ប្រវត្តិខេត្តបន្ទាយមានជ័យ និងប្រវត្តិអភិបាលខេត្តថ្មី លោក អ៊ុំ រាត្រី
- 2019-05-10 08:36:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិខេត្តបន្ទាយមានជ័យ និងប្រវត្តិអភិបាលខេត្តថ្មី លោក អ៊ុំ រាត្រី
ចន្លោះមិនឃើញ
ព្រះមហាក្សត្រ បានចេញព្រះរាជ្យក្រឹត្យនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ត្រាស់បង្គាប់តែងតាំងលោក អ៊ុំ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោក សួន បវរ ដែលត្រូវផ្ទេរភារកិច្ចទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។
តើ លោកអ៊ុ រាត្រី ជានរណា?
លោក អ៊ុ រាត្រី កើតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៦៩ ក្នុងត្រកូលកសិករ ហើយពីតូចដល់ធំដឹងក្តី លោករស់នៅភូមិផាស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។
លោកបានរៀបការជាមួយអ្នកស្រី ជ័យ ណារី បង្កើតចំណងគ្រួសារបានកូន៤នាក់ ក្នុងនោះបានរៀបការ២នាក់ហើយ។
ក្នុងជិវិតការងារ លោកបានចូលបម្រើជាមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃ នៅសាលាខេត្តបន្ទាយមានជ័យ រួចឡើងជាអភិបាលរងស្រុកមង្គលបូរី ជាអភិបាលក្រុងសិរីសោភ័ណ រួចជាអភិបាលរងខេត្តបន្ទាយមានជ័យ (យូរជាងគេ)។ ឥឡូវលោកជាអភិបាលខេត្តបន្ទាយមានជ័យ តាមព្រះរាជក្រឹត្យលេខ នសរកត ៥៩៤ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ របស់ព្រះករុណាសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ។ លោកជាអភិបាលខេត្តទី១១ បើគិតពីបង្កើត និងដំណើរការខេត្តនេះពីឆ្នាំ១៩៨៨មក។
ចុចអាន៖ តើខេត្តបន្ទាយមានជ័យ មានអភិបាលប៉ុន្មានហើយ ចាប់ពីឆ្នាំ ១៩៨៨ មក?
ការបង្កើតខេត្ត ភូមិសាស្ត្រ រដ្ឋបាលនិងពលរដ្ឋ៖
ខេត្តបន្ទាយមានជ័យ បង្កើតឡើងដោយអនុក្រឹត្យច្បាប់លេខ៣២ ក្រ.ច ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៨៧ របស់ក្រុមប្រឹក្សារដ្ឋ និងកំណត់ព្រំប្រទល់ខេត្ត ដោយអនុក្រឹត្យលេខ ១០ អនក្រ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៨៧ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។
ខេត្តនេះ ត្រូវប្រកាសឲ្យដំណើរការការងារ (សម្ពោធខេត្ត) ជាផ្លូវការថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៨ ក្រោមអធិបតីលោក ប៊ូ ថង អនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី។ ខេត្តនេះ ត្រូវបំបែកពីអតីត ៥ស្រុកខាងជើងខេត្តបាត់ដំបង មុនឆ្នាំ១៩៨៨ បូកស្រុកបន្ទាយអម្ពិល នៃអតីតខេត្តសៀមរាប-ឧត្តរមានជ័យ។
ខេត្តនេះមានចម្ងាយ ៣៥៩គម ភាគពាយ័ព្យរាជធានីភ្នំពេញ។ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តសៀមរាប ខាងលិចជាប់នឹងប្រទេសថៃ ខាងជើងជាប់នឹងខេត្តឧត្តរមានជ័យ និងជាប់នឹងប្រទេសថៃ ខាងត្បូងជាប់នឹងខេត្តបាត់ដំបង។ ព្រំប្រទល់ជាប់នឹងប្រទេសថៃ ប្រវែង១៥៣គម ដែលមានស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកថ្មពួក។
ភូមិសាស្ត្រការគ្រប់គ្រងរដ្ឋបាល ខេត្តមានផ្ទៃសរុប ៦៦៧៩គីឡូម៉ែត្រក្រឡា។ រដ្ឋបាលខេត្តចែកជា២ក្រុង គឺក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត និង៧ស្រុក គឺស្រុកមង្គលបូរី ព្រះនេត្រព្រះ ភ្នំស្រុក អូរជ្រៅ ស្វាយចេក ថ្មពួកនិងម៉ាឡៃ។ ក្រុង-ស្រុកទាំង ៩ ចែកចេញជា ១០សង្កាត់ និង ៥៥ឃុំ។
ប្រវត្តិឈ្មោះ “បន្ទាយមានជ័យ"
យោងប្រភពពីមន្ត្រីរដ្ឋបាល បានឲ្យដឹងថា ឈ្មោះបន្ទាយមានជ័យ មកពីការសម្គាល់បន្ទាយនៃកងទ័ពអំឡុងទសវត្សរ៍ទី៨០ បូកមានជ័យ មានន័យថា ឈ្នះឬជោគជ័យ។ គឺជោគជ័យតាំងពីយុទ្ធនាការរដូវក្តៅឆ្នាំ១៩៨៤-៨៥ មក ទើបរដ្ឋអំណាចសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បង្កើតខេត្តបន្ទាយមានជ័យជាខេត្តទី២២ ក្នុងឆ្នាំ១៩៨៧ និងសម្ពោធដំណើរការឆ្នាំ១៩៨៨។
គិតចាប់តាំងពីដំណើរការរដ្ឋបាលខេត្តពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៨ មក ខេត្តបន្ទាយមានជ័យ មានថ្នាក់ដឹកនាំ (ប្រធានគណៈកម្មាធិការប្រជាជន, អភិបាលខេត្ត) ចំនួន១១រូបហើយ ដែលរួមមាន ១- សមមិត្ត អ៊ិត លឿ (១៩៨៨-១៩៩២) ២- លោក ម៉ោញ កុសល (១៩៩២-១៩៩៤) ៣- លោក ដូង ខែម (១៩៩៤-១៩៩៩) ៤- លោក ថាច់ ឃន (១៩៩៩-២០០៤) ៥- លោក ហេង ចាន់ថា (២០០៤- ២០០៦) ៦- លោក អន ស៊ុ (២០០៦-២០០៨) ៧- លោក អ៊ុង អឿន (២០០៨- ២០១៣) ៨- លោក ទ្រី ណារិន (២០១៣) ៩- លោក គោស៊ុ សារឿត (២០៣-២០១៦) ១០- លោក សួន បវរ (២០១៦-២០១៩) និង ១១-លោក អ៊ុ រាត្រី (២០១៩- បច្ចុប្បន្ន)៕