ប្រវត្តិ​ចូលឆ្នាំចិន បាន​កប់​យ៉ាង​ជ្រៅ​លើ​ទឹកដី​ខ្មែរ

  • 2018-02-02 09:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​កម្ពុជា មាន​ពិធី​បុណ្យ​ចូលឆ្នាំ​ដល់ទៅបី ដែល​ត្រូវ​បាន​ពលរដ្ឋ​ប្រារព្វ​ធ្វើ​គគ្រឹកគគ្រេង​ជាងគេ គឺ​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចូលឆ្នាំសាកល និងចូលឆ្នាំថ្មីប្រពៃណីចិន។ ដោយសារ​តែបែប​នេះ​ហើយ ទើប​មានមតិខ្លះ បាន​ព្រលយ​លេង​ថា កម្ពុជាមានឆ្នាំថ្មីដល់ទៅបីដង។

ពិធីបុណ្យ​ចូលឆ្នាំសាកលបាន​កន្លង​ហួស​ទៅ​ហើយ ចំណែក​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរក៏​នៅ​យូរ​ទៀត​ដែរ ដូច្នេះ​ថ្ងៃនេះ ខ្លីៗ​សូម​លើក​យក​ប្រវត្តិ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន ដែល​នឹង​ឈាន​ចូល​មក​ដល់​​នៅថ្ងៃទី១៥ ខែកម្ភៈឆាប់ៗ​ខាងមុខនេះ។

ដ្បិតពិធីបុណ្យមួយនេះមិនត្រូវបានចាត់ចូលជាបុណ្យជាតិក៏ដោយ ក៏ឥទ្ធិពលវាបានជ្រាបចូលក្នុងសង្គមខ្មែរយ៉ាងជ្រាលជ្រៅ រហូតដកខ្លួនមិនរួច។ មិនថាប្រជាពលរដ្ឋអ្នកនៅទីក្រុង ដែល​សម្បូរ​ទៅអ្នក​កាត់​ចិន​នោះទេ សូម្បីអ្នកដែលរស់នៅទីជនបទភាគច្រើន ក៏នាំគ្នាប្រារព្វ​ពិធីសែនព្រេនតាមរបៀបចិននេះផងដែរ។

តើមានបុព្វហេតុអ្វី ដែលនាំឲ្យពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ជ្រាបចូលក្នុង​សង្គម​ខ្មែរ​ខ្លាំងបែបនេះ?

ម៉ុងសាយ ជា​សិល្បៈ​ប្រពៃណី​ចិន ដែល​ត្រូវ​បាន​គេ​យក​មក​សម្ដែង​ថ្ងៃ​ចូលឆ្នាំចិន
បញ្ហានេះនៅមិនទាន់មាននរណាម្នាក់អាចបកស្រាយច្បាស់លាស់​នោះទេ ព្រោះទំនាក់ទំនងរវាងខ្មែរ ចិន មានតាំងពីយូរលង់​មកហើយ។ បើទោះបីភស្តុតាងមួយចំនួនបានបង្ហាញថា រចនាបទបែបចិន កាត់ខ្មែរ បានផ្ដិតជាប់នៅលើវត្ថុបុរាណដែលមានអាយុរាប់ពាន់ឆ្នាំ ដូចជាចម្លាក់នៅប្រាសាទបាយ័ន ព្រះពុទ្ធបដិមាសម័យក្រោយអង្គរមួយអង្គ ដែលកំពុងតាំងនៅក្នុងសារមន្ទីរជាតិអង្គរនា​ខេត្តសៀមរាបជាដើមក្ដី ក៏​ប្រវត្តិសាស្ត្រ មិនបានកត់ត្រាថាវប្បធម៌​ចិន បានជះឥទ្ធិពលខ្លាំងក្លាក្នុងសង្គមខ្មែរឡើយ ពោលគឺ​ជំនឿ និងទំនៀមទម្លាប់ចិន មានតែជនជាតិចិន​ដែលមករស់នៅមួយៗក្នុងស្រុកខ្មែរទេ ដែលគោរពបូជា។

រហូតដល់សម័យដែលថៃ និងវៀតណាមនាំគ្នាពង្រីកអំណាច គេ​ឃើញ​មាន​ពាណិជ្ជករចិនហូរចូលមករកស៊ីក្នុងប្រទេសខ្មែរកាន់តែច្រើន ប៉ុន្តែ​អ្នក​ប្រវត្តិសាស្ត្រនានាសុទ្ធតែបានលើកឡើងថា គម្លៀតវប្បធម៌រវាងខ្មែរ និងចិន ហាក់ដូចជានៅឆ្ងាយពីគ្នានៅឡើយ។

ពលរដ្ឋ​ខ្មែរ​កាត់​ចិន នាំ​គ្នា​ទៅ​ធ្វើ​ពិធី​កាត់​ឆុង​នៅ​វិហារ​ចិន វត្តភ្នំ

និយាយមកដល់​សម័យទំនើប គឺសម័យអាណានិគមន៍និយមបារាំង លោកដេវីត ឆេលល័រ អ្នកកត់ត្រាប្រវត្តិសាស្ត្ររបស់បារាំងបាននិយាយថា នៅអំឡុងឆ្នាំ១៩៣០ រាជធានីភ្នំពេញបានធ្វើទំនើបកម្មថ្មី ខណៈដែលសេដ្ឋកិច្ចជាតិធ្លាក់។ ទោះជាការងារកសិកម្មបានថយចុះក៏ដោយ ពលរដ្ឋខ្មែរនៅតែមិនព្រមមករស់នៅទីក្រុងដែរ។ ប្រជាជនក្នុងរាជធានីភ្នំពេញមានប្រមាណមិនដល់ ១០ម៉ឺននាក់ផង។ ពេលនោះហើយដែលរាជធានីភ្នំពេញហាក់បែងចែកជាបីតំបន់រស់នៅ ដោយពួកវៀតណាម​ ចាម ជ្វា ចូលចិត្តទៅរស់នៅតំបន់ខាងជើង។ ចិន និងបារាំង រស់នៅតំបន់កណ្ដាលដែលជាតំបន់សេដ្ឋកិច្ច ឯខ្មែរវិញចូលចិត្តរស់នៅតំបន់ខាងត្បូង និងខាងលិច។ ដោយសារសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះខ្លាំង ទើបរដ្ឋការបារាំង បើកឲ្យពួកចិនចូលមករកស៊ីកាន់តែច្រើនឡើងៗ ព្រោះពួកនេះមាននាទីធ្វើឲ្យចរន្តសេដ្ឋកិច្ចដើរបានល្អ។

ពិធី​បុណ្យ​ចូលឆ្នាំចិន នៅវិហារ​ចិន​មួយ​កន្លែង​នៅ​កម្ពុជា

ជាទូទៅជាតិសាស្ត្រណាមួយចូលមករស់នៅទីកន្លែងណា ពួកគេតែងស្ពាយតាមខ្លួននូវវប្បធម៌ ទំនៀមទម្លាប់មកជាមួយជាក់ជាមិនខាន។

ជាក់ស្ដែង នៅក្នុងអក្សរសិល្បទំនើបខ្មែរ ដូចជារឿងផ្កាស្រពោនជាដើម អ្នកនិពន្ធបានរំលេចពីថ្ងៃឈប់សម្រាកចូលឆ្នាំចិនរហូតដល់មួយសប្ដាហ៍ ដែលនេះបញ្ជាក់ថា រាជការសម័យអាណានិគមនិយមបារាំង បានបើកទូលាយដល់ជនជាតិចិនយ៉ាងខ្លាំង ហើយបុណ្យចូលឆ្នាំចិនជាបុណ្យជាតិមួយដែរ។ ហេតុនេះពិធីបុណ្យចូលឆ្នាំចិន ទំនងជា​រីកសាយភាយ ផុសផុលពាសពេញប្រទេសតាំងពីពេលនោះមកម៉្លេះ ហើយការមកតាំងទីលំនៅយូរៗទៅ ក៏បង្កាត់កូនពូនជាចៅបន្តវង្សត្រកូលតៗគ្នារៀងមក។

ចំណែក លោក វ៉ាយ វិបុល ជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាអ្នកស្រាវជ្រាវទំនៀមទម្លាប់ខ្មែរ លើកឡើងថា ពលរដ្ឋខ្លះមិនឲ្យតម្លៃវប្បធម៌ជាតិខ្លួន ហើយឃើញជាតិដទៃសែនព្រេនតាមរបៀបទំនៀមទម្លាប់គេ នាំឲ្យរកស៊ីមានបាន ក៏ចេះតែធ្វើតាមគេទាំងមិនយល់សេចក្ដី ឧទាហរណ៍ការតាំងរូបចម្លាក់តាកំប៉ោង រូបគួងស៊ីអ៊ីម រូបអ្នកតាចិនផ្សេងៗជាដើម។ លោកក៏បានរិះគន់មន្ត្រីជាតិធំមួយចំនួនដែលចូលចិត្តភ្ជាប់ខ្លួនឯង ជាមួយវប្បធម៌ជាតិសាស្ត្រដទៃ ដែលលោកថា ទង្វើនេះជា​គំរូ​អាក្រក់សម្រាប់ពលរដ្ឋខ្មែរ។ ដូចជាមានសុភាសិតមួយលើកឡើងថា កាលនៅក្របន់ខ្មោចខ្មែរ ឡើងជាថៅកែបន់ខ្មោចចិន។

លោកវ៉ាយ វិបុល មានប្រសាសន៍​ទៀត​ថា សិទ្ធិក្នុងជំនឿមិនត្រូវបានហាមឃាត់ទេ តែកុំធ្វើអ្វីដែលហួសហេតុរហូតបាត់តម្លៃដើមរបស់ខ្លួន។ សូមកុំភ្លេចថាខ្លួនឯងកំពុងរស់នៅលើទឹកដីមួយដែលមានវប្បធម៌ទំនៀមទម្លាប់ល្អផូរផង់ មិនចាញ់ជាតិសាសន៍ដទៃឡើយ៕

ចុចអានអត្ថបទ​ទាក់ទង៖

អត្ថបទ៖ ឈិន ធារ៉ាត់

អត្ថបទថ្មី
;