តំបន់ពីរនៅ​ជាយ​រាជធានី​ភ្នំពេញ កំពុងប្រជែងសក្តានុពលវិនិយោគ​វិស័យ​អចលនទ្រព្យ

  • 2018-01-29 02:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានភាពនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែ​បន្តមាន​ភាព​ល្អ​ប្រសើរ បើទោះ​បីជា​មាន​ការព្រួយ​បារម្ភ​តិច​តួច​ទាក់ទិន​នឹងការ​បោះឆ្នោត​ថ្នាក់​ជាតិ​នាពេល​ខាងមុខ​ក្តី។ សុខភាព​នៃទីផ្សារ​អចលនទ្រព្យ គេឃើញមាន​សន្ទុះ​កំណើន​ខ្លាំងក្លា​​ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ខណៈ​ដែល​តំបន់​ពីរ​កំពុង​ប្រជែងសក្តានុពល​វិនិយោគ​លើវិស័យ​ទីផ្សារ​មួយនេះ។

ប៉ែកខាងជើង និងប៉ែកខាងត្បូង នៃរាជធានីភ្នំពេញ កំពុងស្ថិតនៅក្រោមការទាញ​ចំណាប់​អារម្មណ៍​របស់​វិនិយោគិន​ទាំង​ក្នុង និងក្រៅ​ស្រុក ស្រប​ពេល​ដែលតំបន់​ទាំងពីរ​នេះ​មាន​គម្រោង​ធំៗ​ជាច្រើន​ត្រៀម​នឹង​លេចរូបរាង​ឡើង​នាពេល​ខាងមុខ។

បើនិយា​យពីប៉ែកខាងជើង នៃរាជធានីភ្នំពេញ គម្រោង​គ្រាក់ៗ​ជាច្រើន​កំពុង​លេចរូបរាង​ជាបណ្តើរៗ។ តួយ៉ាងដូចជា​ផ្សារម៉ាក្រូ ទំនើប​អ៊ីអនម៉លទី២ គម្រោង​ផ្ទះល្វែង​សម្រាប់​អាជីវកម្ម គម្រោង​មជ្ឈមណ្ឌលសន្និបាត​សែនសុខ របស់​ក្រុមហ៊ុន​លោកឧញ៉ា លី យ៉ុងផាត់ ព្រមទាំង​គម្រោង​បុរីផ្សេងៗ​ទៀត។

ផ្សារ​ម៉ាក្រូ នៅ​ខណ្ឌសែនសុខ
ដោយឡែក បើក្រឡេកមើល​ភាគត្បូង​វិញ ក៏មាន​គម្រោងផ្សារទំនើប​ខ្នាត​អន្តរជាតិ​ដែរ ពោលគឺ​ផ្សារ​ទំនើប PH Eco Mall ដែលទើបត្រូវ​បានបើកការ​ដ្ឋាន​សាងសង់​កាលពី​ពេលថ្មីៗនេះ ក្រោម​ទុនវិនិយោគ​ជាង ២០០ លាន​ដុល្លារ​អាមេរិក របស់​ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១។ មិនតែប៉ុណ្ណោះ គម្រោង​សាងសង់​អាកាសយាន្តដ្ឋានថ្មី​លំដាប់​ពិភពលោក​តម្លៃជាង ១,៥ពាន់លាន​ដុល្លារ​អាមេរិក ដែល​ទើបត្រូវ​បានប្រកាស​កន្លងទៅ​ថ្មីៗនេះ ក៏ស្ថិត​នៅភាគ​ខាងត្បូង​នៃរាជធានី​ភ្នំពេញដែរ។
ផ្សារ PH Eco Mall នៅ​បុរី​ប៉េងហួត ផ្លូវជាតិ​លេខ១

លោកបណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយ​តម្លៃ​អចលនវត្ថុកម្ពុជា (CVEA) បាន​លើក​ឡើងថា ពីមុន​ដីនៅតំបន់​​គម្រោងសាងសង់​អាកាសយាន្តដ្ឋាន​ថ្មីនេះ ធ្លាប់ជា​ដីប្រកាស​លក់​ថោកៗ ហើយ​ស្ទើរ​តែគ្មានអ្នក​ទិញ​ផង ប៉ុន្តែ​ឥឡូវ​នេះ​មាន​អ្នកទៅ​ទិញ​ដូច​បុណ្យ​កឋិន។

លោកបណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយ​តម្លៃ​អចលនវត្ថុកម្ពុជា

យ៉ាងណា​មិញ អគ្គនាយកក្រុមហ៊ុន Cambodia Angkor Real Estate លោក ពីង សេរី យល់ឃើញថា ភាគជើងនៃ​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ន​កំពុង​ធ្វើដំណើរ​យ៉ាងលឿន​ក្នុងការ​អភិវឌ្ឍន៍​លើវិស័យ​អចលនទ្រព្យ ជាពិសេស​នៅ​ខណ្ឌសុខ និងតំបន់​បឹងតាមោក ស្ថិតក្នុង​ខណ្ឌ​ព្រែកព្នៅ។ អ្នកជំនាញ​រកស៊ីក្នុងវិស័យ​អចលចនទ្រព្យ​ចាស់វស្សា​រូបនេះ បានបង្ហើបប្រាប់​ឲ្យដឹង​ថា ទៅថ្ងៃអ​នាគត​តំបន់​បឹងតាមោក​អាចនឹង​ក្លាយ​ជាតំបន់​ពាណិជ្ជកម្ម​ដ៏ថ្មីសន្លាង​មួយទៀត ស្របពេល​ដែលបច្ចុប្បន្ននេះ​វិនិយោគិន កូរ៉េ និងជប៉ុន​បាន​នាំគ្នាសម្រុក​ទិញដី​នៅតំបន់​នោះទុក។

អ្នកនាំពាក្យ​សាលា​រាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់​អ្នកសារពត៌មានថា កាលណា​មាន​ប្រជាពលរដ្ឋ​ច្រើន សេដ្ឋកិច្ច​ក៏ត្រូវតែដើរ​ទៅតាម​តម្រូវការ​ជាក់ស្តែង ឬសក្តានុពល​ទៅតាម​តំបន់​នីមួយៗ ដោយឆ្លុះបញ្ចាំង​តាម​រយៈ​សំណង់​បុរី ផ្ទះល្វែង និងគម្រោង​សំណង់​នានា​ជាច្រើន​ទៀត ។

ផ្សារអ៊ីអន ២ កំពុងសាងសង់​នៅខណ្ឌសែនសុខ

លោកបាន​បញ្ជាក់ថា ខណ្ឌមួយ​ទៅខណ្ឌ​មួយមិន​អាចត្រូវ​បាន​ធៀប​គ្នាទេ ដោយសារ​តែកត្តា​ភូមិសាស្ត្រ មានលក្ខណៈ​ខុសគ្នា ដូចជា​ខណ្ឌទួលគោក ជាខណ្ឌ​មួយដែល​រាប់​បញ្ចូល​ខណ្ឌទាំង៤ នៅក្នុងក្រុង រួមមានខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌ៧មករា ដែល​នៅក្នុង​ខណ្ឌទាំង៤នេះ មានសំណង់​ និងសក្តានុពល​សេដ្ឋកិច្ច​រីកចម្រើន និងការផ្លាស់ប្តូរ​ច្រើន​ជាបន្តបន្ទាប់។

លោក ឃាង ពុទ្ធី អគ្គនាយកក្រុមហ៊ុន ស្លឹករឹត រៀលធី បានថ្លែងប្រាប់​ខ្លីៗឲ្យដឹង​ថា សម្រាប់​ការវិនិយោគក្នុង​រយៈពេល​ខ្លី ពោលគឺពី ២ទៅ៣ឆ្នាំទៀត អ្នកជំនាញ​រូបនេះផ្តល់យោបល់ឲ្យសម្លឹងមើល​ទៅភាគខាង​ជើង ដូចជា​តំបន់ជិត​ព្រលានយន្តហោះ​ចាស់ តំបន់​ជិតផ្សារ​ទំនើបអ៊ីអនទី២ និងតំបន់​ផ្លូវហាណូយ​ជាដើម សុទ្ធតែមាន​សក្តានុពលលើការវិនិយោគ។ ក៏ប៉ុន្តែប្រសិនបើ ៣ ទៅ ៦ រឺ៧ ឆ្នាំខាងមុខទៀតលោកពុទ្ធីណែនាំឲ្យសម្លឹងមើល​ទៅ​តំបន់​នៅជិតៗគម្រោងព្រលានយន្តហោះថ្មី៕

ចុចអានអត្ថបទ​ទាក់ទង៖

អត្ថបទ៖ សិរីឧត្តម

អត្ថបទថ្មី
;