្រះសីហនុ កាលពី​ថ្ងៃទី២៨ ខែមិថុនា៕

ចុចអាន៖ ប្រវត្តិសង្ខេប​លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ ដែល​ទើប​ចូល​កាន់​តំណែង​

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;