ក្រុមហ៊ុន​យល់ព្រម​ជួសជុល​ផ្នែកខ្លះ​នៃផ្លូវជាតិ​លេខ២១ ដែល​សាងសង់​មិនស្របតាម​លក្ខណៈ​បច្ចេកទេស

  • 2019-08-08 04:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ហ៊ុន Hanshin Engineering and Construction Co., Ltd បាន​ទទួល​ស្គាល់​ថា ផ្នែកខ្លះ​នៃកំណាត់ផ្លូវជាតិលេខ២១ សាងសង់​មិនស្របតាម​លក្ខណៈ​បច្ចេកទេស និងបាន​យល់ព្រម​ដោះស្រាយ និងអនុវត្ត​ផែនការ​ជួសជុល​ឡើងវិញ។ នេះបើតាម​ការ​បញ្ជាក់របស់លោក Choi Young Sun ប្រធាន​ក្រុមហ៊ុន ​ក្នុង​ជំនួប​ជាមួយ​លោក ស៊ុន ចាន់ថុល ទេស​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពីថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩។

ជំនួបនេះ​ធ្វើឡើងបន្ទាប់ពី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន និង​វិទ្យាស្ថាន KICT (Korea Institute of Civil Engineering and Building Technology) បានរកឃើញ​ថា ផ្នែកខ្លះ​នៃកំណាត់ផ្លូវជាតិ​លេខ២១ សាងសង់មិន​ស្របតាមលក្ខណៈ​បច្ចេកទេស ដោយត្រង់​ចំណុចដែល​បាន​ជួសជុល​រួច​មានស្នាមបែក ប្រេះ និងសំបុកមាន់​ជាច្រើនកន្លែង និងបាន​កំពុង​ទទួលរងការ​ខូចខាត​បណ្តើរៗ។

ចុចអាន​បន្ថែម៖ រកឃើញ​ផ្នែកខ្លះ​នៃផ្លូវជាតិ​លេខ២១ សាងសង់​មិនស្រប​តាម​លក្ខណៈ​បច្ចេកទេស

ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បានស្នើឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​អ៊ុតកៅស៊ូ AC បន្ថែម​ពីលើ​ចំនួន​បីសង់ទីម៉ែត្រ​ទៀត​បន្ទាប់ពី​ជួសជុលរួច ដើម្បី​ធ្វើឱ្យផ្លូវនេះ​មានភាព​រឹងមាំ​ប្រើប្រាស់​យូរអង្វែង ដោយផ្ដោតលើ​គុណភាព​ជាចម្បង​មុននឹង​សម្ភោធ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ។

លោក Choi Young Sun បានកត់សម្គាល់​លើសំណើ​របស់​លោក​ ស៊ុន ចាន់ថុល និងសន្យា​យកសំណើនេះ​ទៅពិភាក្សា​បន្ថែម​ជាមួយ​អ្នកជំនាញ​បច្ចេកទេស​របស់ក្រុមហ៊ុន​ដើម្បី​ពិនិត្យ​លទ្ធភាព ហើយ​សង្ឃឹមថា​នឹងអាច​ផ្តល់ចម្លើយ​វិជ្ជមាន​តបទៅតាម​សំណូមពរ​នេះ។

ឆ្លៀតក្នុងឱកាស​នោះផងដែរ លោក​ទេសរដ្ឋមន្ត្រី​បានថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ដល់ក្រុមហ៊ុន ដែលបាន​ផ្តល់ជញ្ជីងថ្លឹង​រថយន្ត​ដោយស្វ័យប្រវត្តិ​បង្កប់​នៅក្នុងដី (Weighs in motion) និង​កាមេរ៉ា​ចាប់ល្បឿន​រថយន្ត ដើម្បី​បំពាក់​លើផ្លូវនេះ​ សំដៅធានា​កុំឱ្យមាន​រថយន្ត​ដឹកទំនិញ​លើស​កម្រិត​កំណត់ និងអាច​ឱ្យផ្លូវនេះ​ប្រើប្រាស់បាន​យូរអង្វែង៕

អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;