វៀតណាម ជា​អតិថិជន​តែ១​គត់ ដែល​ទិញគ្រាប់​ស្វាយ​ចន្ទី ពី​កម្ពុជា

  • 2017-11-29 03:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​សមាគម​ស្វាយចន្ទី​វៀតណាម លោក Nguyen Duc Thanh បាន​និយាយ​ថា ក្រុមហ៊ុន​ស្វាយចន្ទី​វៀតណា​ម​បាន​ប្រមូល​ទិញ​គ្រាប់ស្វាយ​ចន្ទី​ពី​កម្ពុជា​ប្រមាណ ១០ម៉ឺន​តោន ខណៈ​ដែល​កម្ពុជា​មាន​សមត្ថភាព​ផលិត​បាន ១០,៤២ម៉ឺន​តោន នៅក្នុង​ឆ្នាំ​២០១៦ ដោយ​អាច​ចាត់ទុក​បានថា វៀតណាម​ជា​អតិថិជន​ទិញ​ស្វាយចន្ទី​តែ​មួយគត់​របស់​កម្ពុជា។ លោក​លើកឡើង​ដូច្នេះ ក្នុង​ជំនួប​ជាមួយ​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​រសៀល​ថ្ងៃទី២៨ ខែវិច្ឆិកា នៅទីស្តីការ​ក្រសួង​កសិកម្ម។

លោក Nguyen Duc Thanh ប្រធាន​សមាគម​ស្វាយចន្ទី​វៀតណាម (រូបថត៖ ក្រសួង​កសិកម្ម)
លោក Nguyen Duc Thanh អះអាង​ថា​សមាគម​ស្វាយ​ចន្ទី​វៀតណាម អាច​ចាត់ទុក​បានថា​ជា​ក្រុមហ៊ុន​នាំចេញ​គ្រាប់​ស្វាយចន្ទី​ធំជាងគេ​នៅ​លើ​ពិភពលោក​នៅក្នុង​ឆ្នាំ​២០១៧​នេះ ដោយ​ក្រុមហ៊ុន​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​កែច្នៃ​ចំនួន ១,៦លាន​តោន ទន្ទឹម​នឹង​តម្រូវការ​ពិភពលោក​មាន​ចំនួន ៣លាន​តោន។

លោក​​បាន​បន្ត​ថា សមាគម​នឹង​ចុះទៅ​តាម​ខេត្ត​ចំនួន២​គឺ ខេត្ត​កំពង់​ធំ និង​ខេត្ត​ក្រចេះ ដើម្បី​ពិភាក្សា​ពីពូជ និង​សារធាតុ​នៅក្នុង​ស្វាយ​ចន្ទី ដែលមាន​ការ​ពេញនិយម​នៅលើ​ទីផ្សារ​អន្តរជាតិ និង​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​នៃការ​ប្រមូល​ផល ដើម្បី​កាត់បន្ថយ​ការ​ខាតបង់​របស់​កសិករ។

សមាគម​ស្វាយចន្ទី​វៀតណាម​បាន​ស្នើឲ្យ​ក្រសួង​កសិកម្ម ​រៀបចំ​ចងក្រង​សមាគម​ស្វាយចន្ទី​កម្ពុជា ដើម្បី​ងាយស្រួល​ទំនាក់​ទំនង។ ទន្ទឹម​នឹងនេះ​សមាគម​ក៏បាន​ស្នើ​ឲ្យ​ក្រសួង​កសិកម្ម​ ជួយ​អន្តរាគម​ដល់ការ​ផ្តល់​វិញ្ញាបនបត្រ​ប្រភព​ទំនិញ (CO) នៅនឹង​ខេត្ត​ច្រក​នាំចេញ និង​ស្នើឲ្យ​សម្រួល​ដល់​សោហ៊ុយ​នៃការ​ដឹក​ជញ្ជូន​ឆ្លងដែន​កម្ពុជា-វៀតណាម។ លោក​ប្រធាន​សមាគម ក៏បាន​ប្តេជ្ញា​បង្កើន​ការទិញ​គ្រាប់​ស្វាយចន្ទី​ពី​កម្ពុជា​ទាំងអស់​តែម្តង។

លោក វេង សាខុន សង្ឃឹម​ថា​កម្ពុជា​នឹង​អាច​បង្កើន​ការ​នាំចេញ​គ្រាប់​ស្វាយ​ចន្ទី​ឲ្យ​បាន ១លាន​តោន នាពេល​ខាងមុខ។ ចំពោះ​សំណើ​របស់​សមាគម​ពាក់ព័ន្ធ​នឹងការ​ផ្តល់ CO គឺ​ក្រសួង​ពាណិជ្ជកម្ម​បាន​ផ្ទេរ​ការ​ចេញ​វិញ្ញាបនបត្រ​ទៅកាន់​មូលដ្ឋាន​រួចរាល់​ហើយ ដោយ​ក្រសួង​នឹង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ជូន​នូវ​បញ្ហា​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត៕

លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្មកម្ពុជា (រូបថត៖ ក្រសួងកសិកម្ម)

អត្ថបទ៖ សំភី

អត្ថបទថ្មី
;