ប្រភព២ ជួយជាលុយដល់ក្លឹបអូស្ត្រាលី ទម្រាំអាចយក Honda ទៅចូលរួមបាន
- 2018-08-13 07:10:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភព២ ជួយជាលុយដល់ក្លឹបអូស្ត្រាលី ទម្រាំអាចយក Honda ទៅចូលរួមបាន
ចន្លោះមិនឃើញ
មុនការតែងតាំងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ប្រហែល១សប្ដាហ៍ តារាបាល់ទាត់ជប៉ុន Keisuke Honda ក៏ទើបតែចុះកុងត្រាជាមួយក្លឹប Melbourne Victory ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីផងដែរ។ ចំពោះការនាំយកកីឡាករវ័យ៣២ឆ្នាំនេះ ក្លឹប Melbourne Victory បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពី សហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី និងសារព័ត៌មាន Fox Sports ។ ទឹកប្រាក់នោះមានចំនួនជិត ៣លានដុល្លារអាមេរិក។ នេះបើតាមវេបសាយ The Guardian ។
ប្រភពបន្ថែមថា Honda បានក្លាយជាកីឡាករដែលពិភពលោកបានស្គាល់ម្នាក់ ដែលលេងនៅលីគកំពូលអូស្ត្រាលី បន្ទាប់ពី Shinji Ono, Alessandro Del Piero, Emile Heskey និង David Villa ។ កីឡាករទាំងនេះ ធ្លាប់ប្រកបអាជីពនៅអូស្ត្រាលី កាលពីរដូវកាល ២០១៣-១៤។
គួរបញ្ជាក់ថា Keisuke Honda បានក្លាយជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា។ ចំពោះការដឹកនាំនេះ Honda បានស្ម័គ្រចិត្ត ដោយមិនទទួលបានប្រាក់ឈ្នួលអ្វីឡើយ។
ចាប់ពីឆ្នាំ២០០៤ មកទល់បច្ចុប្បន្ន Honda ធ្លាប់លេងឲ្យក្លឹប ដូចជា Nagoya Grampus (ជប៉ុន), VVV-Venlo (ហុល្លង់), CSKA Moscow (រុស្ស៊ី), AC Milan (អ៊ីតាលី), Pachuca (ម៉ិកស៊ីកូ) និងMelbourne Victory (អូស្ត្រាលី)។ Honda ក៏ជាសមាជិកក្រុមជម្រើសជាតិជប៉ុន ដែលបានបង្ហាញខ្លួនក្នុងកម្រិត U20, U23 និងក្រុមឈុតធំ៕
អត្ថបទទាក់ទង
៥យ៉ាង ដែលអ្នកគួរដឹងក្រោយការដឹកនាំរបស់ Honda នៅក្រុមជម្រើសជាតិកម្ពុជា
Honda ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា
Honda ប្រាប់ពីគោលបំណង២ ដែលមកជួយក្រុមកម្ពុជា មិនយកប្រាក់ខែ