រោងចក្រ​​ដំឡើង iPhone ធំ​ទី​១ ចាប់ផ្ដើម​បោះ​ជំហាន​ចេញ​ពី​ចិន​ ទៅ​កាន់វៀតណាម

  • 2018-12-05 07:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 454

ចន្លោះមិនឃើញ

ក្រុមហ៊ុន Foxconn ដែល​ជា​ដៃគូ​ដំឡើង​ iPhone ធំ​ទី​មួយ​របស់ Apple ​កំពុង​រៀបចំ​ផែនការ សាងសង់​រោងចក្រ​​ថ្មី​មួយ​ នៅ​ប្រទេស​វៀតណាម ដើម្បី​គេច​ចេញ​ពី​ផល​ប៉ះពាល់​នៃ​​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​។

Foxconn ជា​ក្រុមហ៊ុន​ធំ​១ ដែល​មាន​រោងចក្រ​ដំឡើង​ទូរសព្ទ​ច្រើន​ជាងគេ នៅ​ក្នុង​ប្រទេស​ចិន។

យោង​តាម​សារព័ត៌មាន​វៀតណាម Vietnam Investment Review កាល​ពី​ថ្ងៃ​ទី៣​ធ្នូ ដោយ​ស្រង់​សម្ដី​លោក Vu Tien Loc ប្រធាន​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម បាន​ឲ្យដឹង​ថា ក្រុមហ៊ុន Foxconn និង​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហាណូយ កំពុង​សហការ​រៀបចំ​អនុវត្ត​គម្រោង​បើក​រោងចក្រ​ដំឡើង​ iPhone មួយ​កន្លែង​ នៅ​វៀតណាម។

ជុំវិញ​ព័ត៌មាន​នេះ សារព័ត៌មាន Reuters បាន​ទាក់ទង​ទៅ​កាន់​លោក Loc ដើម្បី​សុំ​ការ​បំភ្លឺ ដោយ​លោក​បាន​បង្ហើប​ថា ភាគី​វៀតណាម និង Foxconn កំពុង​ពិភាក្សា​គ្នា​ តែ​លោក​មិន​បាន​ផ្ដល់​សេចក្ដី​លម្អិត​នោះ​ទេ។ ចំណែក​ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហាណូយ លោក Nguyen Duc Chung បាន​បដិសេធ​ក្នុង​ការ​ឆ្លើយតប​នឹង Reuters ។ ដោយឡែក Foxconn ក៏​មិន​បាន​បកស្រាយ​ពី​បញ្ហា​នេះ​ដែរ​។

កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៨ សហរដ្ឋ​អាមេរិក និង​ចិន បាន​ឯកភាព​គ្នា​ថា នឹង​ទុក​រយៈពេល ៩០​ថ្ងៃ​ដើម្បី​ធ្វើ​ការ​ចរចា​គ្នា​លើ​បញ្ហាពន្ធ ហើយ​ភាគី​ទាំងពីរ មិន​ត្រូវ​ដំឡើង​ពន្ធ​លើ​ទំនិញ​ទៅវិញទៅមក​ឡើយ ក្នុង​រយៈ​ពេល​នេះ។ ការ​ឯកភាព​គ្នា​នេះ គឺ​ក្រោយពី​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក គ្រោង​យក​ពន្ធ​ ១០% លើ iPhone ដែល​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​ចិន។

សូម​រំឭក​ថា ក្រៅពី Foxconn មាន​ក្រុមហ៊ុន​ដំឡើង​ផលិតផល​របស់ Apple ដទៃ​ទៀត ដែល​គ្រោង​ផ្លាស់​ទីតាំង​រោងចក្រ​ ចេញពី​ប្រទេស​ចិន ទៅ​កាន់​ប្រទេស​វៀតណាម។ ក្រុម​ហ៊ុន​ចិន GoerJek ដែល​មាន​រោងចក្រ​កំពុង​ដំឡើង​កាស AirPods បាន​បង្ហើប​ពី​គម្រោង​ផ្លាស់​ទីតាំង ​ពី​ប្រទេស​ចិន​ទៅ​កាន់​ប្រទេស​វៀតណាម ដោយសារ​ហានិភ័យ​បង្ក​ដោយ​​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក-ចិន។ ដូចគ្នា​នេះ​ដែរ ក្រុមហ៊ុន​តៃវ៉ាន់ Cheng Uei ដែល​ធ្វើការ​ផលិត​ខ្សែ និង​ឆ្នាំង​ឆាក iPhone ព្រមទាំង​ក្រុមហ៊ុន Petragon ដែល​ជា​ក្រុមហ៊ុន​ដំឡើង iPhone ធំ​ទី​២បន្ទាប់​ពី​ក្រុមហ៊ុន Foxconn ក៏​បាន​លាតត្រដាង​ពី​គម្រោង​ផ្លាស់​មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ ក្នុង​នោះ​មាន វៀតណាម ថៃ ហ្វីលីពីន ជាដើម៕

អត្ថបទទាក់ទង


អត្ថបទ៖ លាភ.