សមត្ថកិច្ចសួរចម្លើយមនុស្សជាង ២០នាក់ ក្នុងរឿងបាត់ខ្លួននារីអង់គ្លេសនៅកោះរ៉ុង
- 2019-10-30 06:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថកិច្ចសួរចម្លើយមនុស្សជាង ២០នាក់ ក្នុងរឿងបាត់ខ្លួននារីអង់គ្លេសនៅកោះរ៉ុង
ចន្លោះមិនឃើញ
លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ [ខ្លីៗ] នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ថា ជុំវិញករណីបាត់ខ្លួននារីជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge នៅកោះរ៉ុង សមត្ថកិច្ចបានសាកសួរមនុស្សជាង ២០នាក់ហើយ ប៉ុន្តែនៅមិនទាន់រកឃើញមានតម្រុយអ្វីឡើយ។
លោកបញ្ជាក់ថា «យើងប្រើប្រាស់កម្លាំងសរុប វិធានការចម្រុះ ហើយមើលលើផ្ទៃទឹក មុជទឹក លើគោក និងក្នុងព្រៃ ប៉ុន្តែមិនទាន់ឃើញមានដានអីដែលគួរឲ្យសង្ស័យ។ ហើយយើងនឹងបន្តរកទៀត»។
លោកស្នងការបន្តថា ក្នុងប្រតិបត្តិការស្វែងរកនារីជាភ្ញៀវទេសចរនេះ សមត្ថកិច្ចក៏បានបញ្ជូនសត្វឆ្កែមួយក្បាល (ឆ្កែជំនាញ) ពីនាយកដ្ឋានបច្ចេកវិទ្យា វិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅដល់កោះរ៉ុងផងដែរ។
ចំណែកលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ បានបញ្ជាក់ប្រាប់ [ខ្លីៗ] មុននេះបន្តិចថា សមត្ថកិច្ចពាក់ព័ន្ធកំពុងតែខំប្រឹងរក ហើយមកដល់ពេលនេះសាកសពអណ្តែតក៏អត់ឃើញមាន។ «បងប្អូនកំពុងតែរក ប៉ុន្តែមិនទាន់មានរបាយការណ៍ថា រកតម្រុយអ្វីសង្ស័យឃើញនៅឡើយទេ»។
សូមជម្រាបថា នារីដែលបាត់ខ្លួន មានឈ្មោះ BAMBRIDGE AMELIA LOUISE (ឬ Amelia Bambridge) កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង៥:០០ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង៦:០០ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨:១៥នាទីយប់ ថ្ងៃខែឆ្នាំដដែលក្នុងគោលបំណងទេសចរណ៍។
មុនបាត់ខ្លួនគេបានប្រទះឃើញនារីនោះលើកចុងក្រោយនៅម៉ោង៣:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង (Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង។ សមត្ថកិច្ចមូលដ្ឋានបានរកឃើញកាបូប និងសម្ភារៈមួយចំនួនរបស់នាងនៅលើផ្ទាំងថ្មជាប់ឆ្នេរក្បែរកន្លែងធ្វើពិធីជប់លៀងនោះផងដែរ។ ករណីនេះ អាជ្ញាធរក្រុងកោះរ៉ុង បានព្យាយាមស្វែងរកនារីរងគ្រោះក្រោយទទួលដំណឹងភ្លាមៗពីការបាត់ខ្លួននេះ៕