ផ្លូវជាតិលេខ៥ ចំនួនពីរកំណាត់ទៀត នឹងត្រូវបើកការដ្ឋានពង្រីកដល់ ៤គន្លង នាខែវិច្ឆិកាឆ្នាំនេះ
- 2018-05-21 12:24:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវជាតិលេខ៥ ចំនួនពីរកំណាត់ទៀត នឹងត្រូវបើកការដ្ឋានពង្រីកដល់ ៤គន្លង នាខែវិច្ឆិកាឆ្នាំនេះ
ចន្លោះមិនឃើញ
កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីធ្លាម្អម ខេត្តពោធិ៍សាត់ ដល់ខេត្តបាត់ដំបង និងចាប់ពីសិរីសោភ័ណ្ឌ ដល់ប៉ោយប៉ែត នឹងត្រូវបើកការដ្ឋានពង្រីកពី២គន្លង ទៅ៤គន្លង នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅធ្លាម្អម នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង។
គម្រោងសាងសង់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ទៅធ្លាម្អម ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីព្រឹកមិញនេះ គឺជាកំណាត់ផ្លូវផ្នែកខាងត្បូង ប្រវែងជាង ១៣៥គីឡូម៉ែត្រ។ ចំណែកកំណាត់ផ្លូវជាតិលេខ៥ផ្នែកខាងជើង ចាប់ពីបាត់ដំបង ទៅសិរីសោភ័ណ ប្រវែងជាង ៨៤គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់រួចមកហើយ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។ រីឯកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីធ្លាម្អមដល់បាត់ដំបង និងកំណាត់ផ្លូវពីសិរីសោភ័ណ ទៅប៉ោយប៉ែត គឺជាដំណាក់កាលសាងសង់ក្នុងផ្នែកកណ្តាល (ផ្នែកទី៣) និងផ្នែកបញ្ចប់។
សូមជម្រាបថា ការសាងសង់ពង្រីកផ្លូវជាតិលេខ៥ (ពី២គន្លង ដល់ ៤គន្លង) ទាំងបួនកំណាត់ខាងលើនេះ គឺជាគម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ៥ ចាប់ពី ព្រែកក្តាម ដល់ប៉ោយប៉ែត ប្រវែង ៣៧០គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន៕
អត្ថបទពាក់ព័ន្ធ៖
កំណាត់ផ្លូវជាតិលេខ ៥ ពីព្រែកក្ដាម ដល់ពោធិ៍សាត់ ត្រូវបើកការដ្ឋានសាងសង់ព្រឹកនេះ
ស្វែងយល់ពីគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណ