ឯក​អគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ជាអ្នក​ស្គាល់ពី​តំបន់​អាស៊ី​អាគ្នេយ៍​ច្បាស់លាស់

  • 2018-08-13 09:28:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Patrick Murphy ដែល​ទើបតែ​ត្រូវបាន​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា គឺមាន​ប្រវត្តិ​លេចធ្លោ​នៅក្នុង​ការងារ ស្គាល់​តំបន់​អាស៊ី​អាគ្នេយ៍​ និងដឹង​ពី​គោល​នយោបាយ​ការបរទេស​របស់​អាមេរិក នៅក្នុង​តំបន់​នេះ​យ៉ាងច្បាស់លាស់។ នេះបើតាមការ​លើកឡើង​របស់លោក William Heidt ឯក​អគ្គរដ្ឋទូត​បច្ចុប្បន្ន​របស់​អាមេរិក​ប្រចាំ​នៅកម្ពុជា ដែល​ជិត​ផុត​អាណត្តិ នា​ថ្ងៃទី​១៣​សីហា​នេះ។

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ឱ្យដឹង​ថា លោក W. Patrick Murphy គឺជា​ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ទទួល​បន្ទុក​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ជា​សមាជិក​អាជីព​ម្នាក់ នៅក្នុង​កិច្ចការ​បរទេស​ជាន់ខ្ពស់។

លោក W. Patrick Murphy ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៧។ រូបថត៖ VOA News
កន្លងមក លោក ​Patrick Murphy គឺជា​អនុ​ប្រធាន​ទូត និង​ជា​ភារ​ធារី ប្រចាំ​ប្រទេស​ថៃ (២០១៣ ដល់ ២០១៦) នៅ​ប្រទេស Lesotho (២០០៦ ដល់ ២០០៨) ហើយបាន​ធ្វើជា​តំណាង​ស្តីទី​ពិសេស និងជា​អ្នក​សម្រប​សម្រួល​គោល​នយោបាយ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា ពីឆ្នាំ​២០១២ ដល់ឆ្នាំ​២០១៣។

ស្ថាន​ទូត​អាមេរិក បន្ត​ថា សំណើ​តែងតាំង​លោក Murphy នឹងត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។ តាម​មាត្រា​២ នៃរដ្ឋធម្មនុញ្ញ​របស់​អាមេរិក ការ​តែងតាំង​ទាំងឡាយ​ដោយ​ប្រធានាធិបតី​អាមេរិក ក្នុង​នោះ​រួមមាន​ទាំង​ឯកអគ្គរដ្ឋទូត​ផង គឺ​ត្រូវ​ឆ្លងកាត់​ "ការ​ប្រឹក្សា និង​ការ​យល់ព្រម" ពី​ព្រឹទ្ធសភា​ជាមុនសិន។

យ៉ាងណាមិញ អ្នកនាំពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន បានថ្លែង​ប្រាប់​សារព័ត៌មាន​ដើម​អម្ពិល​ថា លោក​មិនទាន់​វាយ​តម្លៃ​ចំពោះ​ឯកអគ្គរដ្ឋទូត​អាមេរិកថ្មី​ប្រចាំ​កម្ពុជា​ទេ។ ប៉ុន្ដែ លោក​សង្ឃឹម​ថា ទូត​អាមេរិក​ថ្មី នឹងមាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា ដើម្បី​ឲ្យ​ប្រទេស​ទាំងពីរ មាន​ទំនាក់​ទំនង​កាន់តែ​ស៊ី​ជម្រៅ​បន្ថែ​មទៀត៕

អត្ថបទទាក់ទង៖ អាមេរិក គ្រោង​តែងតាំង​មន្រ្តី​ជាន់ខ្ពស់​ការបរទេស ជា​​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា

អត្ថបទ៖ សំភី

អត្ថបទថ្មី
;