រាជរដ្ឋាភិបាល គ្រោង​សង់​ផ្លូវ​រថភ្លើង​លើ​អាកាស​ពី ​ភ្នំពេញ ទៅ ស្តាត​មរតកតេជោ

  • 2018-12-28 03:24:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់​ថា ក្រសួង​បាន​ស្នើ​ឱ្យ​អង្គការ​ JICA សិក្សា​ពីការ​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​ (AGT) ពី​រាជធានី​ភ្នំពេញ ទៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ​ដែល​ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​​ក្រុមហ៊ុន​​លីយ៉ុងផាត់ ខណៈដែល​កម្ពុជា នឹង​ធ្វើ​ជាម្ចាស់ផ្ទះ​កីឡាស៊ីហ្គេម​ឆ្នាំ​២០២៣។ លោក​ថ្លែង​ឱ្យដឹង​ដូច្នេះ ទៅកាន់​អ្នក​សារព័ត៌មាន​នៅមុខ​ពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ក្រោយ​លោក​បានចូលរួម​ជិះកង់​កម្សាន្ត​មហាជន ដើម្បី​អបអរ​សាទរ​ពិធី​សម្ពោធ​វិមានឈ្នះ ឈ្នះ។

លោក​បន្ថែម​ថា ក្រសួងក៏​បាន​ស្នើឱ្យ​​វិស័យ​ឯកជន សិក្សា​គម្រោង​ដឹកជញ្ជូន​អ្នក​ដំណើរ​តាម​រថភ្លើង ពី​ព្រលាន​យន្តហោះ ទៅ​ស្ថានីយ​ភ្នំពេញ និងទៅ​ដល់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ផងដែរ។

លោក ស៊ុន ចាន់ថុល ថ្លែងនាពេលកន្លងមក
បើតាម​ការលើកឡើង​របស់​លោក ស៊ុន ចាន់ថុល កាលពីខែ​មិថុនា​កន្លងទៅ គម្រោង​ស្ថាបនា​ខ្សែ​រថភ្លើង​លើ​អាកាសក្នុង​រាជធានី​ភ្នំពេញ​ក្រោម​កម្ចីរបស់​ជប៉ុនជាង ៨០០លានដុល្លារ គឺ​ត្រូវការ​ពេល​វេលា​យ៉ាង​ហោច​ណាស់​ ២ឆ្នាំ​បន្ថែម​ទៀត ដើម្បី​សិក្សា​លម្អិត។ លោក​ថា ការ​ចំណាយ​ពេលវេលា​សិក្សា​យូរបែបនេះ គឺ​ដើម្បី​ឱ្យ​ប្រាកដ​ថា នៅពេល​អនុវត្ត​គម្រោង​សាងសង់​នេះទៅ គឺ​មានផល​ប៉ះពាល់​តិចតួច​បំផុត​ដល់​ទ្រព្យ​សម្បត្តិប្រជាពលរដ្ឋ និង​សាធារណៈ។

បើតាម​គម្រោង​រថភ្លើង​អាកាស​ AGTក្នុង​រាជធានីភ្នំពេញ​ ដែល​អាជ្ញាធរ និង​អ្នក​ជំនាញ JICA បង្ហាញ​នាពេល​កន្លងមក ឱ្យដឹង​ថា គម្រោង​នេះ មាន​ប្រវែង ១៨​គីឡូម៉ែត្រ រត់តាម​បណ្តោយ​ផ្លូវ​មួយ​ចំនួន​ដូចជា៖ មហា​វិថី​ហ្សាល​ដឺហ្គោល មហា​វិថី​ព្រះ​មុនីរ៉េត ផ្លូវ​លេខ ២១៧ ផ្លូវ​វេងស្រេង ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ និង​១ខ្សែ​ទៀត​បែកខ្នែង​ទៅ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​កប់​ស្រូវ៕

អត្ថបទ​ទាក់ទង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;