ក្រុមហ៊ុនយល់ព្រមជួសជុលផ្នែកខ្លះនៃផ្លូវជាតិលេខ២១ ដែលសាងសង់មិនស្របតាមលក្ខណៈបច្ចេកទេស
- 2019-08-08 04:21:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនយល់ព្រមជួសជុលផ្នែកខ្លះនៃផ្លូវជាតិលេខ២១ ដែលសាងសង់មិនស្របតាមលក្ខណៈបច្ចេកទេស
ចន្លោះមិនឃើញ
ក្រុមហ៊ុន Hanshin Engineering and Construction Co., Ltd បានទទួលស្គាល់ថា ផ្នែកខ្លះនៃកំណាត់ផ្លូវជាតិលេខ២១ សាងសង់មិនស្របតាមលក្ខណៈបច្ចេកទេស និងបានយល់ព្រមដោះស្រាយ និងអនុវត្តផែនការជួសជុលឡើងវិញ។ នេះបើតាមការបញ្ជាក់របស់លោក Choi Young Sun ប្រធានក្រុមហ៊ុន ក្នុងជំនួបជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩។
ជំនួបនេះធ្វើឡើងបន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន KICT (Korea Institute of Civil Engineering and Building Technology) បានរកឃើញថា ផ្នែកខ្លះនៃកំណាត់ផ្លូវជាតិលេខ២១ សាងសង់មិនស្របតាមលក្ខណៈបច្ចេកទេស ដោយត្រង់ចំណុចដែលបានជួសជុលរួចមានស្នាមបែក ប្រេះ និងសំបុកមាន់ជាច្រើនកន្លែង និងបានកំពុងទទួលរងការខូចខាតបណ្តើរៗ។
ចុចអានបន្ថែម៖ រកឃើញផ្នែកខ្លះនៃផ្លូវជាតិលេខ២១ សាងសង់មិនស្របតាមលក្ខណៈបច្ចេកទេស
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពអ៊ុតកៅស៊ូ AC បន្ថែមពីលើចំនួនបីសង់ទីម៉ែត្រទៀតបន្ទាប់ពីជួសជុលរួច ដើម្បីធ្វើឱ្យផ្លូវនេះមានភាពរឹងមាំប្រើប្រាស់យូរអង្វែង ដោយផ្ដោតលើគុណភាពជាចម្បងមុននឹងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
លោក Choi Young Sun បានកត់សម្គាល់លើសំណើរបស់លោក ស៊ុន ចាន់ថុល និងសន្យាយកសំណើនេះទៅពិភាក្សាបន្ថែមជាមួយអ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុនដើម្បីពិនិត្យលទ្ធភាព ហើយសង្ឃឹមថានឹងអាចផ្តល់ចម្លើយវិជ្ជមានតបទៅតាមសំណូមពរនេះ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ដែលបានផ្តល់ជញ្ជីងថ្លឹងរថយន្តដោយស្វ័យប្រវត្តិបង្កប់នៅក្នុងដី (Weighs in motion) និងកាមេរ៉ាចាប់ល្បឿនរថយន្ត ដើម្បីបំពាក់លើផ្លូវនេះ សំដៅធានាកុំឱ្យមានរថយន្តដឹកទំនិញលើសកម្រិតកំណត់ និងអាចឱ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែង៕
អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន