តម្លៃ​ប្រេង​ក្នុងស្រុក នឹង​មិន​ប្រែប្រួល​ឡើយ ទោះបាន​តំណក់ប្រេង​លើក​ដំបូង​ក៏ដោយ

  • 2017-09-07 09:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជាក់​ថា តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ ដែល​រំពឹងថា​ផលិត​បាន ​៣០លាន​បារ៉ែល​ នៅ​រយៈពេល ២ឆ្នាំ​ខាងមុខ នឹង​មិនធ្វើ​ឲ្យតម្លៃ​ប្រេងសាំង​ក្នុងស្រុក​មាន​ការ​ប្រែប្រួល​នោះ​ឡើយ​។ ការ​លើកឡើង​នេះ នៅក្នុង​សិក្ខា​សាលា​ស្ដីពី «ដំណើរ​ឆ្ពោះ​ទៅជា​ប្រទេស​ផលិតប្រេង» កាលពី​ថ្ងៃទី៦​កញ្ញា។

លោក ម៉េង សក្តិធារ៉ា បាន​និយាយ​ថា ការ​ចាប់ផ្តើម​ផលិត​កម្ម​ប្រេង​ឆៅ​របស់​កម្ពុជា នៅ​ប្លុក A មិនមាន​ទាក់ទង​ជាមួយ​នឹង​ថ្លៃប្រេង ដែល​ប្រជាជន​ប្រើប្រាស់​សព្វថ្ងៃ​នោះទេ។ កម្ពុជា​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​សិង្ហបុរី​ផលិត​ប្រេងឆៅ​ តែប្រេង​ឆៅ​ទាំងនោះ​នឹងត្រូវ​នាំចេញ​ទៅទីផ្សារ​អន្តរជាតិ ខណៈដែល​កម្ពុជា​មិនទាន់​អភិវឌ្ឍ​រោងចក្រ​ចម្រាញ់​ប្រេង​បាន​នៅឡើយ។

ទីតាំងបូមប្រេង១កន្លែងរបស់ក្រុមហ៊ុន Kris Energy
លោក​បន្ថែម​ថា កម្ពុជា​ក៏មាន​ក្រុមហ៊ុន​នាំចូលប្រេង​ឆៅដើម្បី​ចម្រាញ់ជា​ប្រេងដែល​ប្រើប្រាស់​រាល់ថ្ងៃដែរ​ តែ​មិនទាន់​អាចយក​ប្រេងឆៅ​ដែល​កម្ពុជា​ផលិត​ដំបូង​នេះបាន​​ឡើយ ​ដោយសារ​ការអភិវឌ្ឍ​នៅប្លុក​ A នៅ​មាន​ភាព​មិន​ច្បាស់លាស់​មួយ​ចំនួន ​ដែលមិន​អាច​ធានា​គោលដៅ​និរន្តភាព​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​​ធំៗ​បាន​ឡើយ។ ទោះជាយ៉ាងណា កម្ពុជា​នៅតែ​រំពឹងថា​ នឹង​អាចយក​ប្រេងឆៅដែល​ចម្រាញ់​ជា​ប្រេង​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅពេល​ខាងមុខ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​២៣ សីហា កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Kris Energy ក្នុង​ការ​អភិវឌ្ឍ​ប្រេង​នៅ​ប្លុក A។ លោក Kelvin Tang ប្រធាន​ក្រុមហ៊ុន បាន​និយាយ​ថា កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ចំនួន ៥០០លាន​ដុល្លារ​បន្ថែម ពី​កិច្ចព្រមព្រៀង​សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​នេះ។ ​ការប៉ាន់​ប្រមាណ​នេះ គឺ​សម្រាប់​រយៈពេល​​មួយ​អាយុ​កាល​របស់​គម្រោង​ទាំង​មូល ​ដែល​សំដៅ​ទៅ​លើ​ ​ចំណូលបាន​​ពី​ពន្ធដារ​គ្រប់​ប្រភេទ​ ថ្លៃ​សេវា​ផ្សេងៗ និង​​កម្រៃ​ជើងសារ៕

ពិធីចុះហត្ថលេខារវាងតំណាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន Kris Energy កាលពីថ្ងៃទី២៣ សីហា

អត្ថបទ​ទាក់ទង

ប្រភព៖ Sabay News អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី
;