អ៊ីរ៉ង់​បង្អួត​សព្វាវុធ​ទំនើប​​ៗ​ ហើយ​គំរាម​អាមេរិក​នៅ​​ឲ្យ​ឆ្ងាយ​

  • 2019-09-25 02:51:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែង​ក្នុង​ពិធី​ព្យុហយាត្រា​យោធា​មួយ​កាល​ពី​ថ្ងៃ​ទី​ ២២ ខែ​កញ្ញា ឆ្នាំ​២០១៩ ប្រធានាធិបតី​អ៊ីរ៉ង់​ លោក​ Hassan Rouhani បាន​​ប្រាប់​កង​កម្លាំង​យោធា​អាមេរិក​ឲ្យ​នៅ​ឲ្យ​ឆ្ងាយ​ពី​តំបន់​ឈូង​សមុទ្រ​ពែក្ស​ (Persian Gulf)។ លោក​បាន​និយាយ​បែប​នេះ​ក្រោយ​ពី​សហរដ្ឋ​អាមេរិក​ប្រកាស​បញ្ជូន​កង​កម្លាំង​បន្ថែម​ទៅ​ការពារ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។​

អត្ថបទទាក់ទង

«គ្រប់​ទី​កន្លែង​ណា​ដែល​អាម៉េរិកាំង​ ឬ​សត្រូវ​របស់​យើង​ផ្សេង​ទៀត​ទៅ​ដល់ តែង​តែ​មាន​បញ្ហា​អសន្តិសុខ​កើត​ឡើង»។ លោក​បាន​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «កាល​ណា​អ្នក​​(អាមេរិក)​នៅ​កាន់​តែ​ឆ្ងាយ​ពី​តំបន់​របស់​យើង​និង​ប្រទេស​របស់​យើង​ សន្តិសុខ​និង​កើន​ឡើង»។

នៅ​ក្នុង​ក្បួន​ព្យុហយាត្រា​នេះ​ អ៊ីរ៉ង់​បាន​បង្ហាញ​អាវុធ​ទំនើប​ៗ​មួយ​ចំនួន​ ដូចជា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ Khordad-3 ដែល​បាន​បាញ់​ទម្លាក់​ដ្រូន​របស់​អាមេរិក​កាល​ពី​ខែ​មិថុនា​។ អ៊ីរ៉ង់​ក៏​បាន​បង្ហាញ​មីស៊ីល​ថ្មី​មួយ​ដែល​អាច​វាយ​ប្រហារ​មូលដ្ឋាន​យោធា​របស់​អាមេរិក​ និង​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

គួរ​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ លោក​ Mike Esper និង​មេបញ្ជាការ​យោធា​សហរដ្ឋ​អាមេរិក​ លោក​ឧត្ដមសេនីយ៍​ Joseph Dunford បាន​ប្រកាស​ថា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក​ ដូណាល់​ ត្រាំ​បាន​បញ្ជា​ឲ្យ​​បញ្ជូន​កម្លាំង​យោធា​ ទៅ​ការពារ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ និង​សហព័ន្ធ​អារ៉ាប់រួម​(UAE)។ ការ​ប្រកាស​នេះ​គឺ​ក្រោយ​សហរដ្ឋ​អាមេរិក​ និង​អារ៉ាប៊ីសាអ៊ូឌីត​បាន​សន្និដ្ឋាន​ថា​អ៊ីរ៉ង់​គឺ​ជា​អ្នក​វាយ​ប្រហារ​រោងចក្រ​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា​ ឆ្នាំ​២០១៩​៕

ចុច​អាន​បន្ថែម

ប្រភព៖ telegraph ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;