តុលាការ​កោះហៅ​ លោក សម រង្ស៊ី ចូល​បំភ្លឺ​​​ក្នុង​សំណុំរឿង​​ក្បត់ជាតិ

  • 2018-03-22 10:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃទី២២ ខែមីនា​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ ​ឲ្យ​ចូលបំភ្លឺ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ក្នុងសំណុំរឿង​កាត់ដី​​ឲ្យ​ជនជាតិដើមភាគតិច ម៉ុងតាញ៉ា។

ដីកាកោះនោះ ចុះហត្ថលេខាដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២២ ខែមីនា​ ២០១៨។ ក្នុងដីកា បាន​កំណត់​ឲ្យ​លោក សម រង្ស៊ី ចូលទៅកាន់​អយ្យការអមសាលា​ដំបូង​រាជធានីភ្នំពេញ បន្ទប់ (ឋ) ជាន់ទី២ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៩:០០ ព្រឹក ដើម្បីបំភ្លឺដំណើររឿង​​ពីការចុះកិច្ច​ព្រមព្រៀង​ជាមួយ​ឈ្មោះ កុក ស នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ពាក់ព័ន្ធនឹងការកាត់​ទឹកដី ០៤ ខេត្ត ឲ្យជនជាតិដើមភាគតិច ដេហ្កា (ម៉ុងតាញ៉ា) គ្រប់គ្រង។

លោក សម រង្ស៊ី (រូបភាពឯកសារ)
សូមរម្លឹកថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹង ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងលោកសម រង្ស៊ី ពីបទក្បត់ជាតិ ឃុបឃិត​កាត់ទឹកដី​ឲ្យជនបរទេស។ ពាក្យបណ្តឹងនេះ បានធ្វើឡើង ក្រោយពីប៉ូលិស​ក្រសួងមហាផ្ទៃ បើកការ​ស៊ើបអង្កេត និងសិក្សា សន្និដ្ឋាន វាយតម្លៃលើវិដេអូ និងកិច្ចព្រមព្រៀងរវាងលោកសមរង្ស៊ី និងឈ្មោះ កុក ស មេដឹកនាំចលនា​វៀតណាម ជនជាតិ​ភាគតិច Degar (ម៉ុងតាញ៉ា) កាលពីឆ្នាំ២០១៣។

សូម​បញ្ជាក់ថា សព្វថ្ងៃនេះ លោកសម រង្ស៊ី កំពុងនិរទ្ទេសខ្លួនរស់នៅ​ក្រៅប្រទេស ក្រោយ​ទទួល​រង​បណ្ដឹង​ជាច្រើន​នៅ​តុលាការ។ កាលពី​ដើម​ឆ្នាំ​២០១៨ កន្លង​ទៅ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីការឹបអូសទ្រព្យសម្បត្តិ មានដី និងផ្ទះរបស់លោកសម រង្ស៊ី ដែលជាអតីតទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ នៅចាក់អង្រែលើ។ ការរឹបអូសនេះ ដើម្បី​សង​លុយ​សំណង​ជំងឺចិត្ត ដែលលោកសម រង្ស៊ី ចាញ់ក្តីសម្តេចហេង សំរិន និងសម្តេចហ៊ុន សែន សរុបប្រមាណជាង ១លានដុល្លារអាមេរិក៕

ចុចអានអត្ថបទទាក់ទង៖

Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;