សម្តេចហ៊ុន សែន អំពាវនាវកុំឲ្យរឹបអូសទ្រព្យសម្បត្តិពលរដ្ឋ ដោយសារជំពាក់បំណុល
- 2018-08-24 01:49:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចហ៊ុន សែន អំពាវនាវកុំឲ្យរឹបអូសទ្រព្យសម្បត្តិពលរដ្ឋ ដោយសារជំពាក់បំណុល
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវទៅកាន់ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កុំឲ្យរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋ ផ្ទុយទៅវិញត្រូវមានការយោគយល់អធ្យាស្រ័យដល់ប្រជាពលរដ្ឋ ដោយពន្យារពេលសងដោយមិនយកការប្រាក់។
ការអំពាវនាវរបស់សម្ដេច ធ្វើឡើងកាលពីថ្ងៃទី២៣ ខែសីហាម្សិលមិញនេះ ក្នុងឱកាសដែលសម្តេច ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាស ចំនួន១២ នៅក្នុងខេត្តកណ្តាល។
នៅក្នុងឱកាសនោះ សម្តេចក៏បានជំរុញឲ្យធនាគារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការពិភាក្សាជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីរកវិធីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារទឹកជំនន់នៅឆ្នាំនេះ តាមរយៈការបន្ថូរបន្ថយអត្រាការប្រាក់ និងពន្យារយៈសងបំណុលផងដែរ។
សម្ដេចនាយករដ្ឋមន្រ្ដី បានបន្ថែមថា "ខ្ញុំសង្ឃឹមថា គណៈពង្រឹងមូលដ្ឋានទាំងអស់ នឹងបន្តធ្វើកិច្ចការងារនេះនៅតាមមូលដ្ឋាន ដែលមានមីក្រូហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជន យើងត្រូវធ្វើសកម្មភាពទាំងអស់គ្នា ហើយត្រូវចូលរួមទាំងអស់គ្នាពីសំណាក់ប្រជាពលរដ្ឋនិងវិស័យឯកជនផងដែរ"។
សូមជម្រាបថា ជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេ បានវាយប្រហារខេត្តមួយចំនួនរបស់កម្ពុជា ដូចជា ខេត្តកោះកុង កំពត កែប ព្រះសីហនុ បាត់ដំបង កំពង់ស្ពឺ តាកែវ និង កណ្ដាល ជាដើម ដោយប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ៩ពាន់គ្រួសារ ខូចខាតដំណាំស្រូវរាប់ម៉ឺនហិកតា ក្នុងនោះដំណាំស្រូវដែលខូចខាតទាំងស្រុង មានចំនួន ៥២ ហិកតា៕
ចុចអាន៖ សម្ដេច ហ៊ុន សែន ប្រកាសប្រារព្ធបុណ្យធំ និងពិធីឆ្លងឆ្នាំ២០១៨ នៅទីតាំងមួយ
ចុចអាន៖ សម្ដេច ហ៊ុន សែន ចង់ធ្វើការលើកលែងទោសទ្រង់ទ្រាយធំ