កម្ពុជា គ្រោង​ស្នើសុំ​កំណល់​រថភ្លើង​បន្ថែមទៀតពី​ម៉ាឡេស៊ី

  • 2019-07-26 23:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​ជាមួយ​លោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំនៅ​កម្ពុជា កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​អំណរគុណ​ដល់​ភាគី​ម៉ាឡេស៊ី ដែល​បាន​ជួយ​ឧបត្ថម្ភ​កំណល់​រថភ្លើង​ប្រើប្រាស់​ហើយ និង​បាន​ជម្រាប​ជូនថា កម្ពុជា​នឹងស្នើសុំ​កំណល់​រថភ្លើង​បន្ថែមទៀត ដើម្បី​កសាង​ផ្លូវដែក​កម្ពុជា​ ឱ្យមាន​សន្ទុះ​រីកចម្រើន​ទៅមុខ។

ចុចអានសម្តេច ហ៊ុន សែន ស្នើសុំ​ផ្លូវដែក​ចំនួន ១៤០​គីឡូម៉ែត្រ​ពីថៃ

នៅក្នុង​កិច្ចពិភាក្សា​នោះ ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ថានឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​បន្ថែមទៀត​លើ​វិស័យ​សំខាន់​ពីរ ទីមួយ​ទាក់ទង​នឹងវិស័យ​អាកាសចរណ៍​ស៊ីវិល​ដែលលោក​ទេសរដ្ឋមន្ត្រី​ជំរុញឱ្យ​ពិភាក្សា​ផ្ទាល់​ជាមួយ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា និង​ទីពីរ​ទាក់ទងនឹង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដែល​លោក​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ចុះទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​សិក្សា​ស្វែងយល់ ពិសេស​ដើម្បី​ឱ្យកំពង់ផែ​ប្រទេសទាំងពីរ​បាន​សិក្សា​ស្វែងយល់គ្នា​ទៅវិញ​ទៅមក និងសហការគ្នា​បន្ថែមទៀត​លើ​វិស័យ​នេះ។

ជាមួយគ្នានេះ​ផងដែរ លោក​ឯកអគ្គរាជទូត​បាន​សន្យាថា​នឹង​ជំរុញឱ្យ​វិនិយោគិន និងក្រុមហ៊ុនធំៗ​នៅ​ម៉ាឡេស៊ី ដែលមាន​សមត្ថភាព​កសាង​ផ្លូវថ្នល់ ពិសេស​ក្រុមហ៊ុន​ដែល​កសាង​ផ្លូវថ្នល់​ផ្អែកលើ​គោលការណ៍​កសាង ប្រតិបត្តិ ផ្ទេរ (BOT) មកធ្វើការ​សិក្សា​ស្វែងយល់ និងអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និងការ​ដឹកជញ្ជូន​នៅ​កម្ពុជា។

លោក ស៊ុន ចាន់ថុល បាន​សម្តែង​នូវការស្វាគមន៍​ប្រទេស​ម៉ាឡេស៊ី ដែលបាន​សហការ​ជាមួយ​ប្រទេស​កម្ពុជា ក៏ដូចជា​គាំទ្រ​ដល់ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ ជាពិសេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៕

អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;