មន្ត្រីយោធា ៤៥រូបលះបង់ងារជាឧកញ៉ា បន្ទាប់ពីសម្ដេច ហ៊ុន សែន បញ្ជាក់មិនឲ្យមាន

  • 2019-09-07 02:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា បម្រើការនៅអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មានចំនួនសរុប ៦១នាក់។ ដោយ​ក្នុងនោះ មាន៤៥រូប បានសម្រេចចិត្តបោះបង់ងារ​ជាឧកញ៉ា និងចំនួន ១៦រូប បានសម្រេចចិត្តបោះបង់តួនាទី និងលាលែងពីកងយោធពលខេមរភូមិន្ទ។

​ការសម្រេចចិត្តនេះ គឺបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធណាដែលមានងារជា «ឧកញ៉ា» ត្រូវសម្រេចចិត្តជាបន្ទាន់ ជ្រើសរើសយកតែមួយរវាងងារជា «ឧកញ៉ា» ឬតួនាទីក្នុងក្របខណ្ឌជាកងកម្លាំងប្រដាប់អាវុធ។

​នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាបានថ្លែងបញ្ជាក់ប្រាប់ខ្លីៗកាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា ថា មន្ត្រីនៃកងយោធពលខេមរភូមិន្ទ នៅអគ្គបញ្ជាការមានងារជាឧកញ៉ាមានចំនួន ៦១រូប។ ហើយចំនួនឧកញ៉ានៅក្រសួងការពារជាតិ នៅមិនទាន់សរុបនៅឡើយទេ។ ​ដោយលោកបានបញ្ជាក់ថា “ក្នុងចំណោមឧកញ៉ាចំនួន ៦១រូប គឺមានចំនួន ១៦រូប បាន​សុំ​ចេញពីកងទ័ព និងចំនួន ៤៥​នាក់ យកកងទ័ព (លះបង់ងារជាឧកញ៉ា) វិញ។ នេះជាចំនួននៅអគ្គបញ្ជាការ ដែល​បាន​ប្រជុំកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩”។

គួរបញ្ជាក់ថា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ថា មិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់របស់កម្ពុជា ដែលរួមមានកងយោធពលខេមរភូមិន្ទ នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតនោះឡើយ។ ជាមួយគ្នានេះ សម្តេច ក៏បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធណាដែលមានងារជា «ឧកញ៉ា» ត្រូវសម្រេចចិត្តជាបន្ទាន់ ជ្រើសរើសយកតែមួយរវាងងារជា «ឧកញ៉ា» ឬតួនាទីក្នុងក្របខណ្ឌជាកងកម្លាំងប្រដាប់អាវុធ៕

ចុចអាន៖

អត្ថបទ៖ កុសល

អត្ថបទថ្មី
;