ដឹងឬអត់ ខ្លាដំបង​ ៤ក្បាល​នៅភ្នំតាម៉ៅ ស៊ី​សាច់​គោ​អស់​ប៉ុន្មាន​គីឡូក្នុង​មួយថ្ងៃ?

  • 2018-02-01 14:02:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សព្វថ្ងៃ នៅសួនសត្វភ្នំតាម៉ៅ មានសត្វខ្លាដំបង ៤ក្បាល ហើយក្នុងមួយថ្ងៃៗ ខ្លាមួយ មានរបបអាហារ សាច់គោ ៦ គីឡូក្រាម។ ក្នុងនោះ មានខ្លាដំបងពូជមកពីក្រៅប្រទេស ១ក្បាល បានទទួលរបបអាហារបន្ថែមឆ្អឹង ១គីឡូក្រាមថែមទៀត ក្នុង ១ថ្ងៃ។ នេះបើតាមលោក ញ៉ឹក រតនៈពេជ្រ ប្រធាននាយកដ្ឋាន​ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

ការលើកឡើងរបស់ប្រធានសួនសត្វភ្នំតាម៉ៅខាងលើនេះ បានធ្វើឡើង​នៅថ្ងៃទី១ ខែកុម្ភៈនេះ ក្រោយ​មានការលើកឡើងថា នៅភ្នំតាម៉ៅ ដែលជាតំបន់រមណីយដ្ឋានសត្វព្រៃ ក្នុងខេត្តតាកែវ មានសត្វខ្លា ៣ ក្បាល បានរួចចេញពីទ្រុង ហើយខ្លាទាំង ៣ក្បាលនោះ ត្រូវបានគេវាយសម្លាប់។ ក៏ប៉ុន្តែដំណឹងដែលថា មានខ្លារួចពីទ្រុងនេះ ត្រូវបានលោក ញ៉ឹក រតនៈពេជ្រ បដិសេធថា​មិនមែនជាការពិតទេ។

ខ្លា​ដំបង នៅ​ភ្នំតាម៉ៅ
ជាមួយគ្នា​នេះ លោក ញ៉ឹក រតនៈពេជ្រ ក៏បានលើកឡើងដែរថា នៅសួនសត្វភ្នំតាម៉ៅ គឺមានរបបអាហារគ្រប់គ្រាន់ សម្រាប់សត្វជាង ១២០០ ក្បាល នៅទីនោះ។ ក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានសហការជាមួយអង្គការអន្តរជាតិចំនួន ៤ ដែលធ្វើការខាងអភិរក្សសត្វព្រៃ ដូចជា អង្គការ Wildlife Alliance ជាដើម ដើម្បីថែទាំ និងព្យាបាលសត្វនៅភ្នំតាម៉ៅទាំងនោះ។

ចំពោះការលើកឡើងរបស់អ្នកទៅមើលសត្វព្រៃ ដែលថាសត្វនៅទីនោះ​ស្គមៗ ដោយមិនមានចំណីអាហារគ្រប់គ្រាន់ ក៏ត្រូវបានលោក ញ៉ឹក រតនៈពេជ្រ ច្រានចោលផងដែរ។ លោកបញ្ជាក់ថា សត្វដែលស្គមនោះ ជាសត្វ​ដែលមានជំងឺ ក៏ប៉ុន្តែខាងមន្ត្រីជំនាញ បានសហការជាមួយអង្គការដៃគូទាំង ៤ បានពិនិត្យព្យាបាលផងដែរ។

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ បង្ហាញថា សម្រាប់ឆ្នាំ២០១៧ នៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ មានសត្វព្រៃសរុបចំនួន ២៩៩៦ ក្បាល។ ក្នុងនោះ បក្សីចំនួន ៤៩ ប្រភេទ ថនិកសត្វចំនួន ៤២ ប្រភេទ និងល្មូន ចំនួន ១២ ប្រភេទ។ សង្គ្រោះសត្វថ្មី ចំនួន ១៦១៨ ក្បាល ព្យាបាលសត្វព្រៃរបួសឈឺចំនួន ៣៦៤ក្បាល ស្តារលទ្ធភាពជីវសាស្ត្រសត្វព្រៃ និងដោះលែងទៅព្រៃធម្មជាតិវិញនូវសត្វព្រៃគ្រប់ប្រភេទចំនួន ១៥៣៧ ក្បាល៕

អត្ថបទ​ទាក់ទង៖

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;